ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គ្រោង​ប្រមូល​វិភាគទាន​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ការងារ​ជា​និរន្តរ៍​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គ្រោង​ប្រមូល​មូលនិធិ​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ទ្រទ្រង់​និរន្តរ៍ភាព​ការងារ លើ​ការដោះស្រាយ​បញ្ហា​កម្មករ និង​ថៅកែ​រោងចក្រ​។ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺជា​ស្ថាន​ប័ន​ជាតិ​ឯករាជ្យ​មួយ ដែលមាន​អំណាច​តា​ច្បាប់ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​។​

 
​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​ដោះស្រាយ​វិវាទ​រវាង​និយោជក និង​និយោជិត ដោយ​មិន​យកប្រាក់​កម្រៃ​ពី​គ្រប់ភាគី ហើយ​ប្រកាន់​គោលការណ៍​យុត្តិធម៌ និង​អ​ព្យា​ក្រិត​។ បច្ចុប្បន្ន ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​ប្រទេស​ផ្ដល់ជំនួយ​មួយចំនួន និង​ក្រុមហ៊ុន​បញ្ជា​ទិញ រួមទាំង​ក្រសួង​ការងារ ១០​ភាគរយ​។ 
 
​ដោយ​មើលឃើញ​ពី​ដំណើរការ​ជា​និរន្តរ៍ ទៅ​ថ្ងៃ​អនាគត​នៅ​រវាង​១​ឆ្នាំទៅ​៣​ឆ្នាំ​ខាងមុខ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គ្រោង​ប្រមូល​មូលនិធិ​ពី​ភាគ​គឺពាក់ព័ន្ធ ដើម្បី​គាំទ្រ​ការងារ​នេះ​បន្ត​។ លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​និយាយថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គ្រោង​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​៣ រួមមាន ក្រសួង​ការងារ និយោជក និង​និយោជិត ត្រូវ​ចូលរួម​វិភាគទាន ១​ភាគ​៣ ស្មើគ្នា​។ លោក ម៉ែន និម្មិត បញ្ជាក់ថា រាល់​ភាគី​ដែល​មក​ទទួល​សេវា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល មិន​ត្រូវបាន​បង់ប្រាក់​ក្នុងពេល​មករក​សេវា​ឡើយ តែ​ត្រូវ​បង់​វិភាគទាន​ជាប្រចាំ​ខែ ឬ​ប្រចាំឆ្នាំ​។ 
 
​លោក ម៉ែន និម្មិត បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​កម្មករ​ឬ​ថៅកែ​រោងចក្រ គាត់​បង់​វិភាគទាន​ជាប្រចាំ​ខែ ឬ​ប្រចាំឆ្នាំ​។ កម្មករ​ម្នាក់​បង់ប្រាក់​តែ​២,០០០ រៀល​តែប៉ុណ្ណោះ​។ វិភាគទាន​នេះ​ត្រូវ​បង់​ជា​ខែ​ឬ​ជា​ឆ្នាំ យើង​នឹង​ពិភាក្សាគ្នា​បន្តទៀត​»​។​
 
​លោក ម៉ែន និម្មិត បន្ថែមថា ថវិកា​មូលនិធិ​ដែល​ប្រមូលបាន​ពី​ភាគី​ទាំង​៣ ត្រូវ​ចំណាយ​ទៅលើ​ការបើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​ចំនួន​៣០​នាក់ ដែល​ធ្វើការ​ជាប្រចាំ​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​ឯកសារ​ផ្លូវច្បាប់​ថ្មីៗ  និង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជាប្រចាំ ដើម្បីឱ្យ​ការដោះស្រាយ​វិវាទ​កាន់​តែមាន​ប្រសិទ្ធភាព​។ 
 
​ក្រៅពីនេះ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ត្រូវ​ប្រើប្រាស់​ថវិកា​ចំណាយ​លើ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​ផ្សេងៗ ,​ព្រាង​សេចក្ដី​បង្គាប់​គាំទ្រ​ផ្នែក​បច្ចេកទេស​, សេចក្ដីប្រកាស​ថ្មីៗ និង​ចំណាយ​ទៅលើ​កិច្ចការរដ្ឋបាល​ទូទៅ​ផង​។​
 
 «​ពួកគាត់​(​ភាគី​ពាក់ព័ន្ធ​)​អាច​ទុកចិត្ត​លើ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន ព្រោះ​ប្រាក់ចំណូល​និង​ចំណាយ យើង​កត់ចូល​ក្នុង​បញ្ជី​ត្រឹមត្រូវ យើង​មាន​ប្រព័ន្ធគ្រប់គ្រង​ថវិកា​ច្បាស់លាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក និម្មិត ដែល​ប្រាប់​ឲ្យ​គ្រប់ភាគី​ទាំងអស់ តាមដាន​លើ​ការប្រើប្រាស់​ថវិកា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែល​គ្រោង​រៀបចំ​មូលនិធិ​ខាងមុខនេះ​។​
 
​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ស្នើ​ឲ្យ​សាធារណជន​គាំទ្រ​ផ្នែក​ស្មារតី ដោយ​ស្វែងយល់​ពី​សេវាកម្ម​ផ្ដល់ឱ្យ​កម្មករ​។ ជាពិសេស​គម្រោង​មូលនិធិ​សម្រាប់​ថ្ងៃ​អនាគត​នេះ​។​
​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺជា​ស្ថាន​ប័ន​ជាតិ​ឯករាជ្យ​មួយ ដែលមាន​អំណាច​សម្រេច​សេចក្ដី​ដូច​មានចែង​នៅក្នុង​ច្បាប់​ស្ដីពី ការងារ​របស់​ប្រទេស​កម្ពុជា​។ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៣ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ការងារ សមាគម​និយោជក និង​សហជីព​។ ក្រុម​នេះ​មានអំណាច​តាមច្បាប់ ដើម្បី​ជួយ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។
 
​ត្រូវបាន​បង្កើតឡើង​ដោយ​ឈរលើ​ស្មារតី ឯករាជ អ​ព្យា​ក្រិត ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​វិវាទ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ដោយ​សន្តិវិធី​និង​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ក្រុមប្រឹក្សា​នេះ​ដោះស្រាយ​វិវាទ​ដោយ​មិន​ទទួល​ប្រាក់់កម្រៃ​៕

ព័ត៌មានទាក់ទង