សហគមន៍បុរីអូស្វាយ យកឫស្សីផលិតសម្ភារប្រើប្រាស់ ដើម្បីរកចំណូលបន្ថែម ហើយកាត់បន្ថយការកាប់ឈើខុសច្បាប់
ភ្នំពេញ៖ ក្រៅពីសេវាកម្មបម្រើភ្ញៀវទេសចរ សហគមន៍ចំនួនពីរ បានយកឫស្សី និងឈើដើមទ្រាំង ផលិតជាសម្ភារប្រើប្រាស់ ដើម្បីរកចំណូលបន្ថែម ហើយកាត់បន្ថយការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់។
សហមគន៍បុរីអូស្វាយ និងសហគមន៍ទេសចរណ៍កោះហាន នៃខេត្តស្ទឹងត្រែង ទទួលបានគាំទ្រពីអង្គការនុផលព្រៃឈើអន្តរជាតិ ដែលមានគោលដៅក្នុងការអភិរក្ស និងថែរក្សាព្រៃឈើនៅតំបន់ដីសើម រួមទាំងប្រភេទសត្វកម្រក្នុងទឹក និងលើគោកជាដើម។ ដើម្បីជួយដោះស្រាយជីវភាពប្រជាសហគមន៍ ក្រៅពីសេវាកម្មបម្រើភ្ញៀវទេសចរនេះ អង្គការក៏បានជួយបង្កើតមុខរបរបន្ថែមដល់ពួកគេ តាមរយៈការយកឫស្សីច្នៃជាសម្ភារប្រើប្រាស់ សម្រាប់ដាក់លក់ដល់ភ្ញៀវទេសចរ។
លោក ជា ថុង ដែលជាស្ថាបនិក Vana Adventure Travel បាននិយាយថា សហគមន៍បានផលិតកែវ ពែង និងប៉ាន់តែ ដោយធ្វើពីឫស្សី រីឯចង្កឹះគឺធ្វើពីឈើដើមទ្រាំង ដូច្នេះវត្ថុធាតុដើមនៃការផលិតគឺមានហើយ តែនៅខ្វះជាងដែលមានបច្ចេកទេសប៉ុណ្ណោះ។ ដោយសារបញ្ហាទើបអង្គការ បានហៅជាងមកពីខេត្តសៀមរាប ប្រទេសថៃ និងឡាវ ទៅបង្រៀនប្រជាសហគមន៍អំពីការធ្វើសម្ភារៈទាំងនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗស្ថាបនិក Vana Adventure Travelរូបនេះ បាននិយាយដូច្នេះថា៖« គម្រោងដែលបានបង្កើតឡើងរួចមកហើយមានតែសេវាកម្ម ជិះទូក ផ្ទះស្នាក់ និងម្ហូបអាហារសម្រាប់ភ្ញៀវជាតិ-អន្តរជាតិប៉ុណ្ណោះ។ កាលណាពឹងផ្អែកតែទៅលើសេវាកម្មហ្នឹងមិនគ្រប់គ្រាន់ទេ មានតែបង្កើតគម្រោងថ្មី ដោយយកបំពង់ឫស្សី និងដើមត្រាំងបង្កើតជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃបាន ហើយអាចរកប្រាក់ចំណូលលើសមុនផងដែរ ពីព្រោះថារដូវខ្លះមានភ្ញៀវ ជួនគ្មានផងក៏មានដែរ»។
សហគមន៍ទាំងពីរ បានងាកមកបង្កើតរបរបន្ថែមតាមរយៈការធ្វើកែវ ពែង ប៉ាន់តែ និងចង្កឹះនេះ តាំងពីឆ្នាំ២០១៨មក។ សម្រាប់សម្ភារទាំងនេះ ប្រជាសហគមន៍ធ្វើលក់ក្នុងតម្លៃចាប់ពី៣០០០រៀល ទៅ៨០០០រៀល តាមប្រភេទសម្ភារនីមួយៗ។ ដោយសារចំណូល ដែលបានមកក្រៅពីសេវាកម្មបម្រើភ្ញៀវទេសចរនេះហើយ ទើបធ្វើឲ្យប្រជាសហគមន៍ទាំងពីរ ងាកចេញពីការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់។ នេះបើតាមលោក ជា ថុង។
ស្ថាបនិក Vana Adventure Travel រូបនេះ បាននិយាយដូច្នេះ៖«ការផលិតដំបូងឆ្នាំដំបូងឡើយ មិនទាន់មានទីផ្សារនៅឡើយទេ ប៉ុន្តែនៅឆ្នាំ២០១៩នេះ លោក បានកម្ម៉ង់ផលិតម្ដងពី១រយ ទៅ២រយកែវ សម្រាប់ចង្កឹះពី២០ ទៅ៣០ដុំ។ ចង្កឹះផលិតឡើងពីដើមត្រាំងវា មានភាពលំបាកនិងយូរជាង ការយកបំពង់ឫស្សីធ្វើកែវ»។
សហគមន៍បុរីអូស្វាយ បង្កើតច្រើនឆ្នាំហើយ ប៉ុន្តែភ្ញៀវទេសចរ-អន្តរជាតិមិនសូវស្គាល់ទេ។ រីឯសហគមន៍ទេសចរណ៍កោះហាន ទើបតែបង្កើតឡើង ប្រមាណ៣ឆ្នាំនេះ ។ ដោយសារបញ្ហានេះ ទើបលោក កម្ម៉ង់សម្ភារដែលផលិតពីបំពង់ឫស្សី និងដើមត្រាំងនៅទីនោះ ដាក់លក់នៅទីផ្សារ ដើម្បីជំរុញឱ្យភ្ញៀវជាតិ-អន្តរជាតិ បានស្គាល់និងទៅកម្សាន្តទីនោះ ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com