សម្ដេច​ឲ្យ​ព​ន្លឿ​ន​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​២

30/11/-0001 12:00 am កណ្តាល

​តាកែវ​៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ព​ន្លឿ​ន​គម្រោង​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​២ ខណៈ​ផ្លូវ​នេះ​ស្ថិតក្នុង​ផែនការ​ច្រើន​ឆ្នាំ​មកហើយ តែ​មិន​ចេញ​លទ្ធផល​ជាក់ស្ដែង​។ សម្ដេច​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ស្រុក​បាទី ខេត្តតាកែវ នៅ​ថ្ងៃទី​៧​ខែតុលា​នេះ​។​

 
​សម្ដេច ហ៊ុន សែន បាន​បញ្ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ព​ន្លឿ​ន​ការចរចា​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ឆាប់​បាន​សាងសង់​ផ្លូវជាតិ​លេខ​២​នេះ​ឡើងវិញ​។ សម្ដេច​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​និយាយ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​ព​ន្លឿ​ន​ការចរចា​ជាមួយ​ភាគី​សាធារណរដ្ឋ​កូរ៉េ​។ រឿង​ធ្វើ​ផ្លូវជាតិ​លេខ​២​នេះ គឺថា​យឺត​ជាងគេ​តែម្ដង រហូត​គេ​ធ្វើ​ដល់​ផ្លូវជាតិ​លេខ​៨ ផ្លូវជាតិ​លេខ​៩​អស់ហើយ ឯ​ផ្លូវជាតិ​លេខ​២​នេះ​នៅតែ​ដដែល​»​។ 
 
​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ការចរចា​គម្រោង​ផ្លូវជាតិ​លេខ​២​នេះ បានធ្វើ​ឡើង​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយៗ​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ដាក់​ឲ្យ​ដេញថ្លៃ​។ សម្ដេច​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​យ៉ាងដូច​នេះ​ថា​៖«​ជំរុញ​បន្តិច​ទៅ​មើល គម្រោង​នេះ​មិន​ចំណាយ​ច្រើន​ប៉ុន្មាន​ទេ តែ​ហេតុអ្វី​ដំណើរការ​យឺតយ៉ាវ​ម្ល៉េះ ព្រោះ​យើង​ត្រូវការ​អភិវឌ្ឍ​។ ខ្ញុំ​ហាក់​មិន​សប្បាយចិត្ត​ជាមួយ​ការ​យឺត​យ៉ាង​សាងសង់​ផ្លូវ​មួយ​នេះ​សោះ​»​។​
 
​គម្រោង​ស្ថាបនា​ឡើងវិញ​ផ្លូវជាតិ​លេខ​២​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​កាល​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧​ថា អាច​នឹង​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។  គម្រោង​នេះ​ត្រូវ​ផ្ដល់​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ​ក្នុង​ទឹកប្រាក់ ៥៦​លាន​ដុល្លារ​អាមេរិក ដោយ​គិត​ទាំង​ការចំណាយ​លើ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២២​ប្រវែង​៩​គីឡូម៉ែត្រ​ផងដែរ​។ ក្រសួង​បញ្ជាក់ថា ផ្លូវជាតិ​២​លេខ​នេះ​នឹងត្រូវ​សាងសង់​ចេញ​រង្វង់​មូល​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ដល់​រង្វង់​មូល​អូរ​ចំបក់ ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង​៥៧​គីឡូម៉ែត្រ​។  តាម​ផែនការ ផ្លូវជាតិ​លេខ​២​នេះ​ត្រូវ​ពង្រីក​ទទឹង​ដល់ ១៣​ម៉ែត្រ និង​មានការ​សង់ស្ពាន​ថ្មី​មួយចំនួន​។​
 
​ផ្លូវជាតិ​លេខ​២ សរសៃឈាម​មួយ​ដ៏​សំខាន់ ដូច​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ដែរ​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ទី​រួម​ខេត្តតាកែវ និង​ប្រទេស​វៀតណាម​សម្រាប់​ការដឹកជញ្ជូន​ទំនិញ និង​ពិសេស​ផ្លូវ​នេះ​បម្រើ​ឲ្យ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ ដែលមាន​ប្រជាជន​យ៉ាងច្រើន​កុះករ​។ ហើយ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​មួយ​នេះ កំពុងមាន​មាន​សក្ដានុពល​សម្រាប់​អ្នកវិនិយោគ​រោងចក្រ​កាត់ដេរ​។ រថយន្ត​ដឹក​កម្មករ​រាប់រយ​គ្រឿង បើកបរ​ដឹក​កម្មករ​-​កម្មការិនី​លើ​ដងផ្លូវ​មួយ​នេះ​៕
​ 

ព័ត៌មានទាក់ទង