សូម​អញ្ជើញ​ទៅ​ទស្សនា​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​

30/11/-0001 12:00 am ស្ទឹងត្រែង

ដោយ​៖ អ្នកស្រី ជា សីលា​/ USAID Wonders of the Mekong
 
​តំបន់ដីសើម គឺជា​ប្រព័ន្ធ​អេកូឡូស៊ី ដែល​គ្របដណ្តប់​ដោយ​ដែនទឹក​ពេញ​មួយឆ្នាំ ឬ រយៈពេល​ជាក់លាក់​ណាមួយ​។ តំបន់ដីសើម អាច​ស្ថិតនៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដាច់ដោយឡែក​ពីគ្នា ដូចជា​នៅក្នុង​តំបន់​ទឹកសាប តំបន់​ទឹកប្រៃ ឬ​ទឹក​ភ្លាវ និង​តំបន់​ដែល​បង្កើតឡើង​ដោយ​មនុស្ស ដូចជា​អាង​ស្តុក​ទឹក និង​តំបន់​វាលស្រែ​។​ល​។​
 
​ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​រ៉ា​ម​សារ កម្ពុជា បានកំណត់​តំបន់ដីសើម​ចំនួន​៥​កន្លែង ដែល​គ្របដណ្តប់ លើ​ផ្ទៃដី​សរុប​ចំនួន ៨៥២៣៥ ហិកតា  ស្ថិតនៅក្នុង​តំបន់​ផ្សេងៗ​គ្នា នៃ​ប្រទេស​កម្ពុជា មានដូចជា​៖ តំបន់​រ៉ា​ម​សារ បឹង​ទន្លេសាប មាន​បី​តំបន់​គឺ តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ និង​តំបន់​រ៉ា​ម​សារ ព្រែក​ទាល់ ឬ តំបន់​ឋបនីយ​ជីវ​មណ្ឌល​ជម្រក​បក្សី ព្រែក​ទាល់ ក្នុង​ខេត្តបាត់ដំបង​។ តំបន់​រ៉ា​ម​សារ​ទន្លេមេគង្គ មាន មួយ​តំបន់​គឺ​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​។ តំបន់​រ៉ា​ម​សារ​តំបន់ឆ្នេរ​មាន​មួយ​តំបន់​គឺ តំបន់​រ៉ា​ម​សារ​កោះ​កាពិ ក្នុង​ខេត្តកោះកុង​។​
 
​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ មាន​ទំហំ​១៤៦០០​ហិកតា លាតសន្ធឹង​ប្រវែង​៣៧ គីឡូម៉ែត្រ​។ ក្នុងនោះ មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ ខាងលើ​ទី​រួម​ខេត្តស្ទឹងត្រែង និង​ប្រវែង ២ ទៅ​៣​គីឡូម៉ែត្រ ជាប់​នឹង​ព្រំប្រទល់​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ និង​បាន​ចុះ​ក្នុង​បញ្ជី​តំបន់ដីសើម​អន្តរជាតិ (​អនុសញ្ញា​រ៉ា​ម​សារ​) ក្នុង​ឆ្នាំ​១៩៩៩​។ តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង មាន​សារៈសំខាន់​ណាស់​សម្រាប់​បរិស្ថាន​។ តំបន់​នេះ មាន ទី​ជម្រាល និង​ផ្ទៃ​រងទឹក​ភ្លៀង បឹងបួរ អូរ ដែល​អាចជួយ​កាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ​នៃ​ទឹកជំនន់ និង​ជា​ប្រភពទឹក សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ភាពសម្បូរ​បែប​នៃ​ជីវៈចម្រុះ ព្រមទាំង​បានផ្តល់​ជា​ជម្រក កន្លែង​បង្ក​កំណើត និង រក​ចំណី​សម្រាប់​ធនធាន​ជលផល សត្វ​ស្លាប ថនិកសត្វ ល្មូ​ន សត្វល្អិត និង ព្រៃ​លិច​ទឹក ជាពិសេស ពពួក​រុក្ខជាតិ និង​ប្រភេទ​សត្វ​កម្រ ឬ ងាយ​រងគ្រោះ​នានា​។ 
 
