អាជ្ញាធរ បដិសេធ​រឿង​កាត់​ដី​ពលរដ្ឋ ឲ្យ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក

30/11/-0001 12:00 am កំពង់ឆ្នាំង

​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៣ ក្នុងស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ផ្ទុះ​ការតវ៉ា​រឿង​ដីធ្លី ដែល​អាជ្ញាធរ​កាត់​យកទៅ​ឲ្យ​ជនជាតិ​វៀតណាម ជម្លៀស​ពីលើ​ទឹក​បឹង​ទន្លេសាប ឡើងមក​លើគោក តាម​គោលការណ៍​រដ្ឋាភិបាល​។ ប៉ុន្តែ​អាជ្ញាធរ ច្រានចោល​ការលើកឡើង​របស់​ពលរដ្ឋ​ទាំងនោះ​។

 
​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៍ បដិសេធថា ទំហំ​ដី​១៦​ហិកតា ដែល​អាជ្ញាធរ​កាត់​ចេញពី​ពលរដ្ឋ​៣៣​គ្រួសារ ក្នុងភូមិ​ស្នោ ភូមិ​សេរី និង​ភូមិ​ល្បើក ក្នុង​ឃុំ​ខុន​រ៉ង គឺ​មិនមែន​ដី​កម្មសិទ្ធិ​របស់​ពួកគេ​ទេ ពោលគឺ​ពលរដ្ឋ​ទាំងនោះ បាន​ចូល​រុករាន និង​លួច​ឈូសឆាយ​យក រយៈពេល​ពីរ​ឆ្នាំ​មកហើយ ទើបតែ​អាជ្ញាធរ​សម្រេចយក​វិញ​នេះ ទើប​មាន​ការតវ៉ា​តែម្ដង​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អភិបាលស្រុក​រូបនេះ បាន​បញ្ជាក់ថា​៖«​ដី​តំបន់​ទាំងបី​ហ្នឹង ពួកគាត់​លួច​គាស់​កាយ​រាន​ដី​។ ពេល​ពួកគាត់​ឈូសឆាយ យើង​បាន​ហាម និង​អប់រំ​គាត់​ច្រើនលើកច្រើនសារ​ហើយ ។ ដល់ពេល​យើង​រៀបចំ​បម្លាស់​ទី​ប្រជាជន​លើ​ដងផ្លូវ មក​ជាន់​លើដី​ស្រែ​ពួកគាត់​លើ​ស្រែ​គាត់​ជីក​នៅ​ផ្លូវ​ទេ ស្រែ​គាត់​ជីក​រាន​ក្បែរផ្លូវ​ហ្នឹង សរុបទៅ​ប្រហែល​១៦​ហិកតា ហើយ​ដីស្រែ​ក្រៅពី​ហ្នឹង យើង​ឲ្យ​ពួកគាត់​អាស្រ័យ​ផល​ធម្មតា​។ ដី​ពួកគាត់​ឈូសឆាយ​រាន​ហ្នឹង ជា​ដី​របស់​រដ្ឋ​ទេ ពួកគាត់​គាស់​កាយ​រុករាន​នេះ ពីរ​ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ​២០១៦ និង​២០១៧​មក​»​។​
 
​បើតាម​លោក ឃួន សៅ​រុំ អាជ្ញាធរ​ក៏បាន​ពន្យល់​ពលរដ្ឋ​ទាំង​៣៣​គ្រួសារ​នោះ ពី​ហេតុផល​ខាងលើ​នេះដែរ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ទទួលយក​ឡើយ​។ ហើយ​ពលរដ្ឋ​ទាំងនោះ បាន​បន្ត​មក​ដាក់ពាក្យ​ប្ដឹងតវ៉ា​ដល់​សាលាខេត្ត​ករណីនេះ ក្រោម​ហេតុផល​ថា ការ​កាត់​ដី​ឲ្យ​ទៅ​ពលរដ្ឋ​ជម្លៀស​ពី​ទឹក​នេះ គឺ​ប៉ះពាល់​ដល់​ការធ្វើ​ស្រែចំការ​របស់​ពួកគេ ។ ពលរដ្ឋ​ទាំងនេះ បាន​ផ្ទុះ​ការតវ៉ា​ដីធ្លី តាំងពី​ខែតុលា​មក​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋបាលខេត្ត​បាន​បញ្ជូន​មន្ត្រី​ជំនាញ ចុះទៅ​ត្រួតពិនិត្យ​លើ​ករណី​ពលរដ្ឋ​តវ៉ា​នេះហើយ​។​
​ពលរដ្ឋ​រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក​ទូទាំង​ខេត្តកំពង់ឆ្នាំង​មាន​សរុប ៤,៣៨៥​គ្រួសារ​។ ក្នុងនោះ ពលរដ្ឋ​វៀតណាម មាន​២១៩៧​គ្រួសារ និង​២១៨៨​គ្រួសារ​ទៀត ជា​ពលរដ្ឋ​ខ្មែរ​-​ឥស្លាម​។ នេះ​បើតាម​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ​។​
 
