ត្រីឆ្អើរ ត្រី​កែស ខេត្តកំពង់ឆ្នាំង មួយ​គីឡូក្រាម​តម្លៃ​ចាប់ពី ៩​ម៉ឺន​រៀល ដល់ ១៨​ម៉ឺន​រៀល​

30/11/-0001 12:00 am កំពង់ឆ្នាំង

​កំពង់ឆ្នាំង​៖ ត្រីឆ្អើរ​ត្រី​កែស គឺជា​ប្រភេទ​ត្រីឆ្អើរ​ដែលមាន​តម្លៃ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ត្រី​កែស​ដែល​គេ​យកមក​ឆ្អើរ​នេះ ភាគច្រើន​មាន​ប្រភព​មកពី​បឹង​ទន្លេសាប បេះដូង​នៃ​ប្រទេស​កម្ពុជា​។ ត្រី​កែស ស្ថិតនៅក្នុង​អម្បូរ​ស៊ីលូ​រី​ដេ (Family Siluridae) ជា​អម្បូរ​ត្រី​ដែល​គ្មាន​ស្រកា​។ ត្រី​កែស មាន​ប្រភេទ​ត្រី​កែស​កណ្តុរ មានឈ្មោះ​វិ​ទ្យ​សាស្ត្រ (Hemisilurus mekongensis) និង​ត្រី​កែសជម្រៅ ឬ ត្រី​កែសប្រាក់ មានឈ្មោះ​វិ​ទ្យ​សាស្ត្រ (Phalacronotus apogon)​។
 

 
​គ្រួសារ​របស់លោក ជិន សា​ប៊ុន ជា​គ្រួសារ​មួយ​ក្នុងចំណោម​គ្រួសារ​ជាច្រើន នៅក្នុង​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជា​អ្នក​ប្រកប​របរ​ឆ្អើរត្រី​កែស​លក់​។ គ្រួសារ​ខ្លះ ទើបតែនឹង​ចាប់យក​របរ​នេះ​។ ប៉ុន្តែ ចំពោះ​គ្រួសារ​របស់លោក ជិន សា​ប៊ុន បាន​ចាប់យក​មុខរបរ​នេះ តាំងពី​ឆ្នាំ​អំឡុង​ទសវត្សរ៍ ៨០​មកម្ល៉េះ​។​
 
«​ជំនាញ​ឆ្អើរត្រី​នេះ វា​ជា​មុខរបរ​ត​ជំនាន់ ខាង​គ្រួសារ​ប្រពន្ធ​របស់ខ្ញុំ​។ ពោលគឺ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ មកម្ល៉េះ​។ ពួកគាត់​អ្នកស្រុក​កោះធំ ខេត្តកណ្តាល​។ កាលណោះ ពួកគាត់​ឆ្អើរត្រី​នៅលើ​ទូក​។ ក្នុង​ឆ្នាំ ១៩៧៩ ប្រពន្ធ​របស់ខ្ញុំ បានធ្វើ​ចំណាកស្រុក​មក​រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ គាត់​ក៏​ចាប់​អាជីព​ជា​អ្នក​ឆ្អើរត្រី​នេះ បន្ត​ពី​ឪពុកម្តាយ​របស់គាត់​តែម្តងទៅ​។​» នេះ​ជា​ប្រសាសន៍​របស់លោក សា​ប៊ុន បាន​ប្រាប់​ដល់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​លោក ជិន សា​ប៊ុន បាន​ឲ្យ​ដឹង​ទៀតថា ត្រី​កែស​ស្រស់ ត្រូវបាន​គេ​បែង​ចែកជា​ប្រាំ​ប្រភេទ​។ ប្រភេទ​លេខ​១ សំដៅ​ទៅលើ​ត្រី​ដែលមាន​ទម្ងន់​ក្នុង​មួយ​ក្បាល ចាប់ពី ២​ក្រាម​ឡើងទៅ​។ ប្រភេទ​លេខ​២ ត្រី​មួយ​ក្បាលមាន​ទម្ងន់​ចាប់ពី ១.៥ ក្រាម​ចុះ និង​ជា​បន្ត​បន្ទាប់មកទៀត លេខ​៣ លេខ​៤ លេខ​៥ ដែលជា​ត្រី​តូចៗ​។ ប៉ុន្តែ បច្ចុប្បន្ននេះ គេ​បែងចែក​ប្រភេទ​តែ​លេខ​១ និង​លេខ​២​ប៉ុណ្ណោះ​។ ចំពោះ​លេខ​៣, ៤ និង​៥ ដូច​បាន​រៀបរាប់​ខាងលើ ត្រូវបាន​គេ​ចាត់​ចូលក្នុង​ប្រភេទ​ត្រី​ចម្រុះ​ទម្ងន់ «​មួយ​ជញ្ជីង​»​។ ចំពោះ​តម្លៃ​ត្រី​ស្រស់​លេខ​១ គ្រួសារ​លោក សា ប៊ុន ទិញ​ចូល ៣៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លេខ​២ ទិញ​ចូល ៣២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ត្រី​ប្រភេទ​ចម្រុះ​ទម្ងន់ «​មួយ​ជញ្ជីង​» ទិញ​ចូល ១៧០០០ ទៅ ២០០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។ ត្រី​កែស​ស្រស់​ទាំងអស់នេះ មាន​ប្រភពពី​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង​កំពង់​លួង ខេត្តពោធិសាត់​។ 
 