​តំបន់ដីសើម​ទាំងនេះ បាន​ផ្សារភ្ជាប់​ទៅនឹង​របរ​ចិញ្ចឹមជីវិត និង​ប្រពៃណី​វប្បធម៌​របស់​ប្រជាជន​មូលដ្ឋាន​។ វា បានផ្តល់​ជា​ចំណីអាហារ ត្រី សាច់ បន្លែ និង​រុក្ខជាតិ​សម្រាប់​ផ្សំ​ជា​ឳ​សថ​បុរាណ ។ បន្ថែម​ពីលើ​នេះ តំបន់​រ៉ា​ម​សារ​ក៏ មានតម្លៃ​លើ​ការអប់រំ និង​ការសិក្សា​ស្រាវជ្រាវ សម្រាប់​ក្រុមនិស្សិត ឬ​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​វា​បានផ្តល់ នូវ​សោ​ភ័​ណ្ឌ​ភាព និង​ទេសភាព សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ផងដែរ​។​
 
​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង មាន​លក្ខណៈពិសេស ដោយសារ​វា​មាន​អន្លង់​ទឹក​ជ្រៅៗ មាន​ថ្ម​ប៉ប្រះ​ទឹក ទឹក​វិល ទឹក​ជួរ ដែលជា​អំណោយផល់​ដល់​ត្រី​មេ​ពូជ​បង្ក​កំណើត និង​រស់នៅ​។ ក្រៅពីនេះ មាន​កោះ​តូច​-​ធំ វាល​ខ្សាច់ មាន ព្រៃ​លិច​ទឹកតូច​-​ធំ យ៉ាង​ល្អ​ប្លែក​ភ្នែក ជាង​តំបន់​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បង្ហាញ​ពី​ប្រភេទ​ត្រី​ប្រមាណ ១៣០​ប្រភេទ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឆ្នាំ​២០០៧ និង​ក្រោយ​បាន​រកឃើញ​លើសពី​២០៧​ប្រភេទ​ត្រី​។ ប្រភេទ​សត្វ​ស្លាប​ប្រហែល​២៣១​ប្រភេទ​ត្រូវ​បានកំណត់​មាន ដូចជា ក្អែក​ទឹកធំ ក្អែកទឹក​មធ្យម អក​ត្រី​ក្បាល​ប្រផេះ ស្មោញ កេងកង​ធំ រំពេ​ទន្លេ ក្ងោក ត្មាតផេះ ត្មាតភ្លើង​។​ល​។ បន្ថែម​ពីនេះ​ទៀត​នៅមាន​សត្វ​ល្មូ​ន​៤២​ប្រភេទ និង​ថនឹក​សត្វ​រស់នៅក្នុង និង​ក្បែរ​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​ផងដែរ​។  
 
​យោងតាម​ប្រសាសន៍​របស់លោក និ​ន ពិសី នាយក​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង និង​លោក ភោគ និមល មន្ត្រី​ឧ​ទ្យា​នុ​រក្ស តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា អ្នក​ទេសចរណ៍​អាច​អញ្ជើញ​មក​កំសាន្ត និង ស្វែងយល់​ពី​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង តាម​ប្រតិទិន រដូវ​កាល​ដូចខាងក្រោម​៖
 
