ភ្នំពេញ៖ ១០ឆ្នាំចុងក្រោយនៃជីវិតជាកសិករ ជីដូន ទីវ ឆាត បានកែប្រែកេរ្តិ៍ឈ្មោះពីអ្នកដាំបន្លែដោយប្រើប្រាស់សារធាតុគីមី មកជាអ្នកដាំបន្លែសរីរាង្គវិញ រហូតក្លាយជាកសិករគំរូប្រចាំភូមិថ្មរាប ដែលអ្នកភូមិឃ្មុំ, អតិថិជន និងអង្គការសេដាកទទួលស្គាល់។ គ្រាន់តែកេរ្តិ៍ឈ្មោះដាំបន្លែសរីរាង្គរបស់លោកយាយ ទីវ ឆាត បានធ្វើឲ្យកូនចៅទទួលផលដោយងាយស្រួល និងមិនពិបាករកទីផ្សារ។ លោកយាយវ័យ៧៣ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រូបនេះ បានពន្យល់ពីការងាកមកដាំបន្លែតាមគោលការណ៍សរីរាង្គសេដាកដូច្នេះថា៖«បានជាខ្ញុំដាំបន្លែសរីរាង្គ ព្រោះដាំបន្លែគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាព ហើយខ្ញុំក៏បានប្រែមកដាំបន្លែសរីរាង្គវិញ ដើម្បីកុំឲ្យប៉ះពាល់សុខភាព និងធ្វើឲ្យមានចំណូលផងដែរ»។ ក្នុងផ្ទៃដីទំហំ៧អា ដែលលោកយាយ ឆាត កំពុងដាំបន្លែសរីរាង្គជាច្រើនប្រភេទនោះ អនុញ្ញាតឲ្យលោកយាយរកចំណូលបានពី៨០ម៉ឺនរៀលទៅ១លានរៀលក្នុងមួយខែ។
ស្ពៃ, សាឡាដ, សណ្ដែកគួរ, ត្រសក់, ជី និងបន្លែសរីរាង្គជាច្រើនទៀត ដែលលោកយាយ ទីវ ឆាត បានដាំ សម្រាប់លក់ឲ្យអតិថិជននៅក្នុងភូមិស្រុក និងផ្គត់ផ្គង់ឲ្យផ្សារកសិផលសរីរាង្គសេដាកនៅរាជធានីភ្នំពេញ។ បន្លែសរីរាង្គរបស់លោកយាយ ទីវ ឆាត មានតម្លៃថ្លៃចាប់ពី៥ពាន់ ដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម។ ក្នុងផ្ទៃដីទំហំ៧អា ដែលលោកយាយ ឆាត កំពុងដាំបន្លែសរីរាង្គជាច្រើនប្រភេទនោះ ធ្វើឲ្យលោកយាយអាចរកចំណូលបានពី៨០ម៉ឺនរៀលទៅ១លានរៀលក្នុងមួយខែ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com