គ្មាន​ជំនួញ​ក្នុង​ក្រុង​, អ្នកស្រី ខៃ ចិន្តា ធ្វើ​ជំនួញ​«​បៃតង​»២០​ឆ្នាំ​នៅតាម​បណ្តា​ខេត្តព្រៃភ្នំ​

30/11/-0001 12:00 am រតនគីរី

​ខេត្តរតនគិរី​៖ ដោយ​ក្តី​ស្រឡាញ់​ធម្មជាតិ និង​សត្វ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ខៃ ចិន្តា បាន​ចំណាយពេល​ប្រមាណ​ជា​២០​ឆ្នាំ​ដើម្បី​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តរតនគិរី ក្រចេះ និង​កែប​។ គ្មាន​ទីតាំង​ជំនួញ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​ឡើយ​, អ្នកស្រី ខៃ ចិន្តា ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ថា ជា​អ្នកជំនួញ​«​ក្នុងព្រៃ​»​។ ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ ក​សិ​-​ទេសចរណ៍ ការអភិរក្ស​សត្វ ជាពិសេស សត្វ​ដំរី គឺជា​អ្វីដែល​អ្នកស្រី ចិន្តា និង​គ្រួសារ​ទាំងមូល បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​ថវិកា​វិនិយោគ​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​។ ចង់បាន​ប្រាក់ចំណេញ​ក្នុង​ជំនួញ គឺជា​រឿង​មួយ​។ ប៉ុន្តែ រឿង​មួយទៀត​ដែល​អ្នកស្រី ចិន្តា ត្រូវតែ​ធ្វើ​ក្នុង​ជីវិត គឺ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​តាមរយៈ​ការផ្សព្វផ្សាយ​សក្តានុពល​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​។
 
​មានចិត្ត​ស្រឡាញ់​ធម្មជាតិ​តាំងពី​កំណើត អ្នកស្រី ខៃ ចិន្តា កាលពី​២០​ឆ្នាំមុន​ធ្លាប់​ស្រមៃ​ចង់បាន​គេហដ្ឋាន​បែប​ខ្មែរ​មួយ​ខ្នង​ជាមួយនឹង​សួនច្បារ​បែប​ធម្មជាតិ​ពិតៗ​។ ថ្ងៃមួយ​នៅក្នុង​ឆ្នាំ​១៩៩៩ ក្តី​ស្រមៃ​របស់​អ្នកស្រី ក៏បាន​ក្លាយទៅជា​ការពិត ព្រោះ អ្នកស្រី និង​ស្វាមី​ដែលជា​ជនជាតិ​បារាំង​បានសម្រេច​ចិត្ត​ប្រើប្រាស់​ប្រាក់​សន្សំ​ពី​ការងារ​របស់​ពួកគេ​ដើម្បី​ទិញ​គេហដ្ឋាន​ធ្វើ​អំពី​ឈើ​មួយ​នៅ​ទល់មុខ​បឹង​កន្សែង​នៅក្នុង​ខេត្តរតនគិរី​។ ខេត្តរតនគិរី គឺជា​ខេត្ត​ដែលមាន​ទេសភាព​ស្រស់បំព្រង ខៀវស្រងាត់ និង​គ្របដណ្តប់​ទៅដោយ​ធនធានធម្មជាតិ​រាប់មិនអស់ រាប់​ចាប់តាំងពី​ព្រៃ​ធម្មជាតិ សត្វព្រៃ បឹងបួរ រ៉ែ ភ្នំ​។​ល​។ គេហដ្ឋាន​របស់​អ្នកស្រី ចិន្តា​, ក្រោយមក​, ក៏បាន​ក្លាយទៅជា​សណ្ឋាគា​រ Terres Rouges សម្រាប់​ទទួលភ្ញៀវ​ទេសច​របរ​ទេស និង​ខ្មែរ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។ 


