អ្នក​ស្រឡាញ់​បរិស្ថាន​ប្រមាណ​២០០០​នាក់​រីករាយ​ក្នុង «​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​» ដែល​រៀបចំ​ដោយ​សាលា​អេ​ស៊ី​អ៊ី​

30/11/-0001 12:00 am ភ្នំពេញ

​កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ ២០១៨ សាលា​អេ​ស៊ី​អ៊ី (ACE) បានរៀបចំ កម្មវិធី​រត់​ដើម្បី​បរិស្ថាន ប្រចាំឆ្នាំ​លើក​ទី​៣ (3rd ACE Annual Fun Run for the Environment) របស់ខ្លួន នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែលមាន​ការចូលរួម​ពី​សំណាក់ សិស្ស និស្សិត បញ្ញាវន្ត មន្ត្រីរាជការ បុគ្គលិក​ស្ថានទូត អត្ត​ព​លិ​ក និង​អ្នក​ស្រលាញ់​បរិស្ថាន ប្រមាណ ២០០០ នាក់​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ដោយ​សិស្សានុសិស្ស​សុ​ឆន្ទៈ​សាលា ACE និង​គណៈកម្មការ​កិច្ចការ​សង្គម IDP-ACE ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP-ACE បាន​លើកឡើងថា កម្មវិធី​រត់​ដើម្បី​បរិស្ថាន​នេះ​ពិត​ជាមាន​សារសំខាន់ និង​បាន​ចូលរួម​ក្នុង​កិច្ចការពារបរិស្ថាន​។ លោក​បាន​ថ្លែងថា ថវិកា​ដែល​បានមកពី​ការចូលរួម​របស់​សាធារណ​ជននេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​សាងសង់​បង្គន់​អនាម័យ នៅតាម​សាលា​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។ 


លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP-ACE

​លោកនាយក​រូបនេះ​បាន​រំឭក​ផងដែរ​ថា កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​១ ថវិកា​ដែល​ប្រមូលបាន យកទៅ​រៀបចំ​កម្មវិធី​ចូលរួម​ដាំ​ដើមឈើ កម្មវិធី​រត់​ដើម្បី​បរិស្ថាន​លើក​ទី​២ សម្រាប់​ទិញ​ធុងសំរាម​ចែកជូន​ដល់​សាលារៀន​មួយចំនួន​។​

​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការហាត់​ប្រាណ​ដើម្បី​សុខភាព និង​ការសម្អាត​បរិស្ថាន ក៏ដូចជា​ការផ្លាស់ប្តូរ​ឥរិយាបថ របស់​សាធារណជន​ចំពោះ​ការគ្រប់គ្រង​សំរាម​ដែល​ខ្លួន​បាន​បង្កើតឡើង​។ លោក​បាន​កោតសរសើរ​ចំពោះ​សិស្សានុសិស្ស​សុ​ឆន្ទៈ​សាលា ACE និង​គណៈកម្មការ​កិច្ចការ​សង្គម IDP-ACE ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​នេះ​ឡើង​។​


 លោក សុខសប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា
 
​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ និង​ប្រកបដោយ​មោទនភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការចូលរួម​របស់​យុវជន និង​សាធារណ​ជនជាតិ និង​អន្តរជាតិ​ក្នុង​កម្មវិធី​រត់​ដើម្បី​បរិស្ថាន​នៅពេលនេះ​គឺជា​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​នៃ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព តាមរយៈ​ការហាត់​ប្រាណ ហើយ​តាមរយៈ​សកម្មភាព​ទាំងនេះ នឹងចូលរួម​ចំណែក​ក្នុងការ​រៃអង្គាស​ក្នុង​យុទ្ធនាការ​អនាម័យ និង​បរិស្ថាន​ស្អាត​។​

 លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន
 
​លោក​បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​និរន្តរភាព លុះត្រា​យើងទាំងអស់គ្នា មាន​សុខ​ភាពល្អ និង​រស់នៅ​ក្នុងសង្គម​ដែលមាន​បរិស្ថាន​ស្អាត​ល្អ ។ លោក នេត្រ ភក្ត្រា ក៏បាន​បញ្ជាក់ថា បរិស្ថាន​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា ហើយ​ចាំបាច់​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​សម្អាត​អនាម័យ​បរិស្ថាន​។ លោក​ជឿជាក់ថា កម្មវិធី​រត់​ដើម្បី​បរិស្ថាន​នេះ នឹងត្រូវ​រៀបចំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ខាងមុខ​ទៀត និង​មាន​អ្នកចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែច្រើន ហើយ​គំនិត​នៃ​ការស្រឡាញ់​បរិស្ថាន និង​សុខភាព​នេះ​នឹងត្រូវ​ផ្សព្វផ្សាយ រីកសាយ​ភាយ​ទៅ​គ្រប់ទិសទី​។​
 
​កម្មវិធី​អេ​ស៊ី​អ៊ី រត់​ដើម្បី​បរិស្ថាន​ប្រចាំឆ្នាំ​លើក​ទី ៤ នឹង​ប្រារព្ធ​ធ្វើ​ទ្បើង​ជាថ្មី​ម្ដងទៀត នៅ​ឆ្នាំ​២០១៩  សូមកុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​នៅ​ឆ្នាំក្រោយ​!

​សម្រាប់​ព័ត៌មាន​បន្ថែម​៖ www.facebook.com/acecharitycambodia/ 










ព័ត៌មានទាក់ទង