តារាកំប្លែងនាយកុយ និង នាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ តែមិនរបួសធ្ងន់
តារាកំប្លែងនាយកុយ និង នាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តបែកកង់ ហើយក៏រេទៅបុកដើមឈើមួយដើម នៅលើផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។ នេះបើតាមព័ត៌មានដែលស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន។
បើតាមស្នងការនគរបាលខេត្តត្បូងឃ្មុំ រថយន្ត ដែលតារាកំប្លែងទាំងពីរជិះរួមគ្នានោះ គឺម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-9968។ ស្នងការ បានបន្ថែមថា នាយកុយ ដែលជាអ្នកបើក បានរបួសកែងដៃស្តាំ តែស្រាល ហើយនាយក្រិន ដែលជាអ្នករួមដំណើរជាមួយ មិនរងរបួសឡើយ។
ស្នងការ បន្តថា ទិសដៅរបស់ពួកលោក គឺបើកពីខេត្តរតនគិរី ឆ្ពោះទៅរាជធានីភ្នំពេញ។ ស្នងការការបញ្ជាក់យ៉ាងដូច្នេះថា៖«ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទេ»៕
នាយកុយ។ រូបពីស្នងការនគរបាលខេត្តត្បូងឃ្មុំ
នាយក្រិន។ រូបពីស្នងការនគរបាលខេត្តត្បូងឃ្មុំ
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com