ក្នុងតំបន់អាស៊ាន សត្វ «រមាំង» រស់នៅកម្ពុជាច្រើនជាងគេ

30/11/-0001 12:00 am បន្ទាយមានជ័យ

ក្រុមប្រភេទសត្វ «រមាំង» Cervus siamensis មានច្រើនជាងគេនៅប្រទេសកម្ពុជា បើធៀបទៅនឹងប្រទេស ថៃ,ឡាវ និងវៀតណាម។ សត្វ «រមាំង» ស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយវាកំពុងរង គ្រោះថ្នាក់ ដោយសារការបរបាញ់យកសាច់, ស្បែក, ស្នែង និងឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម។ សត្វ «រមាំង» ប្រភេទខាងលើ ត្រូវបាន ចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ ហើយស្ថិតនៅក្នុងក្រុមជិតផុតពូជ។


 
ចំនួនសត្វ «រមាំង» មាននៅខេត្តស្ទឹងត្រែងក្នុងស្រុកសៀងប៉ាង, មណ្ឌលគិរី, រតនគិរី, ក្រចេះ(មានតិចតួច), កំពង់ស្ពឺ, បន្ទាយមានជ័យ (ក្នុងតំបន់អភិរក្សសត្វក្រៀលអាងត្រពាងថ្ម), ពោធិ៍សាត់, ឧត្តរមានជ័យ និងខេត្តសៀមរាប។ ជាពិសេសនៅខេត្តសៀមរាបក្នុងស្រុកឆែប, ជាំក្សាន្ត, គូលែន និងសង្គមថ្មី ប្រមាណ១០០ក្បាល ដែល ជាទិន្នន័យមួយបាននឹងកំពុងអភិរក្ស។ សត្វ «រមាំង» ត្រូវបានគេឃើញវានៅឡាវ ប៉ុន្តែមានតិចតួច និងកោះហៃណាន។ ដោយឡែកនៅប្រទេសថៃ ត្រូវបានផុតពូជពីធម្មជាតិ ចំណែកនៅវៀតណាមប្រហែលជាផុតពូជផងដែរ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
លក្ខណៈជីវសាស្រ្ត «រមាំង» វាចូលចិត្តរស់នៅតាមវាលទំនាបដែលសម្បូរទៅដោយ ថ្លុក ឬ ត្រពាំង, វាលស្រែ និងព្រៃរបោះ។ ចំណីរបស់វាមានដូចជា ស្មៅ, ស្បូវ, ព្រេច, ល្បះរុក្ខជាតិ និងផ្លែឈើ។ «រមាំង» ជាសត្វមិនសូវផ្អើលទេ វារស់នៅជាហ្វូងពី១០-១៥ក្បាល។ វាជម្រុះស្នែងរាល់ឆ្នាំ នៅអំឡុងខែមិថុនា ដែលជារដូវកាលសម្បូរចំណីសម្រាប់ការលូតលាស់ស្នែងរបស់វា។ «រមាំង» ញីបន្តពូជ នៅចន្លោះខែមីនា-ឧសភា ហើយកើតកូនម្ដង១ក្បាល បន្ទាប់ពីពពោះរយៈពេលពី៦-៨ខែ។
 
ភិនភាគរបស់រមាំង ស្នែងរបស់វាមានលក្ខណៈខុសពីស្នែងសត្វប្រើស ដោយនៅផ្នែកគល់នៃស្នែងបែកខ្នែងពីរមួយស្រួចដុះ គ្របលើចិញ្ចើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយកោងខុបទៅមុខ។  ចំណែកខាងចុង ស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ រមាំងជាថនិកសត្វ ដែលមានមាឌតូចជាប្រើស និងធំជាងសត្វឈ្លូសបន្តិច។ 
ជាទូទៅ «រមាំង» មានសម្បុរស្រអាប់ ឬលឿងក្រម៉ៅចាស់មានអុចៗសនៅផ្នែកចំហៀងខ្លួន បើនៅផ្នែកខាងក្រោមពោះនិងក មានពណ៌ស ប៉ុន្តែសម្បុរនេះអាចប្រែប្រួលទៅតាមរដូវកាល។ បើនៅរដូវជម្រុះស្នែង វាមានរោមវែងៗជិតរុំចម្រុះពណ៌ប្រ ផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់កដែលមានរោមប្រែងមើលទៅគួរឱ្យចង់គយគន់។ 
 
ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅ ថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 

ព័ត៌មានទាក់ទង