សម្ដេច ហ៊ុន សែន៖ ខ្មែរមិនឲ្យចិនត្រួតត្រាខ្មែរឡើយ

ភ្នំពេញ៖ ពីពិធីសម្ពោធបើកការដ្ឋានសាងសងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ខ្មែរមិនចង់ឲ្យចិនត្រួតត្រាខ្មែរទេ ហើយចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ។

ថ្លែងចំពោះមុខអគ្គរាជទូតចិនប្រចាំកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសជំហរជាថ្មីថា កម្ពុជាគោរព និងអនុវត្តតាមគោលនយោបាយចិនតែមួយ ប៉ុន្តែមិនមានន័យថា ចិនអាចត្រួតត្រាកម្ពុជានោះឡើយ។ «ខ្មែរមិនចង់ឲ្យចិនត្រួតត្រាខ្មែរទេ ហើយចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ។ ចិនគ្រាន់តែចង់រាប់អានមិត្តប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ។
អមជាមួយការប្រកាសបែបនេះ ប្រមុខរដ្ឋាភិបាល បានរំឭកជាថ្មីថា សម្ដេចមិនអនុញ្ញាតឲ្យសណ្ឋាគារ ភោជនីយដ្ឋាន និងទីតាំងណា ដាក់ទង់ជាតិតៃវ៉ាន់នៅក្នុងប្រទេសកម្ពុជាឡើយ។នោះក៏ព្រោះតែកម្ពុជា និងចិន មានគោរពគ្នាទៅវិញទៅមក។ បើតាមសម្ដេច ហ៊ុន សែន ការគោរពអធិបតេយ្យចិន ស្មើនឹងការគោរពអធិបតេយ្យភាពកម្ពុជា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

