«ខ្លាឃ្មុំធំ» ដេកថ្ងៃនៅតាមប្រហោងគល់ឈើធំៗ, រូងភ្នំ និងក្រហែងថ្ម!

30/11/-0001 12:00 am ព្រះវិហារ

«ខ្លាឃ្មុំធំ» ត្រូវបានថយចុះដោយសារការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ «ខ្លាឃ្មុំធំ»  វាស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ ដែលត្រូវបានការពារដោយច្បាប់ស្តីពីព្រៃឈើ និងបានចុះបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទរងគ្រោះ។

 
នៅកម្ពុជា «ខ្លាឃ្មុំធំ» រស់នៅតាមទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្ដាលស្រោង។ សត្វប្រភេទនេះក៏ឃើញមានផងដែរនៅប្រទេស ឡាវ ភូមា ថៃភាគខាងជើង និងប៉ាគីស្ថាន។ លក្ខណៈជីវសាស្ត្រ «ខ្លាឃ្មុំធំ» ចូលចិត្តរស់នៅតាមទីជម្រកតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ ហើយជាទូទៅ សត្វប្រភេទនេះដេកនៅពេលថ្ងៃនៅតាមប្រហោងគល់ឈើធំៗ រូងភ្នំ និងក្រហែងថ្មជាដើម។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
«ខ្លាឃ្មុំធំ» ចេញរកស៊ីនៅពេលយប់ ប៉ុន្តែមានពេលខ្លះរកស៊ីពេលថ្ងៃផងដែរនៅរដូវផ្លែឈើទុំ។ ចំណីអាហាររបស់ «ខ្លាឃ្មុំធំ» មានដូចជា ឃ្មុំ, ព្រួត, ឫសឈើ, សត្វល្អិត និងរុក្ខជាតិ។ «ខ្លាឃ្មុំធំ» មានលក្ខណៈបន្ស៊ាំទៅនឹងចំណីផ្សេងៗ ប៉ុន្តែចំពោះខ្លាឃ្មុំដែលចិញ្ចឹមនៅក្នុងសួនសត្វវាស៊ីចំណីដូចជា បបរសណ្តែក បន្លែ ត្រី សាច់ឆៅ ដូង។ល។
 
ការបន្តពូជរបស់«ខ្លាឃ្មុំធំ» ខ្លាឃ្មុំធំញីបង្កើតកូនម្តងបាន ១-២ក្បាល បន្ទាប់ពីពពោះរយៈពេល ៧-៨ខែ ជួនកាលមានកូនរហូតដល់ ៣-៤ក្បាល ប៉ុន្តែចំនួននេះកម្រនឹងមានណាស់។ កូនរស់នៅជាមួយមេរហូតដល់អាយុ៣ឆ្នាំ និងជួនកាលរហូត ដល់មេរបស់វាមានកូនបន្ទាប់មួយទៀត។ វាជាប្រភេទសត្វរស់នៅឯកឯង ប៉ុន្តែវារស់នៅជាគូពេលរដូវបន្តពូជតែប៉ុណ្ណោះ។
 
ភិនភាគរបស់ខ្លាឃ្មុំធំ មានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាឃ្មុំទាំងអស់ ដែលមានដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ (V) នៅខាងក្រោមករបស់វា។ ស្លឹកត្រចៀករបស់វាមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល-ដងខ្លួនពី ១២០០-១៥០០ម.ម ជាមធ្យមសត្វឈ្មោលមានទម្ងន់ពី ១១០-១៥០គ.ក រីឯញីវិញមានទម្ងន់ពី ៥៦-៩០គ.ក។ ចំណែកឯប្រអប់ជើងរបស់វាមានទំរង់ស្រដៀងទៅនឹងប្រអប់ជើងរបស់មនុស្សដែរ។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 

ព័ត៌មានទាក់ទង