ចាប់បានគ្រឿងក្នុងជ្រូក ច្រមុះជ្រូក គ្មានច្បាប់អនុញ្ញាតជាង ២តោននៅច្រកប៉ោយប៉ែត
ភ្នំពេញ៖ មន្ត្រីនៃក្រសួងកសិកម្ម បានឃាត់រថយន្តមួយគ្រឿង ដែលដឹកផលិតផលគ្រឿងក្នុងជ្រូក ច្រមុះជ្រូក នាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។ នេះបើតាមព័ត៌មានដែលផ្សាយនៅលើហ្វេសប៊ុកក្រសួងកសិកម្ម។
ក្រុមអន្តររាគមន៍ របស់ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៅថ្ងៃទី២ខែធ្នូ បានស្ទាក់ឃាត់រថយន្តកូរ៉េមួយគ្រឿង ដែលដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូក និងច្រមុះជ្រូកទំងន់ ២២៥០ គីឡូក្រាម ស្មើ៤២កេស ដែលនាំចូលគ្មានច្បាប់អនុញ្ញាត តាមច្រកអន្តរជាតិប៉ោយប៉ែត។
ក្រោយពីប្រតិបត្តិការនេះ មន្ត្រីជំនាញបាននាំយករថយន្ត និងវត្ថុតាងខាងលើនេះ មកការិយាល័យកសិកម្មក្រុងប៉ោយប៉ែត ដើម្បីប្រមូលយកសំណាកវិភាគ ផ្ញើទៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ស្វែងរកមេរោគជំងឺប៉េស្តអាហ្វ្រិក (ASF) និងជំងឺត្រចៀកខៀវ មុនសុំគោលការណ៍បន្តបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com