ករណី​ពុល​អាហារ​នៅ​ព្រះនេត្រព្រះ​៖ មាន​ក្មេង​តែ​៣-៤​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​នៅ​ពេទ្យ​

30/11/-0001 12:00 am បន្ទាយមានជ័យ

​មកទល់ពេលនេះ មាន​ក្មេង​តែ​៣ ទៅ​៤​នាក់​ប៉ុណ្ណោះ ដែល​នៅ​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ​ករណី​សង្ស័យ​ពុល​ចំណីអាហារ ដែល​បាន​កើតឡើង​នៅក្នុង​ស្រុក​ព្រះ​នេ​ត្យ​ព្រះ ខេត្តបន្ទាយមានជ័យ​។ លោក ឃូ ពៅ អភិបាលស្រុក​ព្រះ​នេ​ត្យ​ព្រះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​៖«​រហូតមកដល់​ឥឡូវ​បាន​ចេញពី​មន្ទីរពេទ្យ​បណ្ដើរៗ​ហើយ មាន​ក្មេង​ប្រមាណ​៣​ទៅ​៤​នាក់​ប៉ុណ្ណោះ​ដែល​នៅ​តាមដាន​សម្រាក​នៅ​ពេទ្យ​»​។​


​នៅ​យប់​ថ្ងៃទី​១១ ខែមករា  ក្មេងៗ​សិស្សសាលា​ប៉ោយ​សំរោង​ប្រមាណ​១០០​នាក់ មាន​អាការ​ឈឺពោះ និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ពួកគាត់​បាន​បរិភោគ​អាហារ​ដែល​ជនជាតិ​កូរ៉េ​មួយក្រុម​ចែក​ឲ្យ ក្នុងពេល​ចុះ​អប់រំ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​អនាម័យ​នៅ​សាលា​របស់​ពួកគេ​។ លោក​អភិបាលស្រុក​ព្រះនេត្រព្រះ បាន​រៀបរាប់​ដូច្នេះ​៖«​នៅ​ម៉ោង​១១​ជាង​ព្រឹក ពួកគេ​បរិភោគ​បាយ​សាច់ជ្រូក ជ្រក់ល្ហុង ទឹក និង​ស្ករ​គ្រាប់ ដែល​ជនជាតិ​កូរ៉េ​មួយក្រុម​ចែក​ឲ្យ​។ លុះដល់​ប្រហែល​ម៉ោង​៧ ក៏​ចាប់ផ្ដើម​មាន​ក្មេង​ឈឺពោះ ហើយ​យើង​បា​នប​ញ្ចូ​ន​ក្មេង​ដែល​បាន​បរិភោគ​បាយ​ជាង​១០០​នាក់​នោះ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ ដើម្បី​ធានា​សុវត្ថិភាព​។ ក្មេង​ដែល​មិនមាន​បញ្ហា​អ្វី ក៏​ត្រលប់​ទៅផ្ទះ​វិញ ហើយ​ក្មេង​សម្រាក​នៅ​មន្ទីរពេទ្យ​នា​យប់មិញ​មាន​ចំនួន​៥០​នាក់ មកដល់​ព្រឹក​ថ្ងៃទី​១២​នេះ បាន​ចេញពី​ពេទ្យ​ជិត​អស់ហើយ​»​។​
 
​ករណីនេះ អាជ្ញាធរ​សន្និដ្ឋានថា មកពី​ពុល​ចំណីអាហារ​គឺអាច​មកពី​ជ្រក់ល្ហុង​ដែល​ពួកគេ​បរិភោគ​ធ្វើ​មិន​ស្អាត ឬក៏​ជ្រក់ល្ហុង​នោះ​ធ្វើ​ដាក់​ទឹកខ្មេះ​៕

ព័ត៌មានទាក់ទង