អង្គការភ្លែន និង CRDT ជួយបង្កើនផលិតកម្មស្បៀង និងអាជីពដល់ពលរដ្ឋនៅស្ទឹងត្រែង
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ងាកមកបង្កើនផលិតកម្មស្បៀង និងមានអាជីបផ្ទាល់ខ្លួនជាច្រើនតាមគ្រួសារ បន្ទាប់ពីមានការចុះសហការបង្រៀន របស់អង្គការភ្លែន រួមសហការជាមួយ CRDT (Cambodian Rural Development Team)។ គោលបំណង គឺដើម្បីជួយឲ្យប្រជាពលរដ្ឋអាចមានស្បៀង បន្លែ សាច់ បរិភោគគ្រប់គ្រាន់ ដែលជាការលើកម្ពស់អាហារូបត្ថម្ភនៅតាមសហគមន៍ និងបង្កើនជំនាញដល់ប្រជាពលរដ្ឋឲ្យមានជីវភាពប្រសើរឡើងនៅតាមសហគមន៍។ នេះបើតាមលោក សុខ លីន មន្រី្តអាហារូបត្ថម្ភនៃអង្គការភ្លែនអន្តរជាតិ ដែលបានមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗ។
លោក សុខ លីន បានបញ្ជាក់ថា គ្រួសារជាង១០០ ដែលកំពុងបង្កើនផលិតកម្មស្បៀង និងមាន៦០នាក់ បានរៀនពីអាជីព មានដូចជា ជាងកាត់ដេរ ជាងកាត់សក់ អ្នកផាត់មុខ និងជាងម៉ូតូ។ លោកបានបន្តថា ភូមិគោលដៅក្នុងខេត្តស្ទឹងត្រែង៣៥ភូមិកំពុងអនុវត្តគម្រោងនេះ។ ការបង្កើនផលិតកម្មស្បៀងនេះដែរ មាន២ទិសដៅ ដែលប្រជាពលរដ្ឋអាចច្នៃអាហារបានសម្រាប់បរិភោគ និងអាចច្នៃបានលក់ផងដែរ។
អ្នកស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អ្នកស្រី អេង វ័យ៣៣ឆ្នាំ ប្រាប់សារព័ត៌មានថ្មីៗថា ប្រជាពលរដ្ឋ ក្នុងស្រុកថាឡាបរិវ៉ាត់ ក៏ដូចជាអ្នកស្រីផ្ទាល់ បានចាប់ផ្ដើមដាំបន្លែនៅតាមគ្រួសារ បន្ទាប់ពីបានទទួលការបង្រៀនតាមសហគមន៍របស់អង្គការភ្លែន ដែលសហការជាមួយ CRDT។ ការដាំបន្លែនេះ បានជួយឲ្យអ្នកស្រីបង្កើនស្បៀងក្នុងគ្រួសារ និងអាចលក់បានថវិកាបន្ថែមទៀតផង។
រូបភាពពីហ្វេសប៊ុកCRDT
រូបភាពពីហ្វេសប៊ុកCRDT
អ្នកស្រី អេង បន្តទៀតថា បន្លែដែលដាំមាន ត្រកួន សណ្ដែក ត្រសក់ ស្ពៃ ល្ពៅ និងបន្លែផ្សេងៗ ដែលជាបន្លែសម្រាប់បរិភោគប្រចាំថ្ងៃ ដើម្បីជួយនូវការកាត់បន្ថយការចំណាយទិញម្ហូបប្រចាំថ្ងៃ។ អ្នកស្រីបន្ថែមថា ក្រៅពីបង្រៀនដាំបន្លែ ខាងអង្គការក៏បានបង្រៀនពីការធ្វើទឹកសណ្ដែក ធ្វើចេកឆាប និងមានរៀបចិញ្ចឹមសត្វទៀតផង។ អ្នកស្រី នៅតែចង់ឲ្យអង្គការភ្លែន និងអង្គការផ្សេងៗចុះជួយបង្រៀនដល់សហគមន៍បន្តទៀត។
ចំណែក អ្នកស្រី សុផុន មានវ័យ៤០ឆ្នាំ ដែលជាអ្នកស្រុកថាឡាបរិវ៉ាត់ដែលនោះ និងមានមុខរបរជាអ្នកធ្វើចេកឆាប បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី ធ្លាប់ទទួលបានការបង្រៀនពីអង្គការភ្លែនអំពីការធ្វើចេកឆាប ហើយមុខរបរនេះ បានជួយឲ្យអ្នកស្រីមានជីវភាពធូរធាជាងមុន។ ចេកឆាប គឺមិនពិបាករកទីផ្សារទេ មានអ្នកទទួលយកគាត់អស់ៗ។ ចេកឆាប ច្រកចូលថង់តូច សម្រាប់លក់រាយ៥០០រៀល បើសិនយកឲ្យគេច្រើនៗ ១០ថងតូច ៣៥០០រៀល ហើយក្នុងមួយថ្ងៃអាចរកបានពី ៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។ អ្នកស្រីបន្ថែថា អ្វីដែលពិបាក គឺអ្នកស្រី ពិបាកដើររកទិញចេកមកធ្វើចេកឆាប។
រូបភាពពីហ្វេសប៊ុកCRDT
រូបភាពពីហ្វេសប៊ុកCRDT
រីឯ អ្នកស្រី សាវេង ជាជាងកាត់ដេរ នៅស្រុកថាឡាបរិវ៉ាត់ដូចគ្នា បានទៅរៀនអាជីពកាត់ដេររយៈពេល៦ខែ ក្រោមការជួយរបស់អង្គការCRDT ដែលជាដៃគូសហការរបស់អង្គការភ្លែន។ បន្ទាប់ពីរៀនចប់អ្នកស្រីបានមកបើកកន្លែងកាត់ដេរនៅផ្ទះ អាចជួយឲ្យអ្នកស្រីមានជីវភាពប្រសើរជាងមុន។ អ្នកស្រីបន្តថា អ្នកស្រីពិតជាស្រឡាញ់អាជីពនេះ ហើយថែមទាំងធ្វើឲ្យអ្នកស្រីមានភាពងាយស្រួល និងសមស្របសម្រាប់អ្នកស្រី ព្រោះអ្នកស្រីមិនអាចធ្វើការងារធ្ងន់ៗបានទេ ដោយសារបញ្ហាសុខភាព។
អ្នកស្រី បន្ថែមថា អ្នកស្រី អាចមានជីវភាពប្រសើជាងមុន ដោយថ្ងៃខ្លះទទួលកាត់ដេរមិនទាន់ឲ្យភ្ញៀវទៀតផង។ អ្នកស្រីបញ្ជាក់ថា បើមិនមានការជួយពីអង្គការភ្លែន និង CRDT ទេ អ្នកស្រី ក៏មិនមានលទ្ធភាពរៀនដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com