ប្រធាន​អង្គការ​ពលរដ្ឋ​ដើម្បី​ការអប់រំ ៖​ការផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ គឺ​ជួយ​ឲ្យ​ពួកគេ​រួច​ផុតពី​ការបោះបង់​ការសិក្សា​

30/11/-0001 12:00 am ឧត្តរមានជ័យ

​ឧ​ត្ត​រ​មានជ័យ​៖  អង្គការ​ពលរដ្ឋ​ដើម្បី​ការអប់រំ​(CFE) បាន​យក​សម្ភារ​សិក្សា​មួយចំនួន ទៅ​ចែកជូន​សិស្ស​ក្រីក្រ​សរុប​២២៧​នាក់ នៅ​សាលាបឋមសិក្សា​លំ​ទង​ចាស់ ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល នៅ​ភូមិ​លំ​ទង​ចាស់  ឃុំ​លំ​ទង ស្រុក​អន្លង​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
 
​អង្គការ​ពលរដ្ឋ​ដើម្បី​ការអប់រំ បានផ្តល់​សម្ភារ​សិក្សា​មួយចំនួន​ដល់​សិស្ស​ទាំងនោះ រួមមាន សៀវភៅ ប៊ិច ខ្មៅ​ដៃ និង​សម្ភារ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ពួកគេ ក៏ដូចជា​អា​ព្យាបាល​ផងដែរ​។​
 
​លោក លីម តក់ ប្រធាន​អង្គការ​ពលរដ្ឋ​ដើម្បី​ការអប់រំ បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ការចែក​សម្ភារ​សិក្សា​ឲ្យ​សិស្ស​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ការរៀនសូត្រ​របស់​ពួកគេ ឲ្យ​មាន​សម្ភារ​រៀន​គ្រប់គ្រាន់ ដូច​សិស្ស​ដទៃ​ដែលមាន​កម្រិតជីវភាព​គ្រួសារ​ដ៏​ប្រសើរ​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ចំណែក​មួយ ក្នុង​ការជួយ​ដល់​កូនសិស្ស​ទាំងនោះ រួច​ផុតពី​ភាព​បោះបង់​ការសិក្សា​តាំងពី​តូច តាមរយៈ​ការពន្យល់​ណែនាំ​អាណាព្យាបាល​សិស្ស ឲ្យ​យល់​ពី​តម្លៃ​សិក្សា​របស់​កូន​។ 
 
​អង្គការ​ពលរដ្ឋ​ដើម្បី​ការអប់រំ បាន​បង្កើតឡើង និង​អនុវត្ត​សកម្មភាព​បែបនេះ ចាប់តាំងពី​ឆ្នាំ​២០១៤ ដោយ​ផ្តោតទៅលើ​ការអប់រំ​របស់​កុមារ​នៅ​តំបន់​ដាច់ស្រយាល ដោយមាន​ការចូលរួម​ពី​យុវជន​ស្មោះ​ចិត្ត តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម (Facebook, Instagram ជាដើម​)៕ 












ព័ត៌មានទាក់ទង