អ្នកស្រី ហ៊ឹម និល ចំណាយពេលជិត៤០ឆ្នាំនឹងរបរត្បាញ«កន្ទេលកក់» ដែលស្ទើរតែបាត់បង់!
បាត់ដំបង៖ មិនមែនជារឿងសាមញ្ញទេ ដែលអ្នកស្រី ហ៊ឹម និល ព្យាយាមថែរក្សាមុខរបរត្បាញ«កន្ទេលកក់» ដែលស្ទើរតែបាត់បង់។ មុខរបរប្រពៃណី ដែលអ្នកស្រី ហ៊ឹម និល បានស្នងមុខរបរប្រពៃណីនេះពីដូនតាជិត៤០ឆ្នាំមកហើយ។ ស្ត្រីវ័យ៥០ឆ្នាំ ដែលរស់នៅស្រុកឯកភ្នំ រូបនេះ អាចត្បាញកន្ទេលកក់ក្នុងមួយថ្ងៃ បានពី៥ ទៅ១០កន្ទេល ដោយមួយខែអាចរកចំណូលបានជាង៣លានរៀល។
រយៈពេល៣៧ឆ្នាំហើយ ដែលអ្នកស្រី ហ៊ឹម និល ប្រកបរបរត្បាញកន្ទេលកក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ កន្ទេលកក់របស់អ្នកស្រី និល ភាគច្រើនលក់ឲ្យម៉ូយ ដែលគេយកទៅលក់បន្តនៅភ្នំពេញ និងចែកចាយទៅតាមផ្សារនានា។ ស្ត្រីវ័យ៥០ឆ្នាំ ដែលរស់នៅភូមិកល្ហា ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ ThmeyThmey 25 ថា ក្នុងមួយខែ អ្នកស្រី អាចរកប្រាក់ចំណូលពីរបរនេះជាង៣លានរៀល។
បើតាមអ្នកស្រី និល ពលរដ្ឋក្នុងភូមិកល្ហា មិនសូវប្រកបរបរធ្វើកន្ទេលកក់លក់នោះទេ ដោយសារបច្ចុប្បន្ន កន្ទេលកក់មិនសូវមានទីផ្សារ ដោយគេងាកមកប្រើកន្ទេសជ័រជំនួសវិញ។ ទោះបីអ្នកភូមិរបស់អ្នកស្រី បោះបង់របរនេះក្ដី ក៏អ្នកស្រី នៅតែបន្តធ្វើកន្ទេលកក់លក់ដដែល។ អ្នកស្រី និល លើកឡើងថា៖ «ខ្ញុំមិនចង់ឲ្យមុខរបរនេះបាត់បង់ទេ។ ភូមិខ្ញុំពីមុនមានអ្នកធ្វើកន្ទេលនេះច្រើន ប៉ុន្តែពេលនេះគេឈប់ធ្វើហើយ ទើបខ្ញុំបន្តធ្វើកន្ទេលកក់នេះ ដើម្បីកុំឲ្យបាត់បង់»។
ជារៀងរាល់ថ្ងៃ អ្នកស្រី និល និងបងស្រីរបស់អ្នកស្រី អាចត្បាញកន្ទេលកក់បានពី ៥ ទៅ ១០ ក្នុងមួយថ្ងៃ ដោយពួកគាត់ចាប់ផ្ដើមធ្វើកន្ទេលពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច។ កន្ទេលកក់ ត្រូវការវត្ថុធាតុដើម ដូចជា កក់, វល្លិខ្លែងពណ៌ ឬដើមក្រចៅ។ មុននឹងចាប់ផ្ដើមធ្វើកន្ទេល អ្នកស្រី និល ត្រូវយកកក់ទៅហាលថ្ងៃចំនួន២ថ្ងៃ ទើបអាចយកមកត្បាញបាន រីឯ វល្លិខ្លែងពណ៌ ឬដើមក្រចៅ គឺត្រូវហែកទុកដើម្បីត្បាញ។ នេះបើតាមការបញ្ជាក់របស់អ្នកតម្បាញកន្ទេសកក់ ហ៊ឹម និល។
អ្នកស្រី និល បានរៀបរាប់ប្រាប់ ThmeyThmey 25 យ៉ាងដូច្នេះ៖ «ក្នុងមួយថ្ងៃ ខ្ញុំលក់កន្ទេលកក់ បានចន្លោះពី៥ម៉ឺន ទៅ១០ម៉ឺនរៀល អាស្រ័យទៅតាមការធ្វើកន្ទេលកក់បានច្រើន ឬតិច។ កន្ទេលកក់លក់រាយ ១ មានតម្លៃ ១ម៉ឺនរៀល ប៉ុន្តែបើបោះដុំ អ្នកស្រី និល អាចលក់បានតម្លៃត្រឹមតែ ៥ពាន់រៀល តែប៉ុណ្ណោះ»។
ការធ្វើកន្ទេលនេះ ត្រូវយកចិត្តទុកដាក់ខ្លាំង ទាំងការត្បាញ ជាពិសេស ការត្រាំកក់ និងហែកវល្លិ។ ប្រសិនបើមានការបញ្ជាទិញច្រើន អ្នកស្រី និល និងបងស្រី ត្រូវការជួលកម្មករមកជួយត្បាញ។ តាមរយៈមុខរបរនេះ បានធ្វើឲ្យអ្នកស្រី និល និងបងស្រី មានជីវភាពប្រសើរជាមុនមួយកម្រិត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com