
ត្បូងឃ្មុំ៖ នៅម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៩ខែវិច្ឆិកា ក្រុមថ្មើរជើងទាំងជាង៧០០នាក់ បានចាប់ផ្តើមចេញដំណើរពីសាលាបឋមសិក្សាកោះថ្មនៃស្រុកមេមត់។ នៅមុខសាលារៀននោះ មានផ្ទាំងថ្មម៉ាបមួយ ដែលមានឆ្លាក់អក្សរដែលគេអាចអានបានថា៖«នៅទីនេះ វេលាម៉ោង២១ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ នព្វស័ក ពស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤នាក់ បានចេញដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ក្រុមថ្មើរជើងជាង៧០០នាក់ ដែលត្រូវបានចែកជា២២ក្រុម បានថតរូបអនុស្សាវរីយ៍ជាមួយផ្ទាំងថ្មនេះ មុននឹងចាប់ផ្តើមដំណើរ៤០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ប្រវត្តិសាស្ត្រ (វិមានអនុស្សាវរីយ៍២ធ្នូ ក្នុងស្រុកស្នួល)។ លោក ហ៊ុន ម៉ានី ដែលស្ថិតនៅក្នុងក្រុមទី៨ ក៏បានចេញដំណើរពីចំណុចថ្មម៉ាបនេះដែរ។
កំពុងធ្វើដំណើរជាមួយក្រុម លោក ហ៊ុន ម៉ានី ដែលកូនប្រុសរបស់អតីតសមមិត្ត ហ៊ុន សែន បានផ្តល់សម្ភាសន៍ខ្លីដល់សារព័ត៌មានថ្មីៗ ដើម្បីផ្តល់ចំណាប់អារម្មណ៍របស់លោកអំពីព្រឹត្តិការណ៍ថ្មើរជើង ដែលទើបតែចាប់ផ្តើមចេញពីទីតាំងអនុស្សាវរីយ៍របស់ឪពុកលោកកាលពី៤១ឆ្នាំមុន។
សំឡេងសម្ភាស៖
**audio2**
លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍៤០គីឡូម៉ែត្រនេះ គឺជាមេរៀនមួយដែលយុវជនជំនាន់ក្រោយ គួរតែយកចិត្តទុកដាក់ ចងចាំថា នៅពេលដែលប្រទេសត្រូវការ តើអ្វីខ្លះជាតម្លៃដែលយុវជនត្រូវហ៊ានលះបង់ ដើម្បីបុព្វហេតុ និងភាពសប្បាយ រីករាយ របស់ប្រជាជន?
កូនប្រុសពៅរបស់អតីតសមមិត្ត ហ៊ុន សែន មានឯកសណ្ឋានអាវយឺតពណ៌ស ខោជើងវែងប្រភេទពណ៌ទឹកដោះគោ និងស្បែកជើងកីឡា ដោយមានស្ពាយកាបូបតូចល្មមមួយផង។ លោក ម៉ានី បានបន្តប្រាប់អ្នកសារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«ក្រៅពីចង់បង្ហាញឲ្យយុវជនយើងបច្ចុប្បន្ន ដឹងពីតម្លៃនៃការលះបង់ និងការត្រៀមខ្លួននៅពេលដែលប្រទេសជាតិត្រូវការ ក្នុងនាមជាកូន ការរៀបចំព្រឹត្តិការនេះ គឺ ដើម្បីរំឮកដល់ការតស៊ូ និងការលះបង់របស់ពុក ។
ទោះយ៉ាងណាក៏ដោយ សម្រាប់លោក ហ៊ុន ម៉ានី ៤០គីឡូម៉ែត្រ មិនអាចមានន័យស្មើការឆ្លងកាត់របស់យុវជនជំនាន់មុននោះទេ។ ដើរបណ្តើរ មើលផ្លូវដែលចាកចេញពីភូមិឆ្លងកាត់ស្រែបណ្តើរ លោក ម៉ានី ពន្យល់បន្ថែមថា៖« តែយើងចង់ឲ្យយុវជនយល់ដឹងថែម ឲ្យស៊ីជម្រៅ លើសពីអ្វីដែលយើងរៀននៅក្នុងក្រដាស ដែលយើងអាចគិតថាស្រួល។ តែឱកាសនៃការដើរ៤០គីឡូម៉ែត្រនេះ អាចឲ្យដឹងថា តើការយកជីវិតជាដើមទុន ដើម្បីរំដោះមាតុភូមិនេះ វាមិនមែនសាមញ្ញពេកនោះទេ»។
លោក ហ៊ុន ម៉ានី សង្ឃឹមថា ក្រោយពីដំណើរ៤០គីឡូម៉ែត្រនេះ យុវជនអ្នកចូលរួមនឹងដឹងច្បាស់ពីការតស៊ូរបស់យុវជនជំនាន់មុន ហើយពួកគាត់ខ្លួនឯង នឹងក្លាយជាធនធាន និងជាអ្នកការពារប្រទេសជាតិរួចជាស្រេច។
«ហើយបើសិនជាប្រទេសត្រូវការយើង យើងនឹងត្រៀមខ្លួន ហ៊ានលះបង់ ដើម្បីភាពសប្បាយរីករាយរបស់ប្រជាជន»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

