កម្ពុជាត្រៀម៤របាំ និងគុនល្បុកតោ សម្រាប់សម្តែងនាព្រឹត្តិការណ៍ដង្ហែក្បួនឈីងហ្គេ នៅសិង្ហបុរី
ជាធម្មតារាល់ការដំឡើងស្នាដៃសិល្បៈ ឬរបាំថ្មី នៅមុនពេលយកទៅសម្ដែងជាសាធារណៈ គេត្រូវសម្ដែងឆ្លងរដ្ឋមន្ត្រីក្រសួងវប្បធម៌សិន ដើម្បីទទួលយកមតិយោបល់កែលម្អ ប្រសិនបើមានចំណុចខ្វះខាត។ ជាការកត់សម្គាល់ ការសម្ដែងសិល្បៈ៥ទម្រង់ ដែលត្រៀមយកទៅចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ នៅសាធារណរដ្ឋសិង្ហបុរី ទទួលបានការសរសើរច្រើនពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា។
រូបពីស.ស.យ.ក
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានកោតសរសើរចំពោះស្នាដៃសិល្បៈបង្កើតថ្មី ដែលត្រៀមទៅសម្ដែងនៅក្នុងក្បួនអន្តរជាតិ ថាមានលក្ខណៈល្អទាំងខ្លឹមសារ និងរូបភាព។ អ្នកស្រីសង្កត់ធ្ងន់ថា របាំដែលត្រូវទៅសម្ដែងនៅសិង្ហបុរី ឆ្នាំ២០១៩នេះ កាន់តែមានលក្ខណៈល្អជាងឆ្នាំមុន។ អ្នកស្រី ភឿង សកុណា បន្ថែមយ៉ាងដូច្នេះ ៖«ការសម្ដែងឆ្នាំនេះមានលក្ខណៈល្អច្រើន ទាំងខ្លឹមសារ អត្ថន័យ និងរូបភាព ដែលតម្រូវតាមនាទីដែលបានកំណត់។ បើប្រៀបឆ្នាំមុនៗ ឃើញថាកាន់តែល្អប្រសើរឡើងៗ»។
រូបពីស.ស.យ.ក
រូបពីស.ស.យ.ក
លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានលើកឡើងថា ការនាំយកសិល្បៈវប្បធម៌ខ្មែរ ទៅសម្ដែងទៅសម្តែងក្នុងក្របខណ្ឌតំណាងជាតិ នាព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ នេះគឺជាមុខមាត់សម្រាប់ប្រទេសផង និងជាផ្នែកមួយ ជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផង។ លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះថា៖«ការសម្ដែងនេះជាឱកាសមួយសម្រាប់កម្ពុជា បង្ហាញពីវប្បធម៌ និងសិល្បៈខ្មែរ ឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់មួយកម្រិតទៀត។ យើងធ្លាប់រៀបចំអង្គរសង្ក្រាន្ត កម្មវិធីវប្បធម៌ជាច្រើនទៀត ដែលជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ហើយការសម្ដែងខ្នាតអន្តរជាតិនៅសិង្ហបុរី ក៏កាន់តែជំរុញឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែទូលាយ»។
រូបពីស.ស.យ.ក
រូបពីស.ស.យ.ក
លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសរបាំ ដែលត្រៀមយកទៅសម្តែងនៅសិង្ហបុរី។ លោក បានឲ្យដឹងថា កម្ពុជាបាននាំយកសិល្បៈខ្មែរ ទៅសម្ដែងក្នុងព្រឹត្តិការណ៍ដង្ហែក្បួន ឈីងហ្គេនេះ ៣លើករួចមកហើយ ដោយលើកទី១ និងលើកទី គឺនៅឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦ និងលើកទី៣ គឺនៅឆ្នាំ២០១៧ ។ នៅឆ្នាំ២០១៩នេះ គឺជាការសម្តែងលើកទី៤របស់កម្ពុជា។
តាមលោក ព្រឿង ឈាង សិល្បៈខ្មែរដែលត្រូវយកទៅសម្ដែងក្នុងព្រឹត្តិការណ៍ដង្ហែក្បួន ឈីងហ្គេ នាពេលខាងមុខ មាន៤របាំ និងក្បាច់គុនល្បុកតោ។ របាំទាំង៤នោះរួមមាន របាំព្រះរាជទ្រព្យ របាំកូរសមុទ្រទឹកដោះ របាំក្រមា របាំផ្ការំដូល និងក្បាច់គុនល្បុកតោ ដែលមានបញ្ចូលស្នៀតក្រមាចូលផង។
រូបពីស.ស.យ.ក
រូបពីស.ស.យ.ក
សូមបញ្ជាក់ថា ការសម្ដែងសិល្បៈក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ខែកុម្ភៈនេះ កម្ពុជាត្រូវសម្ដែងរួមគ្នាជាមួយសិល្បៈប្រទេសចិន និងមានរយៈពេលតែ៣នាទីតែប៉ុណ្ណោះ។ ដោយសារតែរយៈពេលសម្ដែងសិល្បៈនៅក្នុងក្បួនខ្នាតអន្តរជាតិនោះខ្លីពេក នៅថ្ងៃទី១៧ខែកុម្ភៈ សិល្បៈពីបណ្ដាប្រទេសដែលចូលរួម បានអនុញ្ញាតឱ្យសម្ដែងជូនសាធារណជនទស្សនា នៅសួនច្បារមួយ ហើយកម្ពុជាយកទម្រង់ល្ខោនខោលខ្មែរទៅសម្ដែង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com