លក់ចេកហាលជាង២០ឆ្នាំ លោកយាយវ័យ៧៨ឆ្នាំ ជួន ថន មិនចង់បោះបង់របរនេះ!

30/11/-0001 12:00 am បាត់ដំបង

បាត់ដំបង៖ ជាង២០ឆ្នាំហើយ ដែលលោកយាយ ជួន ថន ប្រកបមុខរបរធ្វើចេកហាលលក់។ មានវ័យ ៧៨ឆ្នាំ លោកយាយ ជួន ថន ធ្វើចេកហាលលក់ឲ្យអតិថិជនដែលជាភ្ញៀវទេសចរខ្មែរ និងបរទេស។ ក្នុង១ខែ អាជីវករវ័យ ៧៨ឆ្នាំរូបនេះ អាចរកចំណូលបានប្រមាណ ៥០០ដុល្លារ។ បើតាមលោកយាយ ជួន ថន  ដោយសារតែរបរនេះងាយស្រួល និងរកចំណូលបានច្រើន ទើបលោកយាយមិនមានបំណងបោះបង់របរនេះឡើយ។ ម៉្យាងវិញទៀត របរនេះជួយឲ្យជីវភាពគ្រួសារលោកយាយឲ្យធូរធារផងដែរ។

 ទោះបីមានវ័យ ៧៨ឆ្នាំហើយក្ដី ក៏ជីដូន ជួន ថន នៅតែប្រកបរបរលក់ចេកហាល។ ស្ថិតនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកយាយ ជួន ថន ធ្វើចេកហាលលក់ក្នុង១ថ្ងៃ បាន៤០០ ទៅ៥០០បន្ទះ សម្រាប់លក់ឲ្យភ្ញៀវទេសចរដែលជិះកាត់ទីនោះ។ 
 
ក្នុងភូមិដូនទាវនេះ មិនសូវមានអ្នកប្រកបរបរធ្វើចេកហាលនេះឡើយ ព្រោះពលរដ្ឋភាគច្រើន ប្រកបរបរធ្វើសម្បកណែមដែលជារបរប្រចាំភូមិ។ លោកយាយ ជួន ថន ដែលប្រកបរបរលក់ចេកហាលជាង២០ឆ្នាំនេះ នៅតែចង់ប្រកបរបរនេះដដែល ព្រោះរបរនេះ មានភាពងាយស្រួល ជាពិសេសអាចរកចំណូលបានច្រើន។  



ជារៀងរាល់ថ្ងៃ លោកយាយ ជួន ថន បានចាប់ផ្ដើមធ្វើចេកហាលពីម៉ោង ៩ព្រឹក ដល់ម៉ោង៣រសៀល ដោយធ្វើចេកហាលអស់ប្រមាណ ២០០ផ្លែ។ លោកយាយ ជួន ថន ប្រាប់ ThmeyThmey 25 ថា៖ «ក្នុង១ថ្ងៃ ខ្ញុំលក់ចេកហាល បានចន្លោះពី៨ម៉ឺនទៅ៩ម៉ឺនរៀល ហើយ១ខែ អាចរកបាន ៥០០ដុល្លារ។ ចេកហាល ខ្ញុំលក់ ១០បន្ទះ ៥ពាន់រៀលសម្រាប់ភ្ញៀវខ្មែរ តែបើបរទេសវិញ ១០បន្ទះ លក់បាន ៤ដុល្លារ»។ 
 


បើតាមលោកយាយ ជួន ថន របរធ្វើចេកហាលនេះ មិនមានផលលំបាកឡើយ។ ការធ្វើចេកហាលនេះ លោកយាយ ត្រូវយកចិត្តទុកដាក់តែពេលចិត និងហាល ជាពិសេសកម្ដៅថ្ងៃ។ ចេកហាលរបស់លោកយាយ ជួន ថន មានការពេញនិយមទាំងអតិថិជនខ្មែរ និងបរទេស៕
 

ព័ត៌មានទាក់ទង