ឆេះ​រោង​ម៉ាស៊ីន​ស្រូវ​នៅ​កំពង់ស្ពឺ បាន​នាំ​ឲ្យ​កម្មករ​ស្លាប់ ៣​នាក់ និង​របួសធ្ងន់​៣​នាក់​

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩​ខែធ្នូ ម្សិលមិញ មាន​ករណី​ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ ដែល​បណ្ដាល​ឲ្យ​កម្មករនិយោជិត​បាត់បង់​ជីវិត​ចំនួន​៣​នាក់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​២០​ខែធ្នូ​នេះ​។​


​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា មាន​ករណី​ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​នៅ​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយសារ​មូលហេតុ​ធ្លាក់​កម្ទេច​ផ្សា​ដែក ប៉ះ​ជាមួយ​កម្ទេច​អង្កាម នៅ​ម៉ោង ២ និង​៣០​នាទី​រសៀល​នៅ​ថ្ងៃទី​១៩​ខែធ្នូ​។ ករណីនេះ​បានធ្វើ​ឲ្យ​កម្មករនិយោជិត ៣​នាក់​បាន​ស្លាប់ និង ៣​នាក់​ទៀត​រងរបួស​ធ្ងន់ (​ប្រុស​ទាំងអស់​)​។ 
 
​កម្មករ​ដែល​របួសធ្ងន់​ទាំង ៣​នាក់​នោះ មាន​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ពីរ​នាក់​ទៀត​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។ 
​ក្រសួង​ការងារ​បន្ថែមថា រីឯ​អ្នកស្លាប់​ទាំង​៣​នាក់ ត្រូវបាន​មន្ត្រី​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ចុះ​សម្រួល​ផ្ដល់ប្រាក់​ឧបត្ថម​ដល់​គ្រួសារ​សព​ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី និង​ពិនិត្យ​លទ្ធភាព​ឧ​ត្ថ​ម​ដល់​អ្នក​នៅក្នុង​បន្ទុក​នៃ​ជនរងគ្រោះ​ទាំងនោះ​៕

ព័ត៌មានទាក់ទង