Thmey Thmey 25
អ្នកស្រី សា​វេន និង​ស្ត្រី​៧​នាក់​ទៀត ជួល​ដី​១០​ហិកតា​ដាំ​ឈូក​លក់ ដោះស្រាយ​ជីវភាព​គ្រួសារ​
30/11/-0001 12:00 am បាត់ដំបង
​បាត់ដំបង​៖ ស្ត្រី​មួយក្រុម​ដែលមាន​សមាជិក​៨​នាក់ បាន​ជួល​ដី​បឹង​ទំហំ​ប្រមាណ​១០​ហិកតា នៅ​ឃុំ​អូរ​ចារ ក្រុង​បាត់ដំបង ដើម្បី​ដាំ​ឈូក​យក​ផ្លែ​លក់​ឲ្យ​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥​។ អ្នកស្រី មួង សា​វេន តំណាង​ឲ្យ​សមាជិក​ក្រុម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយថ្ងៃ​ក្រុម​អ្នកស្រី​លក់​ឈូក​អស់​បាន​ពី​២០០​ទៅ​៣០០​បាច់ និង​កំប៉ុង ដោយ​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​៤០​ម៉ឺន​រៀល​។
 
​ដើម្បី​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ទើប​អ្នកស្រី មួង សា​វេន និង​សមាជិក​ស្ត្រី​៧​នាក់​ផ្សេងទៀត ប្រកប​របរ​ដាំ​ឈូក​លក់​។ ស្ត្រី​ទាំង​៨​នាក់​នេះ បាន​ប្រកប​របរ​លក់​ឈូក​ជាង​១០​ឆ្នាំ​មកហើយ នៅក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​១០​ហិកតា​នា​ខេត្តបាត់ដំបង​។ ជា​រៀងរាល់ថ្ងៃ អតិថិជន​បានមក​ទិញ​ឈូក​របស់​អ្នកស្រី​ដល់​កន្លែង​តែម្ដង ហើយ​អ្នកទិញ​ភាគច្រើន​ជា​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី មួង សា​វេន​។ 



​ក្នុង​មួយថ្ងៃ ក្រុម​របស់​អ្នកស្រី សា​វេន អាច​រកចំណូលបាន​៤០​ម៉ឺន​រៀល ហើយ​ចំណូល​ដែល​រកបាន​ត្រូវ​ចែកគ្នា​ស្នើ​។ ផ្លែ​ឈូក​ដែល​អ្នកស្រី សា​វេន និង​សមាជិក​ដាក់លក់ រួមមាន​ឈូក​ខ្ចី​, ឈូក​ចាស់​, ឈូក​ទុំ និង​ឈូក​ស្ងោរ មានតម្លៃ​ចាប់ពី​១០០០​រៀល​ទៅ​១៥០០​រៀល​ក្នុង​១​បាច់​និង​១​កំប៉ុង​។ 



​អ្នកស្រី សា​វេន និង​សមាជិក​ស្ត្រី​ទាំង​៧​នាក់ ជ្រើសរើស​របរ​ដាំ​ឈូក​លក់​នេះ ដោយសារ​ដំណាំ​ឈូក​ងាយស្រួល​ថែទាំ ហើយ​ឆាប់​បាន​ប្រមូល​ផល ជាពិសេស​វា​មាន​ផ្លែ​គ្រប់​រដូវ​។ ឈូក​ដែល​ដាំ​ដុះ​ក្នុង​បឹង​១០​ហិកតា​នេះ មិនមែនជា​ដី​របស់​ក្រុម​អ្នកស្រី និង​សមាជិក​ឡើយ វា​ជា​ដី​ដែល​ជួល​គេ ដោយ​១​ហិកតា តម្លៃ​១៥០​ដុល្លារ​។ តាមរយៈ​របរ​លក់​ឈូក​នេះ បាន​ជួយ​សម្រាល​ដល់​ជីវភាព​របស់​អ្នកស្រី និង​សមាជិក​ច្រើនណាស់​៕




ដោយ៖ 139 © រក្សាសិទ្ធិដោយ thmeythmey25.com