 
​អ្នកស្រី ខៃ ចិន្តា មិនមែន​កើត​ក្នុង​ត្រកូល​អ្នកមាន​ទេ​។ តាមពិត អតីត​និស្សិត​អក្ស​សាស្ត្រ​ភាសា​បារាំង​នៃ​សកល​វិទ្យាល័យ​ភ្នំពេញ​រូបនេះ កើត​ក្នុង​ត្រកូល​ក្រីក្រ និង​ធ្លាប់​ប្រឈម​នឹង​ការ​មើលងាយ​ជាខ្លាំង​ពី​សំណាក់​អ្នកដទៃ​។ តែ​ដោយ​ក្តី​តស៊ូ អំណត់ ព្យាយាម អ្នកស្រី​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្ស​សាស្ត្រ​ភាសា​បារាំង​នៅ​ឆ្នាំ​១៩៩៨​។ ជំនាញ​នេះហើយ​ដែល​បាន​បើកផ្លូវ​ឲ្យ អ្នកស្រី ចិន្តា ឈាន​ជើង​មកដល់​ស្ថានភាព​សព្វថ្ងៃនេះ​។ ឆ្លងកាត់​ការលំបាក​ក្នុង​ការធ្វើ​ជំនួញ​ផ្នែក​វិស័យ​ទេសចរណ៍​អស់​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ​រួចមក បច្ចុប្បន្ន ស្ថិតក្នុង​វ័យ​ជាង​៤០​ឆ្នាំ អ្នកស្រី ចិន្តា ទទួលបាន​ផល​គួរ​ជាទី​គាប់ចិត្ត​ដោយ​អ្នកស្រី​មាន​សណ្ឋាគារ Boutique ចំនួន​បី​កន្លែង​នៅតាម​បណ្តា​ខេត្ត​៖ រតនគិរី ក្រចេះ និង​ខេត្ត​កែប​។ 
 
​ហេតុអ្វី​អ្នកស្រី ខៃ ចិន្តា វិនិយោគ​នៅតាម​បណ្តា​ខេត្ត និង​តំបន់​ព្រៃភ្នំ​?  
 
​ជំនួញ​ដែល​អ្នកស្រី ខៃ ចិន្តា ចូលចិត្ត​ធ្វើ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ គឺ​អេកូ​ទេសចរណ៍ (Eco-tourism)​។ ធ្វើ​ជំនួញ​តាម​ជនបទ តាម​ព្រៃភ្នំ គឺជា​អ្វីដែល​អ្នកស្រី ចិន្តា ស្រឡាញ់ និង​ចូលចិត្ត​ជាទីបំផុត​។ អ្នកស្រី ចិន្តា និយាយថា​៖«​តាម​លក្ខណៈ​ធម្មជាតិ ខ្ញុំ​ចូលចិត្ត​ធម្មជាតិ​»​។ ក្នុងខណៈ​ពេលដែល​អ្នក​ជំនួញ​ជាង​៩០%​ចូលចិត្ត​រកស៊ី ឬ​ធ្វើ​ជំនួញ​នៅក្នុង​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ អ្នកស្រី ចិន្តា​, ផ្ទុយទៅវិញ​, បាន​បោះទុន​នៅ​តំបន់​ដាច់ស្រយាល​ដែល​គ្មានអ្វី​ទាំងអស់​។ តើ​ការលំបាក​អ្វីខ្លះ​ដែល​អ្នកស្រី​ប្រឈម​? ហេតុអ្វី​បានជា​អ្នកស្រី​សម្រេចចិត្ត​ខុសពី​គេ​? 
 
 
 
​អ្នកស្រី ចិន្តា បាន​ឆ្លើយថា​៖«​ខ្ញុំ​ចង់​ធ្វើ​អ្វីដែល​ខុសពី​គេ​។ គេ​វិនិយោគ​នៅ​ភ្នំពេញ សៀមរាប​…​។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​វិនិយោគ​នៅ​ខេត្ត​ឆ្ងាយៗ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ខេត្តរតនគិរី​។ ២០​ឆ្នាំមុន ខេត្តរតនគិរី អត់​មាន​អ្វី​ទេ​។ គេ​អត់​ស្គាល់​ថា អ្វី​ទៅជា​ទេសចរណ៍ធម្មជាតិ​ទេ​។ ខ្ញុំ​បាន​ចំណាយ​ថវិកា និង​ចំណេះដឹង​របស់ខ្ញុំ​ដើម្បី​បណ្តុះបណ្តាល​មគ្គុទេសក៍​ត​ទេសចរណ៍​»​។ ដោយ​រម្លឹក​ពី​ការលំបាក​កាលពី​អតីតកាល ស្ត្រី​សម្បុរ​ខ្មៅ​ស្រអែម រាង​ស្គម​ស្តើង​រូបនេះ បាន​បន្តទៀតថា​៖«​ពេលនោះ គេ​ត្រូវការ​រយៈ​៣​ថ្ងៃ​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ខេត្តរតនគិរី​»​។ អ្នកស្រី ខៃ ចិន្តា មាន​មាឌតូច​ស្តើង តែមាន​ឆន្ទៈ​ខ្ពស់ និង​មោះមុត​។ ហត់នឿយ​នឹង​ការងារ​មែន តែ​ការតាំង​ចិត្ត​របស់​នាង​មាន​កម្រិត​ខ្ពស់ជាង​។ ជារឿយៗ អ្នកស្រី ចិន្តា បើកបរ​រថយន្ត​ដោយ​ខ្លួនឯង ច្រើន​រយ​គីឡូម៉ែត្រ​ដើម្បី​ធ្វើដំណើរ​ទៅ​សណ្ឋាគារ​របស់​អ្នកស្រី​នៅតាម​ខេត្ត​កែប ក្រចេះ និង​រតនគិរី​។ ជាមួយនឹង​សម្តី​ម៉ាត់ៗ សហគ្រិន​វ័យ​កណ្តាល ខៃ ចិន្តា បាន​បញ្ជាក់ថា​៖«​កាតព្វកិច្ច និង​តម្រូវការ វា​ខ្លាំង​ជាង​ការបារម្ភ​។ ពេលខ្លះ ខ្ញុំ​បារម្ភ​ខ្លាច​ឡាន​មាន​បញ្ហា​តាមផ្លូវ​ដែរ តែ​ត្រូវតែ​ជម្នះ​»​។ 
 