« ឆ្នាំមុនៗ យើង​ទិញ​ត្រី​ស្រស់​ចូល ចាប់ពី ២០០ - ៥០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​។ យើង​អាច​ឆ្អើរ​បានតែ​២០០ ទៅ ៣០០​គីឡូក្រាម​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។ ត្រី​នៅសល់​យើង​ក្លាសេ​ទុក​។ ប៉ុន្តែ ក្នុងឆ្នាំនេះ យើង​អាច​ទិញ​ត្រី​ស្រស់​បានតែ ២០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ចំពោះ​តម្លៃ វា​ប្រែប្រួល​ជាង​ឆ្នាំទៅ​ម៉ិ​ញ​បន្តិច​ប៉ុន្តែ ដោយសារ​បញ្ហា​អាកាសធាតុ តែ​ត្រី​មាន​ទំហំ​ធំ​ជាង​»​។ 
 
​ចំពោះ​បច្ចេកទេស​ឆ្អើរត្រី​ឲ្យ​បានល្អ លោក សា​ប៊ុន មានប្រសាសន៍ថា​៖ «​ត្រី​កែស​ស្រស់ មុននឹង​ដោត​ចង្កាក់​ឆ្អើរ យើង​ត្រូវតែ​ដាក់​ក្នុង​ធុង​ក្លាសេ​ទឹកកក​ឲ្យ​បាន ២-៣​ម៉ោង ឬ​កន្លះ​ថ្ងៃ​សិន​។ ធ្វើបែបនេះ ដើម្បី​កុំ​ឲ្យ​ត្រី​រលួយ​ពោះ ឬ​ពុក​សាច់​ពេល​ឆ្អើរ​រួច​។ ក្រោយពេល​ដោតត្រី​ជា​ចង្កា​ក់រូច​ហើយ យើង​ត្រូវតែ​ដាក់​ហាល​វា​ឲ្យ​ស្ងួត​ល្មម​ទាំងសងខាង​។ ពេល​ស្ងួត​ត្រី​ជាប់​គ្នា​ល្អ ទើប​យើង​យកទៅដាក់​ឆ្អើរ​។ ចំពោះ​ការ​ឆ្អើរ ក៏​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​។ ត្រូវដាក់​ចង្កាក់​ត្រី​បញ្ឈរ​ក្បាល​ចុះក្រោម​។ ចង្កាក់​ត្រី​ត្រូវមាន​ឃ្នាប​ឬ​ស្សី​អម​សងខាង ដើម្បី​កុំ​ឲ្យ​ត្រី​ស្អិត​ជាប់​នឹង​ចង្អើរ ព្រមទាំង​អាច​ឆ្អើរត្រី​បាន​ច្រើន​ក្នុងពេល​តែមួយ​»​។ 
 


