អ្នកស្រី ជ័យ ណុំ យក​កូន​ត្នោត​ស្ងោរ​ពី​កំពង់ឆ្នាំង មក​លក់​នៅក្នុង​ពិធីបុណ្យ​អុំទូក​

30/11/-0001 12:00 am កំពង់ឆ្នាំង

​ភ្នំពេញ​៖ ស្រី្ត​វ័យ​៥១​ឆ្នាំ​មួយរូប បានធ្វើ​ដំណើរ​ពី​ស្រុកកំណើត​របស់ខ្លួន នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​លក់​កូន​ត្នោត​ស្ងោរ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​។ ការលក់​នេះ គឺ​ដើម្បី​ចំណូល​គ្រួសារ​ផង និង​ចង់​ឲ្យ​គេ​ស្គាល់​ពី​រសជាតិ​កូន​ត្នោត​ស្ងោរ​ផង​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ជ័យ ណុំ​។
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ThmeyThmey ស្រី្ត​វ័យ​៥១​ឆ្នាំ​រូបនេះ បាន​និយាយថា កូន​ត្នោត​ស្ងោរ ដែល​អ្នកស្រី​យកមក​លក់​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​រាល់​ឆ្នាំ គឺ​លក់ដាច់​អស់ៗ មិនដែល​សល់​ឡើយ​។ អ្នកទិញ​ភាគច្រើន​ជាម​នុស្ស មិនដែល​ស្គាល់ ឬ​ស្គាល់​បាន​តិចតួច​ពី​កូន​ត្នោត​ស្ងោរ​នេះ​។  
 
​អ្នកស្រី ជ័យ ណុំ បាន​អះអាង​ដូច្នេះ​«​បានជា​ខ្ញុំ​ខំ​ធ្វើដំណើរ​ពី​ខេត្ត​មក​លក់​កូន​ត្នោត​ស្ងោរ ក្នុង​ពិធីបុណ្យ​អុំទូក តម្លៃ​២០០០​រៀល​ក្នុង​មួយ​ចង្កោម ដោយ​ទូទាត់​ចំណាយ​រួច​អស់​នៅសល់តែ​ជាង​១០,០០០​រៀល ព្រោះ ពេលដែល​ខ្ញុំ​បាន​លក់​កូន​ត្នោត​ស្ងោរ​នៅទីនេះ មាន​អារម្មណ៍​សប្បាយរីករាយ ពិសេស​ពេល​មាន​គេ​ចោមរោម​ទិញ និង​សួរនាំ​អំពី​វា​។ បើ​លក់​គិត​ទៅលើ​ចំណេញ​គឺ​គ្មានទេ ខ្ញុំ​លក់​នេះ គ្រាន់តែ​ចង់​ឲ្យ​គេ ស្គាល់​ពី​ចំណី​ប្រភេទ​នេះ និង​ចង់​មក​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក នឹង​គេ​ផងដែរ​»​។ 
 
​នៅពេល​លក់​កូន​ត្នោត​ស្ងោរ​នេះ​អស់ អ្នកស្រី ជ័យ ណុំ ធ្វើដំណើរ​តាម​រថយន្តឈ្នួល  ទៅ​ស្រុក​វិញ​។ នៅ​ថ្ងៃ​បុណ្យអុំទូក​ចុងក្រោយ ទី​២៣​វិច្ឆិកា​នេះ អ្នកស្រី​ត្រូវ​ដំណើរ​មក​ភ្នំពេញ​វិញ ដោយ​យក​ក្រឡាន​មក​លក់​ជំនួស​កូន​ត្នោត​ស្ងោរ​វិញ ដោយសារ​ឆ្នាំនេះ កូន​ត្នោត​មិន​សំបូរ​ដូច​ឆ្នាំ​មុខៗ​៕ 
 
 
















ព័ត៌មានទាក់ទង