​ក្នុង​ចន្លោះ​ពី​ខែកុម្ភៈ ដល់​ខែឧសភា អ្នក​ទេសចរណ៍​អាច​ឃើញ​សត្វ​ស្លាប​ចុះ  មានដូចជា ៖ ហ្វូង​ក្អែកទឹក ស្មោញ និង ត្រ​យ៉ង​ចំ​កំ​កស​។ មើល​ព្រៃ​លិច​ទឹក​ដុះ​ក្នុង​ទន្លេ ឬ តាម​កោះ​តូចធំៗ តាម​ថ្ម​ប​ប្រ៉ះ​ទឹក​។ ព្រៃ​លិច​ទឹក  មានដូចជា​៖ ដើម​អ​ញ្ជែ​ង ដើម​ធ្មា ដើម​រាំង ដើម​រៃ ដើម​អណ្តែង ដើម​ជ្រៃ ដើម​ព្រីង​ទឹក ដើម​ក្រុស និង​ប្រភេទ​ស្មៅ ដែល ខ្លះ​លិច​បាត់​ក្នុង​ទឹក ខ្លះ​ងើប​ចេញពី​ទឹក​ត្រឹម​ពាក់កណ្តាល​ដើម​នៅ​រដូវវស្សា ហើយ​ងើប​ចេញពី​ទឹក និង​ចេញ​ឬ​ស ទៅ​ដី​រយីងរយោង​។ ចំពោះ​ដើម​អ​ញ្ជែ​ង​ដែល​ដុះ​នៅ​កណ្តាលទន្លេ ឬ ច្រក​ទឹក​ហូរ ភាគច្រើន បាន​ទន់​ទេរ​តាម កម្លាំង​ខ្សែទឹក​ហូរ គយគន់​យូរៗ​ទៅ ប្រៀបបាន​នឹង​សក់​មនុស្ស​ស្រី​ផាត់​តាម​កម្លាំង​ខ្យល់​បក់​។ ព្រៃ​លិច​ទឹក​ទាំងនោះ បានផ្តល់​ជា​ផ្កា ស្លឹក ផ្លែ​សម្រាប់​ជា​ចំណី​មនុស្ស និង ត្រី​ផងដែរ ដូចជា​ផ្កា​អណ្តែង និង​ដើម​ទន្លា​ជាដើម​។ 
 

​ទេសភាព​តំបន់​ព្រៃ​លិច​ទឹក និង​កោះ​ខ្សាច់​ក្បែរ​កន្ទុយ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​។  អ្នកស្រី ជា សីលា​។​
 
​អ្នក​ទេសចរណ៍ ដែល​ចង់​ស្វែងយល់​ពី​ជីវភាព ប្រពៃណី​វប្បធម៌​របស់​អ្នកភូមិ អាច​ទៅ​ចូលរួម​នេសាទ​ជាមួយ ពួកគាត់​បាន ឬក៏​បរិភោគ​ត្រី​ស្រស់ៗ ដែល​នេសាទ​បាន​ពី​ទន្លេ​ភ្លាមៗ មានដូចជា​ត្រី​ប៉ា​សេ​អីុចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា ត្រី​កែ្អ​ក ក្នុង​ខែកញ្ញា ត្រី​ក្របី ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា ត្រី​ត្រសក់ ក្នុង​ខែវិច្ឆិកា ត្រី​ប៉ា​វ៉ា ត្រី​កេស​ជម្រៅ  ត្រី​ក្លាំងហាយ ត្រី​ប្រ​ម៉ា​។​ល​។ អ្នក​ទេសចរណ៍​ក៏​អាច​ចូលរួម​ទៅ​បាច​ចង្រិត​ជាមួយ​អ្នកភូមិ នៅតាម​កោះ​ខ្សាច់ ចាប់ពី​ខែវិច្ឆិកា ដល់​ខែធ្នូ​ព្រមទាំង​អាច​ទៅ​ភ្លក់​បន្លែ និង​ផ្លែឈើ មានដូចជា​៖ ក្រូច ពោត ឪ​ឡឺ​ក បិុគក់ ដែល​ដាំ​ដុះ​ដោយ​អ្នកភូមិ​នៅតាម​កោះ​។​
 
​ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ និង​ជាម​ន្ត្រី​ជំនាញ​ធ្វើការ​នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅ​តំបន់ ចូលរួម​ថែរក្សា ការពារ អភិរក្ស និង​ប្រើប្រាស់​ធនធាន ដែលមាន​នៅក្នុង​តំបន់ ដី​សើម​ប្រកបដោយ​ចីរភាព និង​ភាពឈ្លាសវៃ​។ ចូរ​ចាំ​ថា ធនធានធម្មជាតិ​ទាំងអស់នេះ​ជា​របស់​យើងទាំងអស់គ្នា​។​
 

ព័ត៌មានទាក់ទង