​សូម​អញ្ជើញ​ស្តាប់​សំឡេង​សម្ភាស និង​វីដេអូ​៖ 

**audio1**

 
 
​គ្រួសារ​អ្នកស្រី ខៃ ចិន្តា ទាំងមូល​ស្រឡាញ់​សត្វ​ដំរី 

​អ្នកស្រី ខៃ ចិន្តា បច្ចុប្បន្ន មានកូន​បីនាក់ (​ស្រី​ពីរ​នាក់ និង​ប្រុស​ម្នាក់​)​។ កូន​ទាំង​បីនាក់​នេះ រៀន​នៅ​សាលា​បារាំង René-Descartes de Phnom Penh (​រាជធានី​ភ្នំពេញ​)​។ សម្រាប់​អ្នកស្រី ខៃ ចិ​ន្ត កាតព្វកិច្ច​ថែទាំ​កូនចៅ​ផង និង​ធ្វើ​ជំនួញ​ផង មិនមែនជា​រឿង​ធម្មតា​ឡើយ​។ ស្វាមី​របស់​អ្នកស្រី ចិន្តា បាន​ជួយ​កិច្ចការ​មួយចំនួន​មែន​។ ប៉ុន្តែ អ្នកស្រី ចិន្តា គឺជា​អ្នក​កាច់ចង្កូត​«​កិច្ចការ​»​។ ចង់​ក្លាយជា​អ្នកជំនួញ​ធំ និង​ល្បីឈ្មោះ ដូចជា​មិនមែនជា​ក្តី​ប្រាថ្នា​របស់​អ្នកស្រី ចិន្តា ទេ​។ តែ​អ្វីដែល​អ្នកស្រី ចិន្តា ចង់បាន​បំផុត គឺ​ជំនួញ​«​បៃតង​» បូក​ជាមួយនឹង​សកម្មភាព​សង្គម​។ អ្នកស្រី ខៃ ចិន្តា ចង់​ធ្វើ​កិច្ចការ​សង្គម ព្រោះ អ្នកស្រី​ធ្លាប់​ឆ្លងកាត់​ភាពក្រីក្រ ហើយ​យល់​ពី​អារម្មណ៍​អ្នកក្រីក្រ​។ 
 
 
 
