«​ភ្នំ​សំពៅ​» បណ្តុំ​ល្អាង​ទាំង​១២ ដ៏​ទាក់ទាញ​!

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ នៅពេលដែល​អ្នកទេសច​រ​គយគន់​ទេសភាព​ពីលើ​កំពូលភ្នំ ដែលមាន​កម្ពស់​ប្រហែល​១០០​ម៉ែត្រ នឹង​ឃើញ​ព្រៃ​ប្រឹក្សា​ក្បែរ​ជើងភ្នំ និង​វាលស្រែ​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​។ ប្រសិនបើ អ្នកទេសចរ​ងាក​មក​ទស្សនា​ក្នុង​រូងភ្នំ​វិញ នឹង​ទទួល​អារម្មណ៍​ប្លែក​ម្យ៉ាង​ពីលើ​កំពូលភ្នំ​។ នោះ​គឺ «​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ​» ដែល​បណ្តុំ​ដោយ​ភ្នំ​សំខាន់ៗ​នៅក្បែ​ជើងភ្នំ​សំពៅ និង​បណ្ដុំ​រូងភ្នំ​ទាំង​១២ មាន​បង្កប់​នូវ​ជំនឿ​ជាប់ទាក់ទង​នឹង​រឿងព្រេង​និទាន​ខ្មែរ «​ព្រះបាទ​រាជ​កុល និង​នាង​រំសាយសក់​»​។ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង មួយ​នេះ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ ជាពិសេស នៅ​ថ្ងៃ​ឈប់សម្រាក​។​


«​ភ្នំ​សំពៅ​» ជា​រមណីយដ្ឋាន​ធម្មជាតិ​ដែលមាន​វត្ត​មួយ​ឈ្មោះថា «​វត្ត​គិរី​រម្យ​» នៅលើ​កំពូលភ្នំ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តែងតែ​ឡើងទៅ​ទស្សនា និង​ផ្តិត​យក​ទិដ្ឋភាព​នៅលើ​កំពូលភ្នំ ដែល​ពោរពេញ​ដោយ​ខ្យល់អាកាស​ល្អ និង​ទេសភាព​ដ៏​ស្រស់ត្រកាល​មួយ​នេះ​។ ចំណែកឯ នៅក្បែរ​ភ្នំ​សំពៅ គេហទំព័រ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​សរសេរ​ដូច្នេះ​ថា «​បណ្តុំ​ដោយ​ភ្នំ​សំខាន់ៗ​មួយចំនួន ដែល​ជាប់ទាក់ទង​នឹង​រឿងព្រេង​និទាន​ខ្មែរ ព្រះបាទ​រាជ​កុល និង​នាង​រំសាយសក់ ដូចជា ភ្នំ​ក្តោង​, ភ្នំ​ក្រពើ​, ភ្នំ​អណ្តើក​, ភ្នំ​ទ្រុងមាន់​, ទ្រុង​ទា​, ភ្នំ​នាង​រំសាយសក់​, ភ្នំ​តា​គ្រាម និង​ភ្នំ​សង​ក្បាល់​»​។​



​ក្រៅពី​ទស្សនា​សម្រស់​ធម្មជាតិ​នៅលើ​កំពូលភ្នំ​រមណីយដ្ឋាន​មួយ​នេះ ភ្នំ​សំពៅ​ក៏​បណ្ដុំ​ដោយ​ល្អាង​ភ្នំ​រហូតដល់​ទៅ​១២​ផងដែរ​។ គេហទំព័រ​មន្ទីរ​ទេស​ចរណ៍​ដដែល​បានបញ្ជាក់​ពី​ចំនួន​ល្អាង​ទាំង​១២​នោះ រួមមាន ១. ល្អាង​ផ្កាស្លា​, ២. ល្អាង​គក់ទ្រូង​, ៣. ល្អាង​ខ្យល់​, ៤. ល្អាង​តែងខ្លួន​, ៥. ល្អាង​ល្ខោន​, ៦. ល្អាង​ជ្រៃ​, ៧. ល្អាង​ពេជ្រ​, ៨. ល្អាង​ខ្វែង​, ៩. ល្អាង​ប្រេង​, ១០. ល្អាង​ស្ថានីយ ឬ​ល្អាង​ធំ​, ១១. ល្អាង​ក្បាល​ខ្មោច និង​ទី​១២ គឺ​ល្អាង​ប្រចៀវ​។ ល្អាង​ភ្នំ​ដែល​ប្រសព្វ​អាច​រកគ្នា​ពី​ល្អាង​មួយ​ទៅ​ល្អាង​មួយទៀត​នេះ បាន​អន្ទង​អ្នក​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​ឲ្យ​កាន់តែ​ចង់ដឹង ចង់​ស្គា​ល់ពី​ភ្នំ​សំពៅ​កាន់តែច្បាស់​។​



​ទាំងអស់នេះ គឺជា​ផលិតផល​ទេសចរណ៍​ដ៏​ល្អ​មួយ​របស់​«​រមណីយ​ដ្ឋ​នា​ភ្នំ​សំពៅ​» ដែល​ស្ថិតនៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​ជា​រៀងរាល់ថ្ងៃ​ដោយ​មិនចេះ​ជិនណាយ​៕

























ព័ត៌មានទាក់ទង