«​ទឹកធ្លាក់​អូរ​ជាំ​»​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ក្នុងស្រុក​សំឡូត​

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ មាន​ចម្ងាយ​៨០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង «​ទឹកធ្លាក់​អូរ​ជាំ​» ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​។ ស្ថិតនៅ​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង «​ទឹកធ្លាក់​អូរ​ជាំ​» ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ រកឃើញ​ក្នុង​ឆ្នាំ​២០០៣​។ ទឹកធ្លាក់​នេះ មាន​កម្ពស់ ៣០​ម៉ែត្រ ដែល​សម្បូរ​ទៅដោយ​ផ្ទាំង​ថ្ម​ធំៗ និង​មាន​ត្រពាំង​មួយ​ជា​ប្រភពទឹក​ហូរ​មកកាន់​ទឹកធ្លាក់​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។ 

 
​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥៧ ឆ្ពោះទៅកាន់​ស្រុក​សំឡូត រួច​បន្តដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​ជាំ​នេះ​តែម្ដង​។ «​ទឹកធ្លាក់​អូរ​ជាំ​» មាន​ទេសភាព​ស្រស់បំព្រង ដែល​ហ៊ុមព័ទ្ធ​ដោយ​ផ្ទាំង​ថ្ម​ធំ និង​រុក្ខជាតិ​ខៀវខ្ចី​។ រមណីយដ្ឋាន​បែប​ធម្មជាតិ​នេះ ទាក់ទាញ​ភ្ញៀវទេសច​ទាំង​ជិត​ទាំង​ឆ្ងាយ​ឲ្យ​មកលេង​កម្សាន្ត ជាមួយនឹង​ទឹកធ្លាក់ ដែល​លាក់ខ្លួន​ក្នុង​តំបន់​សំឡូត ខេត្តបាត់ដំបង​។​
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បញ្ជាក់ថា​៖ «​ទឹកធ្លាក់​អូរ​ជាំ​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ​២០០៣ ដោយ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​។ ដល់​ឆ្នាំ​២០០៤ មាន​ប្រជាជន​ចូល​ទៅលេង​ទីនោះ តែ​ឃើញ​រឿង​ចម្លែក​មួយ គឺ​ទឹកធ្លាក់​ដែល​មើលឃើញ​នោះ ថត​មិន​ជាប់ បើតាម​ជំនឿ​របស់​ប្រជាជន​នៅ​ទីនោះ ទឹកធ្លាក់​នោះ​មាន​អ្នកតា​កាន់​»​។​
 
​តាមផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​ជាំ ពោរពេញ​ទៅដោយ​ជ្រលង​ដងអូរ ព្រៃព្រឹក្សា និង​ទឹកធ្លាក់​ជា​បណ្ដាក់ៗ​ចាប់ពី​ជើងភ្នំ​ដល់​កំពូលភ្នំ​។ នៅ​ចុងឆ្នាំ​២០១៣ ទឹកធ្លាក់​ដែលមាន​កម្ពស់ ៣០​ម៉ែត្រ​នេះ ត្រូវបាន​មន្ត្រី​បរិស្ថាន និង​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ជាំ បានរៀបចំ​ផ្លូវ​ចូលទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​នេះ​។ លក្ខណៈពិសេស​នៃ​ធម្មជាតិ​នា​ទឹកធ្លាក់​អូរ​ជាំ​នេះ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ តែងតែ​ចង់​មក​កម្សាន្ត​ម្ដង​ហើយ​ម្ដងទៀត​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ដដែល​៕ 
 

ព័ត៌មានទាក់ទង