​ក្រៅពី​ធ្វើ​ជំនួញ​លើ​សណ្ឋាគារ Boutique របស់ខ្លួន​នៅ​ខេត្តរតនគិរី ក្រចេះ និង​កែប អ្នកស្រី ចិន្តា បាន​ចិញ្ចឹម និង​អភិរក្ស​សត្វ​ដំរី​ចំនួន​៤​ក្បាល​។ ការចិញ្ចឹម និង​អភិរក្ស​សត្វ​ដំរី​ចំនួន​៤​ក្បាល​នៅក្នុង​ខេត្តរតនគិរី​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​អ្នកស្រី​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​មិនតិចជាង​២០​ម៉ឺន​ដុល្លារ​ឡើយ​។ ប្រទេស​កម្ពុជា​ទាំងមូល​មាន​សត្វ​ដំរី​សរុប​ចំនួន​ប្រមាណ​ជាជាង​៣០០​ក្បាល ក្នុងនោះ ដំរី​ស្រុក​មាន​ចំនួន​៧២​ក្បាល និង​ដំរីព្រៃ​២៥០​ក្បាល​។ អ្នកស្រី ចិន្តា ដែលជា​ប្រធាន​សមាគមន៍​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ដែរនោះ បានបញ្ជាក់​ពី​ទឹកចិត្ត​របស់​នាង​ជាមួយ​សត្វ​ដំរី​ថា​៖«​ដំរី​ជិត​ផុត​ពូជ​ហើយ​។ បើ​យើង​មិន​ធ្វើ មិន​អភិរក្ស តើ​មានបរ​ទេសណា​គេ​មក​ធ្វើ​?​។ ខ្មែរ​យើង​មាន​ប្រវត្តិ​ជាមួយ​សត្វ​ដំរី​។ ដំរី ជា​ព្រលឹង​ជាតិ​។ គ្រួសារ​ខ្ញុំ​ទាំងមូល ដាក់​កាយ​ចិត្ត និង​ថវិកា​ដើម្បី​អភិរក្ស​សត្វ​ដំរី​៤​ក្បាល​ហ្នឹង​។ យើង​ចង់​ជួយ​បង្កាត់​កូនដំរី​បន្ថែមទៀត​»​។ នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ សត្វ​ដំរី ត្រូវបាន​គេ​ចាត់ទុកថា ជា​សត្វ​ដែល​បាន​ជួយ​កសាង​អាណាចក្រ​ខ្មែរ ព្រោះ សត្វ​ដំរី ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​សាងសង់​ប្រាសាទ និង​ធ្វើសឹក​សង្គ្រាម​។​ល​។ 
 
 


 
​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសជាសំឡេង៖

**audio2**


 
 
​បេសកកម្ម​បន្ទាប់ អ្នកស្រី ចិន្តា គ្រោង​នឹង​បង្កើត​ភូមិ​ដើម្បី​អភិរក្ស​វប្បធម៌​ជនជាតិដើម​ភាគតិច 
 
​ដោយ​ចំណាយពេល​ប្រមាណ​ជា​២០​ឆ្នាំ​ក្នុង​ជំនួញ​ទេសចរណ៍ និង​ការអភិរក្ស​សត្វ​ដំរី​រួចមក បេសកកម្ម​របស់​អ្នកស្រី ខៃ ចិន្តា នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ នៅ​ដើមឆ្នាំ​២០១៩​នេះ អ្នកស្រី ខៃ ចិន្តា គ្រោង​នឹង​បង្កើត​ភូមិ​ដើម្បី​អភិរក្ស​វប្បធម៌​ជន​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្តរតនគិរី​។ ខេត្តរតនគិរី មាន​ជនជាតិដើម​ភាគតិច​ចំនួន​១៨​ក្រុម​។ នៅក្នុង​បរិវេណ​ដី​ប្រមាណ​ជា​៧​ហិកតា​នៅក្នុង​ខេត្តរតនគិរី អ្នកស្រី ខៃ ចិន្តា គ្រោង​នឹង​សង់ផ្ទះ​ជនជាតិដើម​ភាគតិច​ខុសៗ​គ្នា​សម្រាប់​១៨​ក្រុម​។ ព្រម​ពេល​ជាមួយគ្នា អ្នកស្រី ខៃ ចិន្តា ក៏​គ្រោង​បង្កើត​ផ្សារ​សហគមន៍​ជនជាតិដើម​ភាគតិច​ដែរ​ក្នុងន័យ​ជួយ​គាំទ្រ​ផលិតផល សម្ភារ​សិប្បកម្ម និង​អាហារ​របស់​ជនជាតិដើម​ភាគតិច​។ 
 
 
 