​ទាក់ទង​នឹង​ការជម្លៀស​ពលរដ្ឋ​រស់​នៅលើផ្ទះ​បណ្ដែត​ទឹក លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​និយាយថា គោលការណ៍​ដែល​រដ្ឋាភិបាល ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​នោះមក​រស់នៅ​លើដី​គោក​វិញ ដើម្បី​កាត់បន្ថយ​បញ្ហា​កង្វះ​អនាម័យ​ក្នុងការ​រស់នៅ​របស់​ពួកគេ​។ ជាពិសេស​ការពារ​បរិ​ស្ថាន​បឹង​ទន្លេសាប​ឡើងវិញ​។ 
 
​ពលរដ្ឋ​ដែល​ជម្លៀស​ពី​ទឹក​មកលើ​គោក​នេះ រដ្ឋាភិបាល ស្វែងរក​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​ពលរដ្ឋ​ឡើយ​។ ដោយឡែក​ជនជាតិ​វៀតណាម ដែល​ត្រូវ​មក​រស់នៅ​លើគោក​វិញ​នេះ ត្រូវ​ជួល​ដី​របស់​ក្រុមហ៊ុន​រស់នៅ តាម​ការរៀបចំ​របស់​អាជ្ញាធរ​។ នេះ​បើតាម​លោក ខៀវ សុភ័គ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្មាន​អាជ្ញាធរ​ណា​គេ​កាត់​ដី​ពលរដ្ឋ​ទៅ​ឲ្យ​គេ​(​វៀតណាម​រស់នៅ​លើទឹក​)​ទេ​។ គេ​មាន​ដី​មួយ ដែល​អះអាងថា ជា​របស់​ក្រុមហ៊ុន ហើយ​អ្នក​ដែល​ត្រូវ​រស់នៅ​លើដី​ថ្មី​ហ្នឹង គាត់​ត្រូវ​ជួល​ក្នុងតម្លៃ​ណាមួយ​ពី​ម្ចាស់​ដី​ហ្នឹង​។ អ៊ីចឹង​ដី​ហ្នឹង​ជា​ដីឯកជន​(​ក្រុមហ៊ុន​)​ទេ អត់​មាន​ឲ្យ​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​ទេ ជាគោលការណ៍​។ ហើយ​ក្នុងន័យ​កាត់​ដី​ពលរដ្ឋ​ឲ្យ​ទៅ​ជនជាតិ​វៀតណាម ដែល​ឡើង​ពី​ក្នុង​ទឹក​មក​រស់នៅ​លើគោក​វិញ​នេះ គឺ​ក្រសួងមហាផ្ទៃ​មិន​ធ្វើ​រឿង​ហ្នឹង​ទេ គឺ​ជំទាស់​ហើយ​។ ដូច្នេះ​ដី​ដែល​ប្ដូរ​ឲ្យ​ពួកគាត់​រស់នៅ​លើដី លើដី​គោក​នេះ គឺជា​ដីឯកជន​ទេ សម្រាប់​ជួល​ឲ្យ​អ្នក​ឡើងមក​រស់​លើដី​ថ្មី​»​។​
 
​កន្លងមក​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពីដើម​ខែវិច្ឆិកា ក៏​ធ្លាប់​បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោះស្រាយ​បញ្ហា​ជម្លៀស​ពលរដ្ឋ​រស់នៅ​លើ​ទឹក​មកលើ​គោក​វិញ​នេះ ដោយ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ផងដែរ​។​
 
​កាលពី​ខែតុលា​កន្លងមក អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​ជម្លៀស​ពលរដ្ឋ​ខ្មែរ និង​ជនអន្ដោប្រវេសន៍​វៀតណាម រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក លើ​បឹង​ទន្លេសាប ឡើងគោក​ទាំងអស់​។ កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​ក្រៅពីនោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ​ទៀត​។​
 
​បើតាម​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៍ ពលរដ្ឋ​ដែល​ត្រូវ​មក​រស់នៅ​លើដី​ថ្មី ក្នុងស្រុក​របស់លោក មាន​ជាង​១៨០០​គ្រួសារ ដោយ​អាច​ស្នាក់នៅ​លើដី​ទំហំ​ទទឹង ១០ ឬ​១២​ម៉ែត្រ ហើយ​បណ្ដោយ​ប្រវែង​២៥​ម៉ែត្រ​៕

ព័ត៌មានទាក់ទង