លោក យន្ត មីន៖ ស្ថានភាពខេត្តព្រះសីហនុ ប្រៀបដូចជាផ្ទះ ដែលកំពុងសាងសង់បណ្ដើរ និងរស់នៅបណ្ដើរ
ព្រះសីហនុ៖ ក្រុមហ៊ុនចិនមួយ បានទទួលសិទ្ធសិក្សាលើគម្រោងវិនិយោគសួនឧស្សាហកម្មថាមពលថ្មី ដែលផ្ដោតទៅលើសម្ភារអគ្គិសនី នៅទឹកដីខេត្តព្រះសីហនុ។ អភិបាលខេត្ត ចាត់ទុកគម្រោងបោះទុនវិនិយោគជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ខេត្ត។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក ហើយស្ថានភាពវិនិយោគនេះ វាបានផ្ដល់ចំណុចវិជ្ជមាន និងអវិជ្ជមាន។ នេះជាការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន។
លោក យន្ត មីន ដែលបានមើលឃើញពីចំណុចទាំងនេះ បាននិយាយប្រៀបធៀបខេត្តព្រះសីហនុ ទៅនឹងផ្ទះដែលកំពុងសាងសង់ ហើយត្រូវការពេលវេលារៀបចំឲ្យបានស្អាត រួមទាំងការគ្រប់គ្រង។
តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានស្រង់សម្ដីលោក យន្ត មីន មកសរសេរដូច្នេះថា៖« ជាការកត់សំគាល់រយៈកាលពីរឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក។ សភាពបែបនេះ ទន្ទឹមនឹងមានចំណុចវិជ្ជមានច្រើនលើសលប់ តែក៏មានផលអវិជ្ជមានបន្តិចបន្តួចដែរ។ស្ថានភាពបែបនេះ លោក យន្ត មីន ប្រៀបប្រដូចទៅនឹងផ្ទះដែលកំពុងសាងសង់បណ្តើរនិងរស់នៅបណ្តើរ។តែទោះជាបែបនេះក្តីលោក អភិបាលខេត្តព្រះសីហនុ មានរំពឹងថាស្ថានភាពបែបនេះនឹងល្អប្រសើរឡើងគ្រាដែលអាជ្ញាធរដែនដីកំពុងពង្រឹងការរៀបចំគ្រប់គ្រងយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ»។

ការលើកឡើងរបស់លោក យន្ត មីន បែបនេះ នៅគ្រាដែលរដ្ឋបាលខេត្តបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនYunnan Hui He Group មកពីខេត្តយូណាន ប្រទេសចិន សិក្សាគម្រោងវិនិយោគសួនឧស្សហកម្មថាមពលថ្មីនៅខេត្តព្រះសីហនុ តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មខេត្ត។
លោក Mo Fei នាយកក្រុមហ៊ុនYunnan នេះ បាននិយាយថា ខេត្តព្រះសីហនុ ពិតជាមានសក្តានុពលនិងសក្តិសមបំផុត សម្រាប់សហប្រតិបត្តិការក្នុងការវិនិយោគនេះ ដែលអាចឲ្យក្រុមហ៊ុនលោក ប្រតិបត្តិការ បាននៅលើទឹកដីខេត្តព្រះសីហនុ។
បើតាមគម្រោង ក្រុមហ៊ុនចិននេះគ្រោងបង្កើតរោងចក្រផលិត ១. អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ , ២. អំពូលLED , ៣.សម្ភារៈអគ្គីសទំនើប SMART ENERGY ។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្ត ដែលបានបន្ថែមថា អាជ្ញាធរខេត្តព្រះសីហនុ កំពុងពិភាក្សាគ្នា ក្នុងការផ្ដល់ទីតាំងសាងសង់ឲ្យក្រុមហ៊ុន ដែលទំនងនៅក្នុងស្រុកព្រៃនប់ ។
ត្រង់ចំណុចនេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបន្ថែមថា៖«ស្វាគមន៍ចំពោះអ្នកវិនិយោគស្របច្បាប់ទាំងអស់មកពីគ្រប់បណ្តាប្រទេស ដែលចង់មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ក្នុងនាមរដ្ឋបាលខេត្ត នឹងការពារយ៉ាងគត់មត់ ដោយយកច្បាប់ជាគោល»។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ទីតាំង រួមមាន៖១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ,២.តំបន់សេដ្ឋកិច្ចពិសេស Adwood នៅស្រុកស្ទឹងហាវ , ៣.តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំងស្រុកព្រៃនប់ ,៤.តំបន់សេដ្ឋកិច្ចពិសេស ជា ជាង ដែលទើបបង្កើតថ្មីមួយទៀតនៅស្រុកព្រៃនប់ , ៥. តំបន់សេដ្ឋកិច្ចពិសេសកែវផុស។ នេះបើតាមរដ្ឋបាលខេត្ត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com