លោក អាន វណ្ណដា ថាបើទោះជាលូតកម្ពស់លើសពី ២,០២ម៉ែត្រនេះ ក៏នៅតែពេញចិត្ត
កំពង់ចាម៖ កម្ពស់ ២,០២ម៉ែត្ររបស់យុវជនអាយុ២៤ឆ្នាំ អាន វណ្ណដា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និងចែករំលែកបង្ហាញគ្នា។ យុវជនអ្នកខេត្តកំពង់ចាម សប្បាយចិត្តចំពោះការចាប់អារម្មណ៍របស់មនុស្សម្នាជាច្រើនទៅលើកម្ពស់របស់គាត់ ហើយគាត់ក៏អះអាងដែរថា ទោះជាកម្ពស់របស់លោកនៅបន្តលូតលាស់តាមជីវសាស្ត្ររបស់មនុស្សប្រុស ក៏វានឹងមិនធ្វើឲ្យលោកបារម្ភអ្វីឡើយ ព្រោះលោកត្រូវទទួលយក និងពេញចិត្តអ្វីដែលលោកមាន។
ពលរដ្ឋអ្នកខេត្តកំពង់ចាម នៅតែបន្តងើយកនិយាយសុំថតរូបអនុស្សាវរីយ៍ជាមួយលោក អាន វណ្ណដា។ នៅខេត្តដទៃដែលយុវជនវណ្ណដាបានទៅដល់ ក៏នៅតែមានមនុស្សម្នាសម្លឹងមើល និងដើរចូលមកសុំថតរូបជាមួយ។ ពួកគេមិនស្គាល់ យុវជនអាន វណ្ណដា ឡើយ ប៉ុន្តែពួកគេចង់ថតរូបជាមួយបុរសជនជាតិខ្មែរដែលមានកម្ពស់ខ្ពស់លើសពី២ម៉ែត្រដ៏កម្រ។
របបអាហារ? ឬជាហ្សែន? បើតាមការបញ្ជាក់របស់លោក អាន វណ្ណដា ប្រាប់សារព័ត៌មាន thmeythmey25 មូលហេតុទាំងពីរនេះ គឺជាប្រភពនៃការលូតលាស់ផ្នែករាងកាយរបស់លោក។ លោក វណ្ណដា ប្រាប់ឱ្យដឹងថា ក្នុងចំណោមប្អូនប្រុសស្រី៣នាក់របស់លោក សុទ្ធតែមានកម្ពស់លើសពី១,៨០ម៉ែត្រ។
«ប្អូនស្រីខ្ញុំមានកម្ពស់១,៨០ម៉ែត្រ។ បងប្រុសខ្ញុំមានកម្ពស់ជាង១,៨០ម៉ែត្រ។ មានបងប្អូនជីដូនមួយរបស់ខ្ញុំម្នាក់កម្ពស់១,៩០ម៉ែត្រ។ ខ្ញុំជាកូនទីពីរ មានកម្ពស់រហូតជាង២ម៉ែត្រ ខ្ញុំគិតថា មកពីខ្ញុំបានញាំទឹកដោះគោច្រើន។ ខ្ញុំមានរបបអាហារគ្រប់គ្រាន់នៅពេលដែលខ្ញុំមករស់នៅជាមួយអាណាព្យាបាលថ្មីរបស់ខ្ញុំ»។ វណ្ណាដា កំពុងរៀបរាប់អំពីសាវតាខ្លះទាក់ទងនឹងកាយសម្បទារបស់សមាជិកគ្រួសារ។ វណ្ណដា និយាយថាឪពុកម្តាយរបស់លោកមិនមានមាឌធំខ្ពស់ដូច្នេះឡើយ ប៉ុន្តែលោកដឹងថា ជីតាខាងឪពុករបស់លោកជាអ្នកមានកម្ពស់ខ្ពស់។
សព្វថ្ងៃវណ្ណដា គឺជាបុគ្គលិកផ្នែកបញ្ជាទិញនៅក្នុងរោងចក្រកាត់ដេរមួយនៅក្នុងស្រុកកំពង់សៀមនៃខេត្តកំពង់ចាម បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចនៅក្នុងខេត្តកំណើតរបស់លោកនេះ។
វណ្ណដាមានគម្រោងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សាប្រសិនបើមានឱកាស។ វណ្ណដាពុំមានពេលវេលា ខ្វាយខ្វល់និងតូចចិត្តអំពីកម្ពស់ខ្ពស់ខុសមនុស្សម្នាទូទៅ ដូចកាលពីពេលដែលលោកទើបតែចម្រើនវ័យនោះឡើយ។ វណ្ណដា អ្នកកំណើតភូមិតាមៀងនៃស្រុកកំពង់សៀមបានរំឭកយ៉ាងដូច្នេះ៖«ពីដំបូងខ្ញុំតូចចិត្តនឹងកម្ពស់ខ្ពស់ជាងគេនេះមែន។ ប៉ុន្តែក្រោយមក អាណាព្យាបាល លោកគ្រូ អ្នកគ្រូបានណែនាំពន្យល់ឱ្យខ្ញុំពេញចិត្តជាមួយអ្វីដែលខ្ញុំមាន។ ខ្ញុំក៏បានផ្លាស់ប្តូរការគិតតាំងពីពេលនោះមក។ ខ្ញុំពេញចិត្តនឹងកម្ពស់របស់ខ្ញុំវិញ ពីព្រោះគេស្គាល់ខ្ញុំច្រើនហើយមានគេសុំខ្ញុំថតជាមួយខ្ញុំច្រើន»។
មិនត្រឹមតែមិនខ្វល់ពីកម្ពស់ដ៏ខ្ពស់សម្រាប់បច្ចុប្បន្ននេះទេ។ បើទោះជារាងកាយរបស់វណ្ណដាត្រូវលូតឡើងលើបន្តទៀត ក៏យុវជនរូបនេះនឹងទទួលយកដោយពេញចិត្ត ហើយលោកក៏មិនបន្ថយរបបអាហារដែរ។ វណ្ណដា ពន្យល់ប្រាប់ថា៖«បើខ្ញុំបន្ថយរបបអាហារ វានឹងធ្វើឱ្យសុខភាពខ្ញុំចុះខ្សោយវិញ។ ខ្ញុំប្រហែលជាអាចមានបញ្ហាផ្នែកបញ្ញា ឬ IQ ធ្លាក់ចុះ ព្រោះតែរបបអាហារមិនគ្រប់គ្រាន់តាមតែខ្លួនយើងត្រូវការ។ ខ្ញុំមិនខ្វល់ទេ បើវាខ្ពស់ជាងនេះទៀត ក៏ខ្ញុំទទួលយកដែរ។ វាមិនមានបញ្ហាឡើយ។ ដូចជារឿងសម្លៀកបំពាក់ ខ្ញុំក៏អាចរកទិញនៅផ្សារ និងវាស់កាត់តម្រូវតាមរូបរាងរបស់ខ្ញុំបាន»។
ចុះអំពីរឿងស្នេហា? «ខ្ញុំយល់ថា បើគេស្រឡាញ់ខ្ញុំមែន គេនឹងអាចទទួលយកកម្ពស់របស់ខ្ញុំ្ដែរ»។ នេះជាគំនិតរបស់លោក អាន វណ្ណដា។ ប៉ុន្តែបច្ចុប្បន្ននេះ វណ្ណដា មិនទាន់គិតគូរអំពីបញ្ហានេះនៅឡើយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com