ការប្រណាំង​កង់​ភ្នំ​ជុំ​ចុងក្រោយ​នៅ​គិរី​រម្យ​មាន​អ្នកចូលរួម​ប្រមាណ​៣០០​នាក់​

30/11/-0001 12:00 am កំពង់ស្ពឺ

​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជិត​៣០០​នាក់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ MTB Series 2018 ជុំ​ចុងក្រោយ​នៅលើ​ភ្នំ​គីរីរម្យ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុខ​។ ចំនួន​នេះ​មានការ​កើនឡើង បើ​ធៀប​នឹង​ការប្រកួត​ជុំ​ទី​៤​នៅ​ភ្នំ​ប្រសិទ្ធិ៍ ដែលមាន​ប្រមាណ​ជា​១៥០​នាក់​។ ការប្រណាំង​លើ​ស្ថានភាព​ផ្លូវ​បត់បែន​ជាមួយ​ឧបសគ្គ​ឡើង​ចុះ អប​ដោយ​ព្រៃ​ប្រឹក្សា ពិសេស​ដើម​ស្រល់​នៅ​សងខាង​ផ្លូវ បាន​ក្លាយជា​កត្តា​ទាក់ទាញ​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​នេះ​។ 
 
​លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ថា ការប្រកួត​ជុំ​ចុងក្រោយ​នេះ​កីឡាករ​កីឡាការិនី​មាន​សមត្ថភាព និង​បច្ចេក​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ការប្រកួត​៤​ជុំ​កន្លងមក​។ ការកើនឡើង ក៏​ដោយសារ​ការប្រកួត​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ពុំមាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ ទោះបី​ផ្លូវ​ប្រណាំង​មាន​ស្ថាន​ភាពលំបាក​យ៉ាងណាក៏ដោយ​។ 






 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត លោក​ឧកញ៉ា វង្ស ខាន់​ពៅ វាយតម្លៃ​ដូច្នេះ​ថា​៖«​ការប្រកួត​ជុំ​ចុងក្រោយ​នៅ​គីរីរម្យ យើង​សង្កេតឃើញថា ការរៀបចំ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុខ ហើយ​ការប្រកួត​ប្រព្រឹត្តទៅ​យ៉ាង​រលូន ពិសេស​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ខ្ញុំ​គិតថា គីរីរម្យ​ជាទី​តាំង​ល្អ​ជាងគេ គឺ​ផ្លូវ​ប្រណាំង​មាន​ស្ថានភាព​ល្អប្រសើរ និង​ខ្យល់អាកាស​បរិសុទ្ធ ដែល​អំណោយផល​ដល់​កីឡាករ​កីឡាការិនី និង​ការរៀបចំ​»​។​






 
​ជាមួយ​ភាពជោគជ័យ​នៅ​ឆ្នាំនេះ អគ្គលេខាធិការ​ខាងលើ​បាន​អះអាងថា លោក​នឹង​ពង្រីក​ព្រឹត្តិការណ៍​ប្រណាំង​កង់ Cambodia MTB Series ឲ្យ​កាន់តែ​ធំ​ថែមទៀត​នៅ​ឆ្នាំក្រោយ ដោយ​លោក​គ្រោង​រៀបចំ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ពី​ទីតាំងនៅ​ឆ្នាំនេះ​។ លោក​បន្ថែមថា ការពង្រីក​នេះ​អាច​ប្រព្រឹត្តទៅបាន គឺ​អាស្រ័យ​លើ​ទំហំ​នៃ​ការឧបត្ថម្ភ​របស់​ដៃគូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​៕   
 









































ព័ត៌មានទាក់ទង