ចម្ការឈូករ័ត្ន និងស្បៃរឿងសម្រាប់ចិញ្ចឹមឃ្មុំរបស់លោក ប៉ត សុផល ក្លាយជាកន្លែងថតរូបដ៏ពេញនិយម

ត្បូងឃ្មុំ៖ សួនផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងដែលលោក ប៉ត សុផល ដាំសម្រាប់ចិញ្ចឹមសត្វឃ្មុំនៅខេត្តត្បូងឃ្មុំ កំពុងតែរីកស្គុសស្គាយពាសពេញដីចម្ការទំហំ៥ហិកតា ដែលធ្វើឲ្យភ្ញៀវទេសចរចេញចូលឥតឈប់ឈរ។ ភ្ញៀវទេសចរភាគច្រើនជាយុវជន បានទៅលំហែកាយ និងខ្លះទៀតទៅផ្តិតរូបភាពដ៏ស្រស់បំព្រងនៃសួនផ្កាមួយនេះ។

ចម្ការឈូករ័ត្ន និងស្បៃរឿងមួយកន្លែង កំពុងអន្ទងចិត្តភ្ញៀវទេសចរ ទាំងជិតឆ្ងាយឲ្យមកគយគន់ទេសភាពផ្ការីកដ៏ស្រស់បំព្រងនៃចម្ការផ្កាមួយនេះ។ ភ្ញៀវទេសចរដែលមកទីនេះ អាចសម្រាកលំហែកាយ និងទទួលយកនៅអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធតាមបែបធម្មជាតិ។ ចម្ការឈូករ័ត្ន និងស្បៃរឿងដ៏ស្រស់ស្អាតខាងលើនេះ មានទីតាំងស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក ប៉ត សុផល ម្ចាស់ចម្ការផ្កាឈូករ័ត្ន និងផ្កាស្បៃរឿង ចំណាយផ្ទៃដីប្រមាណ ៥ហិកតា ដើម្បីដាំផ្កាទាំងនេះសម្រាប់ចិញ្ចឹមឃ្មុំ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។ ម្ចាស់ចម្ការរូបនេះ បានចំណាយថវិកាប្រមាណ៣ម៉ឺនដុល្លារ សាងសង់ផ្ទះមួយធ្វើពីឫស្សី និងមានភ្ជាប់ WiFi ទៀតផង សម្រាប់ភ្ញៀវសម្រាក់នៅក្នុងផ្ទះនោះ។
លោក សុផល ប្រាប់ ThmeyThmey 25 ថា ផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងនេះ ត្រូវចំណាយពេលដាំចន្លោះពី ២ទៅ៥ខែ ព្រោះពេលខ្លះផ្កាទាំងនេះ ដាំហើយខូចខាតអស់ក៏មាន ដោយសារតែសត្វល្អិតបំផ្លាញ និងមានភ្លៀងធ្លាក់ខ្លាំង។ បើទោះបីផ្កាទាំងនេះ ត្រូវបានសត្វល្អិតបំផ្លាញក៏ដោយ ក៏លោក សុផល មិនអាចប្រើប្រាស់ថ្នាំគីមី ដើម្បីកម្ចាត់សត្វល្អិតបានទេ ព្រោះវាមានផលប៉ះពាល់ទៅដល់សត្វឃ្មុំដែលលោកចិញ្ចឹម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

