ថ្នាក់ដឹកនាំ​ខេត្តរតនគិរី រៀបចំ​ព្រឹត្តិការណ៍​អបអរ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ខេត្ត​

30/11/-0001 12:00 am រតនគីរី

​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ខេត្តរតនគិរី អភិបាលខេត្ត​បានរៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា ការ​រំលឹក​អនុស្សាវរីយ៍​នៃ​ប្រវត្តិ​កសាង​ខេត្ត​នេះ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ថ្នាក់ដឹកនាំ​ជាន់ថ្នាក់ ដែល​បាន​តស៊ូ ខិតខំ​ទាំង​កម្លាំងកាយ ចិត្ត សម្រាប់​បង្កើត​ខេត្ត​នេះ​ឲ្យ​មាន​ភាព​រីកចម្រើន​សម្បូ​រ​បែប​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​។


​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក មួង ប៉ាង  អភិបាលរង​ខេត្តរតនគិរី បានបញ្ជាក់​ដូច្នេះ​ថា វេលា​ម៉ោង​៧​ព្រឹក​តទៅ ថ្ងៃទី​១៧ ខែកុម្ភៈ នឹងមាន​ពិធី​ក្រុង​ពាលី សូត្រមន្ត និង​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន​៦១​អង្គ នៅ​ទីតាំង​រង្វង់​មូល​ក្រុង​បាន​លុង​។ លុះ​រាត្រី​ថ្ងៃ​ដដែល ក៏មាន​ការប្រគុំ​តន្ត្រីសម័យ ការសម្តែង​សិល្បៈ​របាំ​គង និង​ការបាញ់​កាំជ្រួច​អបអរសាទរ​នៃ​ពិធីបុណ្យ ដែល​ស្ថិតនៅក្នុង​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​។ 
 
​អភិបាលរង​ខេត្ត​ក៏បាន​អំពាវនាវ​ដល់​មហាជន​ទូទៅ​ដែល​រស់នៅ​ខេត្ត​នោះ ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​កម្មវិធី​នេះ​ឲ្យ​ច្រើន​កុះករ ដើម្បី​សាទរ​នៃ​ការបង្កើត​ទឹកដី​ខេត្តរតនគិរី​។ 
 
​សូមបញ្ជាក់ថា ខេត្តរតនគិរី ត្រូវបាន​គេ​បង្កើតឡើង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៥៩​។ រហូតមកដល់​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​អាយុកាល​៦០​ឆ្នាំ​ហើយ​។ ខេត្តរតនគិរី ជា​ខេត្ត​មួយ​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ខេត្ត​នានា​របស់​កម្ពុជា ដែល​សម្បូរ​ទៅដល់​ជនជាតិភាគតិច​រស់នៅ​ច្រើន ហើយ​ជា​ខេត្ត​ដែល​អំ​ណាយ​ផល​ផ្នែក​កសិកម្ម និង​ជា​ខេត្ត​ដែលមាន​រមណីយដ្ឋាន​សំខាន់ៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ផងដែរ​៕ 

ព័ត៌មានទាក់ទង