ទេព រិ​ន​ដា​រ៉ូ​៖«​មិន​តាំងខ្លួន​ជា​តារា​ល្បី ទើប​ខ្លួន​ជោគជ័យ​ដូច​សព្វថ្ងៃ​»

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ ការគោរព​ពេលវេលា ឱ្យ​តម្លៃ​ការងារ គោរព​ក្រុមការងារ រៀនសូត្រ​ពី​អ្នក​នៅ​ជុំវិញខ្លួន​ជានិច្ច​មិន​ប្រកាន់​ក្មេង​ចាស់ ជាពិសេស​ស្រឡាញ់​អាជីព​របស់ខ្លួន​ខ្លាំង ជា​កត្តា​ជំរុញ​ឱ្យ​តារា​ល្បី​៤​ទសវត្សរ៍ ទេព រិ​ន​ដា​រ៉ូ ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត​ដែល​ខ្លួន​ស្រឡាញ់​ស្មើ​ជីវិត​។​

 
​តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ ដែល​និយាយ​ទាំង​ទឹកមុខ​ញញឹម​និង​រួសរាយ ថា​ដ្បិត​អ្នកគាំទ្រ​តែង​និយាយថា​ខ្លួន​ជា​តារា​ល្បី តែ​លោក​មិនដែល​គិតថា​ខ្លួន​ជា​បែប​នោះឡើយ​។ អ្វីដែល​តារាភាពយន្ត​រូបនេះ​តែងតែ​ប្រកាន់ខ្ជាប់​ក្នុង​ខ្លួន​ជានិច្ច​នោះ​គឺ យកគំនិត​គេ​មក​សិក្សា  គោរព​ពេលវេលា​ថត ធ្វើយ៉ាងណា​ព្យាយាម​សម្ដែង​ឱ្យបាន​ល្អ​។ «​ខ្ញុំ​មិនដែល​គិតថា​ខ្លួនឯង​ជា​តារា​ល្បី​អី​ទេ មិនដែល​សោះ​។ ខ្ញុំ​គ្រាន់តែ​ចង់​រស់នៅ​បែប​ជីវិត​សាមញ្ញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព រិ​ន​ដា​រ៉ូ​។​

 

បុរស​ដែល​ឱ្យ​តម្លៃ​ការសម្ដែង​ភាពយន្ត​ស្មើ​ជី​រិត​រូបនេះ​ថា អ្នក​ដែល​ចង់​ដើរ​លើ​វិថី​តារាភាពយន្ត​បាន​ជោគជ័យ ត្រូវតែមាន​ទេពកោសល្យ​ផ្ទាល់ខ្លួន ក្ដី​ស្រឡាញ់ ចេះ​ស្វែងយល់ និង​រៀន​បន្ថែម​រហូត​។ បើ​គ្រាន់តែ​ចង់​ថត​ដើម្បី​សប្បាយ​មិន​ជោគជ័យ​ឡើយ នេះ​បើតាម​តារាភាពយន្ត​ដដែល ដោយ​លោក​បន្ថែមទៀតថា ដើម្បីឱ្យ​ខ្លួន​សម្ដែង​បានល្អ គឺ​ត្រូវតែ​យក​សាច់រឿង​មក​ពិនិត្យ និង​ដាក់​អារម្មណ៍​ឱ្យដល់​សាច់រឿង​។​


 
 លោក ដា​រ៉ូ បញ្ជាក់ ៖« ភាពយន្ត​ជា​សិល្បៈ​ទី​៧ មានន័យថា​សិល្បៈ​៧​ចូលគ្នា ដូច្នេះ​ត្រូវ​យល់​ពី​ចំណុច​នេះ​ឱ្យ​ច្បាស់​។ ត្រូវ​ស្វែងយល់​ពី​ជម្រៅ​នៃ​តួ​នោះ​យ៉ាងណា ត្រូវ​ស្ដាប់​អ្នកដឹកនាំ​រឿង ព្រោះ​គេ​យល់​ជម្រៅ​តួ​ច្រើនជាង​យើង​។ ចង់ឱ្យ​រឿង​ល្អ​ត្រូវតែ​គោរព​ពេលវេលា ព្រោះ​ពេលវេលា​ព្រឹក​ឬ​ល្ងាច វា​សំខាន់​ដល់​គុណភាព​រឿង​។ វិន័យ​សំខាន់​ណាស់ វិន័យ​ទ័ព​និង​កុន​ដូចគ្នា​។ ការស្រឡាញ់​ចេញពី​បេះដូង វា​ធ្វើឱ្យ​យើង​ព្យាយាម​សម្ដែង​យ៉ាងណា​ឱ្យបាន​ល្អ​»​។ 
 
​ថ្វី​ដ្បិត​លោក ទេព រិ​ន​ដា​រ៉ូ បាន​ក្លាយជា​តារា​ល្បី​លំដាប់​ជួរមុខ​ជិត​៥​ទសវត្សរ៍​មកហើយ​ក្ដី តែ លោក​នៅតែ​រៀន​និង​យកគំនិត​អ្នក​នៅ​ជុំវិញខ្លួន​សិក្សា ដើម្បី​អភិវឌ្ឍន៍​ចំណេះ​បន្ថែម​ជានិច្ច​។ លោ​កថា​បច្ចេកវិទ្យា បច្ចេកទេស និង​ចំណេះដឹង​ថ្មីៗ​ជាច្រើន កើតឡើង​មិន​ឈប់​៕ 

ព័ត៌មានទាក់ទង