របរ​ធ្វើ​សម្បក​ណែម​ធ្វើ​ឲ្យ​អ្នកស្រី រស់ ចាន់នី រកចំណូលបាន​ជាង ២​លាន​រៀល​ក្នុង​១​ខែ​

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖  រយៈពេល​ជាង ១០​ឆ្នាំ​ហើយ​ដែល​អ្នកស្រី រស់ ចាន់នី បាន​ប្រកបមុខរបរ​ធ្វើ​សម្បក​ណែម​លក់​។ ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ ធ្វើ​សម្បក​ណែម​លក់​ឲ្យ​អតិថិជន​នៅតាម​ផ្សារ និង​លក់​នៅផ្ទះ​ខ្លួនឯង​។ តាមរយៈ​របរ​ធ្វើ​សម្បក​ណែម​លក្ខណ​គ្រួសារ​នេះ អ្នកស្រី ចាន់នី អាច​រកចំណូលបាន​ជា​ង ២​លាន​រៀល​ក្នុង​១​ខែ​។

 
​ស្ថិតនៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជាទី​តាំង​ដែល​សម្បូរ​ទៅដោយ​ប្រជាពលរដ្ឋ​ប្រកប​របរ​ធ្វើ​សម្បក​ណែម​លក់​។ អ្នកស្រី រស់ ចាន់នី និង​ស្វាមី ធ្វើ​សម្បក​ណែម​លក់​ក្នុង​១​ថ្ងៃ​បាន​ជាង ១​ពាន់​សម្បក និង​ថ្ងៃ​ខ្លះ​បាន​ដល់​២​ពាន់​សម្បក​ក៏មាន​។ 


 
​អ្នកស្រី ចាន់នី ថ្លែងប្រាប់ ThmeyThmey25 ថា​៖ «​ក្នុង​១​ថ្ងៃ ខ្ញុំ​លក់​សម្បក​ណែម​បាន​ចន្លោះ​ពី​៦ ទៅ​១២​ម៉ឺន​រៀល អាស្រ័យ​តាម​ការធ្វើ​ច្រើន ឬ​តិច​។ ហើយ​ក្នុង​១​ខែ ខ្ញុំ​អាច​រកចំណូលបាន​ជាង ២​លាន​រៀល​។ សម្បក​ណែម​១​ដុំ ដែលមាន​១០០​បន្ទះ​នេះ តម្លៃ​៦​ពាន់​រៀល​»​។ 


 
​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​២​រសៀល ជា​ពេលវេលា​ដែល​អ្នកស្រី ចាន់នី និង​ស្វាមី មមាញឹក​ធ្វើ​សម្បក​ណែម​សម្រាប់​លក់​។ សម្បក​ណែម​នេះ អ្នកស្រី ចាន់នី ត្រូវ​ចំណាយពេល​ពី​១​ម៉ោង​ទៅ​៣​ម៉ោង ដើម្បី​ហាល​ឲ្យ​ស្ងួត​។ បើតាម​អ្នកស្រី ចាន់នី សម្រាប់​ពេលព្រឹក សម្បក​ណែម​ដែល​ហាល​លើ​បន្ទះ​ឫស្សី​នេះ  ត្រូវការ​ពេល​២​ម៉ោង​ទៅ​៣​ម៉ោង​ទើប​ហាល​ស្ងួត ប៉ុន្តែ​បើ​ពេល​រសៀល​វិញ ប្រើពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ​។​


 
​ការធ្វើ​សម្បក​ណែម​នេះ ទាមទារ​ការថែរក្សា និង​យកចិត្តទុកដាក់​ខ្លាំង ទាំង​ការ​ថែម​ទឹក​, ភ្លើង​, ម្សៅ ជាពិសេស​កម្ដៅ​។ អ្នកស្រី ចាន់នី ប្រាប់​ពី​វិធី​ធ្វើ​សម្បក​ណែម​យ៉ាង​ដូច្នេះ​៖ « ដំបូង ត្រាំអង្ករ​មួយ​យប់ រួច​យកទៅ​កិន និង​ដាក់​ឲ្យ​ស្រក​ទឹក បន្ទាប់មក​លាយ​ជាមួយ​ទឹក រួច​យកទៅ​ចម្អិន​។ សម្បក​ណែម​ដែល​កំពុង​ចម្អិន គឺ​ដួស​ទឹក​ម្សៅ​អង្ករ​ខាប់ៗ យកទៅ​វែក​ឲ្យ​ស្តើង​នៅលើ​ផ្ទាំង​ក្រណាត់​។ ក្រោយពី​ចំហុយ​ឆ្អិន​ហើយ គឺ​យក​សម្បក​ណែម​ទៅ​ហាល​លើ​បន្ទះ​ឫស្សី​ជាការ​ស្រេច​»​។ របរ​ធ្វើ​សម្បក​ណែម​នេះ បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី រស់ ចាន់នី ធូរធារ​ជាង​មុន​ផងដែរ​៕












ព័ត៌មានទាក់ទង