ក្រោយ​ចុះ​ល្បាត​នៅ​ព្រៃ​ឡង់ មន្ត្រី​បរិស្ថាន​ថា នឹង​រក​យុទ្ធសាស្ត្រ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​

30/11/-0001 12:00 am កំពង់ធំ

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​នេះ  មន្ត្រី​ក្រសួងបរិស្ថាន​, អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍​មកពី​ខេត្តកំពង់ធំ​,​ក្រចេះ​,​ស្ទឹងត្រែង និង​ខេត្តព្រះវិហារ បានធ្វើ​ដំណើរ​រួមគ្នា ចុះ​ពិនិត្យ​ទីតាំង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង​ឲ្យ​កាន់តែ​ប្រសើរ​។ បន្ទាប់ពី​ចុះ​ល្បាត​ក្នុង​តំបន់​ព្រៃ​ឡង់ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា នឹង​គិតគូរ​ជា​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ ដើម្បី​រៀបចំ​យន្តការ​ទ្រទ្រង់​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រៃ​ឡង់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។
  

 
​ក្នុង​ដំណើរ​ចុះ​ល្បាត​នៅ​តំបន់​ព្រៃ​ឡង់​នេះ ដឹកនាំ​ដោយ​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។ លោក សៅ សុភាព បាន​លើកឡើងថា ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​សហគមន៍​ការពារ​ព្រៃ​ឡង់ បាន​ឯកភាពគ្នា​ល្បាត​រួមគ្នា​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ ដើម្បី​បានឃើញ​នូវ​ទិដ្ឋភាព​ជាក់ស្តែង​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីដែល​បាន​មើលឃើញ និង​កត់សម្គាល់​ពី​ការចុះ​ល្បាត​នេះ នឹង​គិតគូរ​ជា​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ ដើម្បី​រៀបចំ​យន្តការ​ទ្រទ្រង់​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រៃ​ឡង់​»​។ 


រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
 
​បើតាម​លោក សៅ សុភាព ក្រុម​ល្បាត​បាន​ពិនិត្យឃើញថា ធនធាន​ព្រៃឈើ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ល្អ ជាពិសេស​ត្រង់ចំណុច​ត្រីកោណ​ខេត្តកំពង់ធំ ,​ក្រចេះ ,​ស្ទឹងត្រែង​។ ជាមួយគ្នានេះ ក្នុង​ផែនការ​គ្រប់គ្រង កម្លាំង​ឧទ្យាន​នុ​រក្ស​នៃ​ខេត្ត​ទាំងបី នឹងធ្វើ​ការរួម​គ្នា​បង្កើត​ជា​ស្នាក់​ការរួម ដើម្បី​ទប់ស្កាត់​បទល្មើស​នានា នៅ​តំបន់​ប្រសព្វ​គ្នា​នៃ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។​


រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
 
​សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ បង្កើតឡើង​ដោយ អនុក្រឹត្យ​លេខ ០៧៤ អនក្រ .​បក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​សរុប ៤៣១,៦៨៣ ហិច​តា ស្ថិត​នៅជាប់​ភូមិសាស្ត្រ​ខេត្តក្រចេះ​,​កំពង់ធំ​,​ព្រះវិហារ និង​ខេត្តស្ទឹងត្រែង​។  ដែន​អភិរក្ស​នេះ មាន​សក្តានុពល​ធនធាន​ធម្មជាតិ  និង​ជីវៈចម្រុះ ដែលជា​ជម្រាល​ផ្ទៃ​រងទឹក​សម្រាប់​ស្ទឹងសែន និង​ហូរ​ចាក់​ទៅ​ទន្លេសាប​។ នេះ​បើតាម​ក្រសួងបរិស្ថាន​ដដែល​៕


រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង