ជាប់បាក់ឌុបបាននិទ្ទេស“C” ! សំណាង មិនរៀនបន្ត តែមករត់ PassApp នៅភ្នំពេញ
ភ្នំពេញ៖ ក្រោយប្រឡងជាប់បាក់ឌុបឆ្នាំ២០១៨ ទទួលបាននិទ្ទេស“C” យុវជន កែវ សំណាង បានបដិសេធបំណងធំពីឪពុកម្តាយ និងសាច់ញាតិ ដែលចង់ឲ្យ សំណាង ផ្តើមជីវិតជានិស្សិតមហាវិទ្យាល័យនៅរាជធានីភ្នំពេញ លើមុខជំនាញធនាគារ និងហិរញ្ញវត្ថុ។ យុវជនដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ រូបនេះ បានពន្យល់ពីមូលហេតុ ដែលខ្លួនមិនចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដោយងាកចាប់របររត់ PassApp នៅភ្នំពេញយ៉ាងដូច្នេះថា៖ «ប្រឡងជាប់ថ្នាក់ទី១២ ខ្ញុំឈប់រៀន ហើយមកភ្នំពេញជួល PassApp គេរត់ ដើម្បីរកប្រាក់បើកហាងកាហ្វេ និងភោជនីយដ្ឋានមួយនៅភ្នំពេញ។ ម្យ៉ាងទៀត ខ្ញុំមិនចង់នៅប្រកបមុខរបរចិញ្ចឹមត្រីនៅក្នុងបឹងទន្លេសាបដែលនៅជាប់នឹងឃុំរាំងទិល ស្រុកកណ្តៀង ទេ ព្រោះប្រឈមនឹងគ្រោះថ្នាក់ណាស់ ពេលមានព្យុះ និងភ្លៀងខ្លាំងម្តងៗ។
យុវជនវ័យ២០ឆ្នាំ កែវ សំណាង បានវេចបង្វេចខោអាវពីស្រុកកំណើតនៅខេត្តពោធិ៍សាត់ មករស់នៅផ្ទះម្តាយមីងនាក្រុងភ្នំពេញ។ សំណាង បានចិញ្ចឹមចិត្តតាំងពីនៅស្រុកកំណើតដោយមិនរេគំនិតទេថា នឹងជួល PassApp គេនៅភ្នំពេញ ដើម្បីរត់រកប្រាក់សម្រាប់បើកហាងកាហ្វេ និងភោជនីយដ្ឋានមួយកន្លែង ដែលជាក្តីស្រមៃរបស់ខ្លួនតាំងពីកុមារភាពមកម្ល៉េះ។
តើហេតុអ្វីបានជា សំណាង នឹកឃើញជួល PassApp មករត់នៅភ្នំពេញបែបនេះ? សំណាង បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានថ្មីៗ ដែលកំពុងសម្ភាសនៅពេលធ្វើដំណើរតាម PassApp ពីម្តុំសាលាព្រែកលាបកសិកម្ម ឆ្ពោះទៅការិយាល័យនៃសារព័ត៌មានថ្មីៗនៅម្តុំផ្សារបឹងត្របែកថា៖ «ខ្ញុំបន់ឲ្យតែចប់ថ្នាក់ទី១២, ខ្ញុំមិនចង់រៀនទៀតទេ។ ខ្ញុំស្រឡាញ់ផ្នែកចុងកាហ្វេ ប៉ុន្តែ អត់មានដើមទុន។ ពេលហ្នឹង ពូខ្ញុំ គាត់រត់ PassApp នៅភ្នំពេញ រកប្រាក់បានច្រើនដែរ គាត់ក៏ប្រាប់ខ្ញុំឲ្យមករត់ PassApp ជាមួយគាត់។ មុខរបរនេះអត់ចំណាយដើមទុនទេ ខ្ញុំជួលគេទាល់តែចុងខែបានខ្ញុំយកលុយទៅឲ្យគេ»។ សំណាង បានផ្តើមជីវិតជាអ្នករត់ PassApp នៅភ្នំពេញបានជាង៧ខែហើយ។
បច្ចុប្បន្ន យុវជនមាឌស្តើងខ្ពស់រូបនេះ កំពុងមមាញឹកនឹងបេសកកម្មស្វែងរកប្រាក់តាមរយៈជួល PassApp គេនៅភ្នំពេញក្នុងតម្លៃមួយថ្ងៃ ២ម៉ឺនរៀល។ «ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៩យប់ បើថ្ងៃសៅរ៍ ខ្ញុំនៅដឹកភ្ញៀវរហូតដល់ម៉ោង២យប់ ព្រោះយប់ថ្ងៃសៅរ៍ គេដើរលេងដល់យប់ជ្រៅ»។ យុវជនវ័យ២០ឆ្នាំ កែវ សំណាង បានបញ្ជាក់យ៉ាងដូច្នេះ។ ក្រោយកាត់កងថ្លៃជួល, ចាក់ហ្គាស និងប្តូរប្រេងម៉ាស៊ីន មុខរបរនេះអនុញ្ញាតឲ្យ សំណាង ចំណេញប្រាក់បាន ១៥០ដុល្លារ ទៅ២០០ដុល្លារក្នុងមួយខែ។
ជីវិតជាអ្នករត់ PassApp មកពីខេត្តពោធិ៍សាត់ រូបនេះ បានចំណាយពេលយ៉ាងតិច ១៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីរត់ PassApp ។ «ថ្ងៃខ្លះរត់ PassApp ហត់អស់កម្លាំងពេក ក៏រកកន្លែងចតក្រោមដើមឈើនៅតាមដងផ្លូវសម្រាកយកកម្លាំង ហើយបានរត់បន្តទៀត»។ អ្នករត់ PassApp វ័យក្មេងរូបនេះ បញ្ជាក់ពីមុខរបរប្រចាំថ្ងៃរបស់ខ្លួនយ៉ាងដូច្នេះ។ ហត់កាយពិតមែន តែ សំណាង តែងសប្បាយចិត្ត និងមានសង្ឃឹមជានិច្ចនៅពេលដែលស្រមៃដល់ជំនួញនៅក្នុងក្តីសុបិនរបស់ខ្លួនម្តងៗ។
ក្រៅពីប្រភពទុនដែលកំពុងរកសព្វថ្ងៃ ការស្តាប់ប្រវត្តិអ្នកជំនួញ និងខ្សែជីវិតរបស់មហាសេដ្ឋីនៅលើពិភពលោកដែលពួកគាត់និយាយពីជំនួញ និងជីវិតតស៊ូ គឺជាដើមទុនមួយផ្នែកសម្រាប់ សំណាង។ មានគំនិត និងស្រឡាញ់ការរកស៊ីជាងធ្វើការងារឲ្យគេ ណាមួយឪពុកម្តាយ មិនហាមឃាត់ គ្រាន់តែពួកគាត់បារម្ភ គឺជាដើមទុនមួយផ្នែកទៀត ដែលជំរុញឆន្ទៈយុវជនវ័យ២០ឆ្នាំមកពីឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រូបនេះ ឲ្យមានឱកាស និងលទ្ធភាពបើកហាងកាហ្វេបានដោយជោគជ័យ ហើយនឹងមានគម្រោងបើកភោជនីយដ្ឋានមួយកន្លែងផងដែរ បន្ទាប់ពីការបើកហាងកាហ្វេនោះ ទទួលបានផ្លែផ្កាពិតប្រាកដ។
បើទោះជា មានមិត្តភក្តិ បងប្អូនរបស់សំណាងមួយចំនួន មកបន្តការសិក្សានៅរាជធានីភ្នំពេញក៏ដោយ ក៏សំណាងមិនមានអារម្មណ៍តូចចិត្ត និងខ្មាសអៀនពួកគេឡើយ ដោយសំណាងពោលយ៉ាងដូច្នេះថា៖ «ទោះបីជាយ៉ាងណាក៏ខ្ញុំមិនមានអារម្មណ៍ខ្មាសពួកគាត់ទេ នេះជាជំហ៊ានដំបូងដែលខ្ញុំចេញរកស៊ី»។ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យសំណាងមានឆន្ទៈបន្ថែម ដើម្បីបង្ហាញពីការតស៊ូ និងភាពជោគជ័យនៅថ្ងៃអនាគតដល់ពួកគេវិញ។
សំណាង ពិបាកនឹងឆ្លើយណាស់ថា អាចនឹងត្រូវបើកហាងកាហ្វេបាននៅពេលណា ពោលគឺអាស្រ័យទៅលើថា តើសំណាងអាចរកប្រាក់បានគ្រប់ទៅតាមទំហំនៃអាជីវកម្មរបស់ខ្លួន នៅពេលណា? ប៉ុន្តែ សំណាង បានឆ្លើយយ៉ាងដូច្នេះថា៖ «ខ្ញុំបើកហាងកាហ្វេ និងភោជនីយដ្ឋានធម្មតា អត់ហ៊ានប្រាថ្នាបើកធំទេ ព្រោះខ្លាចអត់មានដើមទុនគ្រប់។ ទាល់តែខ្ញុំបើហាងកាហ្វេបានជោគជ័យ បានខ្ញុំគិតបើកភោជនីយដ្ឋានតាមក្រោយ»។
ប្រសិនបើ ជំនួញនេះជោគជ័យតាមក្តីប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់យុវជនវ័យ២០ឆ្នាំ កែវ សំណាង ដែលបានប្រឡងជាប់បាក់ឌុបកាលពីឆ្នាំ២០១៨ ដោយទទួលបាននិទ្ទេស“C” ពិតប្រាកដមែន នោះជោគវាសនារបស់ សំណាង នឹងមិនផ្ញើនៅលើទូកនេសាទ ដែលជួនកាលជួបព្យុះ ជួបភ្លៀងខ្លាំងៗ ដូចឪពុកម្តាយរបស់ខ្លួនដែលធ្លាប់ជួបគ្រោះលិចទូកនៅក្នុងទន្លេ ប៉ុន្តែ មិនដល់ថ្នាក់បាត់បង់ជីវិតឡើយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com