​សកម្មភាព​ហាល​ត្រី​កែស ដែល​ដោត​ជា​ចង្កាក់​រួចហើយ មុននឹង​យកទៅ​ឆ្អើរ​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ត្រី​ស្រស់​លេខ​១ ចំនួន ៣.៨​គីឡូក្រាម យើង​អាច​ផលិត​បាន​ត្រីឆ្អើរ ១​គីឡូក្រាម​។ ត្រី​ស្រស់​លេខ​២ ប្រហែល​ជាង ៤​គីឡូក្រាម អាច​ផលិត​បាន​ត្រីឆ្អើរ ១​គីឡូក្រាម​។ ត្រី​ស្រស់​លេខ​៣ ចំនួន​ប្រហែល ៤-៥​គីឡូក្រាម អាច​ផលិត​បាន​ត្រីឆ្អើរ ១​គីឡូក្រាម​។ ចំពោះ​ទីផ្សារ ផលិតផល​ត្រីឆ្អើរ​របស់​គ្រួសារ​លោក សា​ប៊ុន ចែកចាយ​លក់​តែ​ក្នុងប្រទេស​ប៉ុណ្ណោះ​។ ដូចជា​នៅ​ភ្នំពេញ ក្នុង​ផ្សារ​អូ​ឬ​ស្សី នៅ​សៀមរាប ភាគច្រើន​ក្នុង​ផ្សារលើ នៅ​បាត់ដំបង នៅ​បន្ទាយមានជ័យ និង​នៅ​ពោធិសាត់ ក្នុង​ផ្សារ​ក្រគរ​។ ត្រីឆ្អើរ​ត្រី​កែស​លេខ​១ ដែលមាន​ត្រី​ចំនួន​៦​ក្បាល​ក្នុង​មួយ​ចង្កាក់ លក់​ចេញ​ក្នុងតម្លៃ ចាប់ពី ១៧​ម៉ឺន ទៅ ១៨​ម៉ឺន ក្នុង​មួយ​គីឡូក្រាម​។ លេខ​២ មាន​ត្រី​ចំនួន​៨​ក្បាល​ក្នុង​មួយ​ចង្កាក់ តម្លៃ​ចាប់ពី ១៤-១៥​ម៉ឺន​ក្នុង​មួយ​គីឡូក្រាម​។ លេខ​៣ មាន​ត្រី​ចំនួន​១០​ក្បាល​ក្នុង​មួយ​ចង្កាក់ តម្លៃ ៩-១០​ម៉ឺន​ក្នុង​មួយ​គីឡូក្រាម​។​
 
«​មានទឹក មាន​ត្រី​» ជា​ពាក្យ​ដំណាល​ចង់បង្ហាញ​ពី​ធនធាន​ជលផល​ដ៏​សម្បូរបែប នៅក្នុង​ប្រទេស​កម្ពុជា​។ មានន័យថា ទីណា​មានទឹក ទីនោះ​ត្រូវតែមាន​ត្រី​។ ដូច្នេះ ចូរ​យើងទាំងអស់គ្នា ចូលរួម​ថែរក្សា​ការពារ​ព្រៃ​លិច​ទឹក​ទាំងអស់​ដែល​នៅ​សេសសល់​។ ពិសេស​នៅក្នុង​បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​។ ព្រៃ​លិច​ទឹក​ទាំងនោះ មាន​សារៈ​សំខាន់បំផុត សម្រាប់​ជីវចម្រុះ​ក្នុងប្រទេស​កម្ពុជា​យើង​។ 

ព័ត៌មានទាក់ទង