ខេត្ត៦នៅកម្ពុជា នឹងចុះត្រជាក់ដល់១៧-១៩អង្សាសេ នៅថ្ងៃទី៣០ធ្នូ

ភ្នំពេញ៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបៃលិន នឹងចុះត្រជាក់ ក្នុងសីតុណ្ហភាព ១៧-១៩អង្សាសេ នៅថ្ងៃទី៣០ធ្នូ។ ការចុះត្រជាក់បែបនេះ ដោយសារ ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន នឹងបង្កើតឥទ្ធិពលខ្លាំងលើកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២២ធ្នូ ក្រៅពីខេត្តទាំង៦ខាងលើ ក៏មានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប សៀមរាប កំពង់ធំ កោះកុង និងក្រចេះ មានសីតុណ្ហភាពទាប ពី២០-២២អង្សាសេ។
ដោយឡែក នៅបណ្តារាជធានី-ខេត្តមួយចំនួនទៀត ពិសេសនៅតំបន់ទំនាបកណ្តាល ភាគខាងកើត និងនិរតី មានសីតុណ្ហភាពទាប ពី២១-២៣អង្សាសេ និងអាចមានភ្លៀងធ្លាក់នៅពេលយប់ផងដែរ។
ជាមួយគ្នានេះ ក្រសួងបានសូមឲ្យប្រជាពលរដ្ឋ ពិសេសកងទ័ពដែលឈរជើង នៅតំបន់ជួរភ្នំដងរែក បង្កើតការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុដែលត្រជាក់នេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

