លោក ថោង ខុន ថា ការចូលរួម​រត់​ទាំង​គ្រួសារ​របស់​បរទេស បង្ហាញ​ពី​សន្តិភាព​កម្ពុជា​

22/05/2020 3:07 pm សៀមរាប

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កត់សម្គាល់​ឃើញថា បរទេស​ដែល​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដែល​រៀបចំ​នៅ​បរិវេណ​អង្គរ​ខេត្តសៀមរាប ភាគច្រើន​មកជា​មួយ​មិត្តភក្តិ ក្រុមការងារ និង​គ្រួសារ​។ ការចូលរួម​ក្រោម​បែបនេះ ត្រូវ​រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​វាយតម្លៃថា ពួកគេ​ទាំងនោះ​ជឿជាក់​លើ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​កម្ពុជា​។   

 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​លោក ថោង ខុន បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ប្រទេសមួយ​កាលណា​ភ្ញៀវទេសចរ​គេ​យក​ទាំង​កូនចៅ​មកលេង មានន័យថា គេ​ជឿជាក់​លើ​សុខ​សុវត្ថិភាព​របស់​ប្រទេស​នោះ​។ បើសិន​ប្រទេសមួយ​គ្មាន​សុខសន្តិភាព និង​សុវត្ថិភាព ភ្ញៀវទេសចរ​គេ​មក​តែម្នាក់ឯង​នោះទេ គេ​មិនបាន​នាំ​ទាំង​គ្រួសារ​មកលេង​ឡើយ​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ គឺ​ពោរពេញ​ដោយ​សុខសន្តិភាព​»​។​


 
​ជាមួយ​ការ​អរគុណ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន អត្ត​ព​លិ​ក​បរទេស​ទាំងនោះ​សុទ្ធតែ​បាន​អះអាងថា ពួកគេ​នឹង​ត្រឡប់មក​ចូលរួម​នៅ​ឆ្នាំក្រោយៗ​ទៀត​។ លើសពីនេះ ពួកគេ​នឹង​យក​ដំណឹង​នេះ​ទៅប្រាប់​មិត្តភក្តិ ឬ​ក្រុមការងារ​ឲ្យ​បានដឹង​ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាងលើ​។ 


 
​កត្តា​ខាងលើ​គួបផ្សំ​ជាមួយ​ការរៀបចំ​ល្អ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ អាច​ទាក់ទាញ​អ្នករត់​ជាតិ និង​អន្តរជាតិ​រហូត​១០,៥០០​នាក់​ចូលរួម​ជាមួយ​កំណើន​១៥​ភាគរយ​។ ក្នុងនោះ​បរទេស​មាន​ចំនួន​៥,២០០​នាក់ កើនឡើង​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។ អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៧៨​ប្រទេស ខណៈ​អង់គ្លេស​ឈរ​លំដាប់​ទី​១​មាន​អ្នកចូលរួម​ច្រើនជាងគេ បន្ទាប់មក​អាមេរិក បារាំង អូស្ត្រាលី និង​ជប៉ុន​។​


 
​ក្រោយ​ឆ្លង​ការប្រកួត​យ៉ាង​ស្វិតស្វាញ កីឡាករ​បារាំង Cuzzucoli Valentin គ្រង​ជើងឯក​លើ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន ក្រោយ​ប្រើពេល​១​ម៉ោង​១៧​នាទី​និង​១៨​វិនាទី រីឯ​កីឡាករ​ជប៉ុន Daisuke Yamauchi ក្រោយ​ប្រើពេល​១​ម៉ោង​១៨​នាទី​និង​១២​វិនាទី​ទទួលបាន​លេខ​២ និង​លេខ​៣​បាន​ទៅ​កីឡាករ​ចិន Chap Man Jackey ក្រោយ​ប្រើពេល​១​ម៉ោង​១៨​នាទី​និង​៤៧​វិនាទី​។​


 
​ចំណែក​កីឡាការិនី​អូស្ត្រាលី Rosel Bec គ្រង​ជើងឯក​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​នារី​ក្រោយ​ប្រើពេល​១​ម៉ោង​២៨​នាទី​និង​៤៥​វិនាទី ខណៈ Maire Nic Amhlocibh របស់​អៀរ​ឡង់​ទទួលបាន​លេខ​២​ក្រោយ​ប្រើពេល​១​ម៉ោង​៣១​នាទី​និង​៣៣​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង Small Bronuyn ក្រោយ​ប្រើពេល​១​ម៉ោង​៣៣​នាទី​និង​៤​វិនាទី​។ 


 
​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​បុរស​ជើងឯក​បាន​ទៅលើ​កីឡាករ វ៉ាន់ ភា​រ៉ា ក្រោយ​ចាយ​ពេល​៣៤​នាទី​និង​៤៧​វិនាទី ខណៈ ជា សម្ផស្ស បាន​លេខ​២​ក្រោយ​ប្រើពេល​៣៥​នាទី​និង​៣៥​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ​អូស្ត្រាលី Happel James ជាមួយ​ពេលវេលា​៣៦​នាទី​និង​៧​វិនាទី​។ 


 
​ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី​អង់គ្លេស Clarke Lyndsay ក្រោយ​ប្រើពេល​៤០​នាទី​និង​៤៦​វិនាទី រីឯ​លេខ​២​បាន​ទៅ Watanabe Chiharu របស់​ជប៉ុន​ក្រោយ​ប្រើពេល​៤១​នាទី​និង​១៨​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាការិនី​បារាំង Geyercarles Maeva ក្រោយ​ប្រើពេល​៤១​នាទី​និង​៥៧​វិនាទី​៕ 






 

ព័ត៌មានទាក់ទង