​អ្នកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ (Terres Rouges) និង​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា បាន​បញ្ជក់​ថា​៖«​គម្រោង​បង្កើត​ភូមិ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច ដែល​រស់នៅ​ខេត្តរតនគិរី គឺ​ដើម្បី​អភិរក្ស និង​លើកតម្កើង​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​»​។ គម្រោង​បង្កើត​ភូមិ​ជនជាតិដើម​ភាគតិច​នេះ ក៏​ព្រោះតែ​អ្នកស្រី ចិន្តា កត់សម្គាល់​ឃើញថា ភូមិ​ជនជាតិដើម​ភាគតិច ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច​អាច​នឹង​ឈានទៅរក​ការបាត់បង់​។ ជាក់ស្តែង បន្តិច​ម្តងៗ ជនជាតិដើម​ភាគតិច​ខ្លួនឯង​លែង​ចង់​រស់នៅ​ក្នុងផ្ទះ​បែប​បុរាណ​របស់ខ្លួន ហើយ​ពួកគេ​ចាប់ផ្តើម​សាងសង់​ផ្ទះ​បែប​ទំនើប​ជំនួស​វិញ​។ ដូចគ្នា​ដែរ សម្រាប់​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​នឹង​ចូល​ទស្សនា​ភូមិ​ជនជាតិដើម​ភាគតិច​បាន​ដោយ​សេរី​។ អ្នកធ្វើការ​នៅក្នុង​ភូមិ​ជនជាតិភាគតិច​មួយចំនួន​ធំ គឺជា​ជនជាតិដើម​ភាគតិច​។ សម្រាប់​អ្នកស្រី ចិន្តា ការបង្កើត​ភូមិ​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្តរតនគិរី​នេះ គឺជា​ការបង្កើត​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​បន្ថែមទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងជំនួប​រវាង​អ្នកស្រី ខៃ ចិន្តា និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ប៉ុន្មាន​ខែ​មុន លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានធ្វើ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​ភូមិ​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្ត​ភូមិភាគ​ឦសាន​ខេត្តរតនគិរី​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ជា​វីដេអូ​៖

 
​ក្នុង​មួយថ្ងៃៗ អ្នកស្រី ខៃ ចិន្តា កម្រ​នឹង​ទំនេរ​ណាស់​។ ម្យ៉ាង​អ្នកស្រី ត្រូវ​គិតគូរ​ពី​ប្រតិបត្តិការ​ជំនួញ​សណ្ឋាគារ​ទាំងបី​កន្លែង​នៅ​ខេត្តរតនគិរី ខេត្ត ក្រចេះ និង ខេត្ត កែប​។ ម្យ៉ាងទៀត អ្នកស្រី ត្រូវ​គិតគូរ​ពី​ការអភិរក្ស​សត្វ​ដំរី និង​អភិរក្ស​វប្បធម៌​ជនជាតិដើម​ភាគតិច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី ខៃ ចិន្តា បាន និង​កំពុង​បង្កើត​គំនិត​ក​សិ​-​ទេសចរណ៍ មានន័យថា នៅក្នុង​សណ្ឋាគារ Boutique របស់​អ្នកស្រី​នៅក្នុង​ខេត្ត​កែប អ្នកស្រី មិន​ត្រឹមតែ​បង្កើត Boutique ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ​។ តែ​អ្នកជំនួញ​ស្ត្រី​រូបនេះ បាន​ដាំ​ម្រេច ផ្លែ​វល្លិ (​ផ្លែ​ផា​សិន​) និង​ដំណាំ​ដទៃទៀត​ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​ដើម្បី​លក់​ផលិតផល​កសិកម្ម​ទាំងនោះ​ទៅកាន់​អតិថិជន​។ 
 
​បរិស្ថាន ធម្មជាតិ ទេសចរណ៍ សត្វ វប្បធម៌ កសិកម្ម គឺជា​ប្រធានបទ​ដែល​អ្នកស្រី ខៃ ចិន្តា ចូលចិត្ត និង​លើកឡើង ឬ​និយាយ​រាល់​ពេលដែល​អ្នកស្រី​ជួប​នរណាម្នាក់​។ បើ​ផ្អែកលើ​សកម្មភាព​បច្ចុប្បន្ន​នេះ អ្នកស្រី ខៃ ចិន្តា ទំនងជា​ពិបាក​ដកចិត្ត​ចេញពី​វិស័យនេះ​ណាស់​នៅក្នុង​ជាតិ​នេះ​។ ពេលខ្លះ ក្នុងពេល​កំពុងធ្វើដំណើ​រ​ទៅកាន់​បណ្តា​ខេត្ត អ្នកស្រី ចិន្តា បន្លឺ​ពាក្យពេចន៍​ចេញពី​មាត់​ដោយ​មិនដឹង​ខ្លួន​ថា​៖«​មួយថ្ងៃៗ​ពេលវេលា​ដើរ​លឿន​ណាស់​។ ពេលវេលា​សម្រាប់​ខ្ញុំ​ហាក់​នៅ​ខ្លី​ណាស់ រីឯ​ការងារ​នៅមាន​ច្រើន​សម្រាប់ធ្វើ​បន្ត​»៕ 










 

ព័ត៌មានទាក់ទង