ហេតុអ្វី​ចូលចិត្ត​រិះគន់​ម៉ៅជា​រួម​ថា «​កាសែត​ស្រុក​ខ្មែរ​! ប៉ូលិស​ស្រុក​ខ្មែរ​! ពេទ្យ​ស្រុក​ខ្មែរ​...»?

30/11/-0001 12:00 am បាត់ដំបង

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន តែងតែ​និយាយ​ម៉ៅ​រួម​ទាំងអស់​នៅពេល​ឃើញ​ភាពមិនប្រក្រតី​ណាមួយ​។ ករណី​មិន​ប្រក្រតី​មួយចំនួន ក្រុម​អ្នក​រិះគន់​ចូលចិត្ត​លើកឡើងថា មាន​លក្ខណៈ​ដូចគ្នា​នៅ​ទូទាំងប្រទេស ដោយ​ហៅថា អ្នកកាសែត​ស្រុក​ខ្មែរ​! ប៉ូលិស​ស្រុក​ខ្មែរ​! តុលាការ​ស្រុក​ខ្មែរ​! ពេទ្យ​ស្រុក​ខ្មែរ​! មន្ត្រី​ស្រុក​ខ្មែរ​! ជាដើម​។​
 
​អ្នកសារព័ត៌មាន​អាជីព​ជាច្រើន​ក្លាយជា​ជនរងគ្រោះ​នៃ​កញ្ចប់​រិះគន់​។ សំណេរ​មួយចំនួន​ដែល​មិន​ប្រកប​វិជ្ជាជីវៈ ឬ​ខុសពី​បំណង​ក្រុម​ណាមួយ ត្រូវបាន​ចាត់ទុកថា ជា​ស្នាដៃ​របស់​អ្នកកាសែត​ទូទៅ ហើយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាទូទៅ​ច្រើន​លើកឡើងថា «​នេះហើយ​អ្នកកាសែត​ស្រុក​ខ្មែរ​»​។​
 
​ប៉ូលិស​នៅ​គោលដៅ​មួយ បាន​យកលុយ​ក្រៅ​សេវា ជា​ថ្នូរ​នឹង​ការពិន័យ​យានយន្ត​។ ក្រុម​អ្នក​ចំអក​បាន​លើកឡើងថា «​ប៉ូលិស​ស្រុក​ខ្មែរ ឲ្យ​តែ​បាន​លុយ ស្ងាត់​មាត់​ហើយ​»​។ តុលាការ​នៅ​ខេត្ត​មួយ ត្រូវបាន​វាយតម្លៃថា កាត់ក្តី​លំអៀង​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី  គេ​និយាយ​ជារួម​ថា «​តុលាការ​ស្រុក​ខ្មែរ គឺ​បែបនេះ​»​។ ករណី​ពេទ្យវះកាត់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ត្រូវបាន​គេ​វាយតម្លៃថា «​ពេទ្យ​ស្រុក​ខ្មែរ គឺ​ដូច្នឹង ដោយ​មើល​ឃើញតែ​លុយ​»​។​
 
​ពិតណាស់ អ្នកប្រព្រឹត្ត​ខុស​គួរតែ​ត្រូវបាន​រិះគន់ និង​ការ​និន្ទា ពីព្រោះ​គេ​មិនអាច​បិទ​ភ្នែក​បានឡើយ ប៉ុន្តែ​វាយតម្លៃ​ជារួម ជាពិសេស​ថា​ក្នុងប្រទេស​កម្ពុជា​ទាំងមូល ពិតជា​អយុត្តិធម៌​ខ្លាំងណាស់​សម្រាប់​អ្នក​ដែល​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​អាជីព​វិជ្ជាជីវៈ​។​
 
«​ត្រី​មួយ​ត្រក បើ​ស្អុយ​មួយ ស្អុយ​ទាំងអស់​» ជា​ទស្សនទាន​របស់​ខ្មែរ​បុរាណ ប៉ុន្តែ​ក្នុងការ​អនុវត្ត​ជាក់ស្តែង វា​មិនអាច​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ​នោះដែរ​។ ហេតុអ្វី​បានជា​ទង្វើ​អាក្រក់​របស់​មនុស្ស​មួយក្រុម បែរជា​វាយតម្លៃថា ជា​ទង្វើ​របស់​ប្រជាជាតិ​ទាំងមូល​?
 
​អ្នកខ្លះ បន្ថែម​ពី​ការរិះគន់​នូវ​អ្វីដែល​អាក្រក់​ថា នៅ «​ស្រុក​ខ្មែរ​» ពួកគេ​បែរជា​ឲ្យ​ក្រេ​ឌី​ត​នូវ​អ្វីៗ​ដែល​ល្អៗ​ទៅលើ​បរទេស​ទៅវិញ​។ «​ឃើញ​ទេ ប៉ូលិស​ស្រុក​អាមេរិក ឬ​អ្នកកាសែត​ស្រុកថៃ គេ​ធ្វើតាម​វិជ្ជាជីវៈ​អ៊ីចឹង​»​។ នេះ​ជាការ​ឲ្យ​តម្លៃ​របស់​មនុស្ស​មួយចំនួន ដោយ​ភ្លេច​គិតថា អ្នក​ប្រកប​អាជីព​នៅ​គ្រប់​ប្រទេស​តែងតែមាន​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់​។​
 
​ហេតុអ្វី​បានជា​ចូលចិត្ត​ថា «​អាក្រក់​ភាគច្រើន​នៅ​ស្រុក​ខ្មែរ​» ហើយ «​ល្អ​ភាគច្រើន​នៅ​ស្រុក​គេ​» យ៉ាង​ដូច្នេះ​?
 
​ដោយ៖ ឡា ធា​រៈ​
 
​ពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង​
 

ព័ត៌មានទាក់ទង