ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច​៖ អ្នក​និទានរឿង​ដែលមាន​ទេពកោសល្យ​ដ៏​កម្រ​

30/11/-0001 12:00 am ស្វាយរៀង

​ស្វាយរៀង​៖ ព្រឹទ្ធាចារ្យ​វោហារកោសល្យ​វ​ដ្ដី ពៀក ចា​ប៉ិច គឺជា​សិល្បករ​ដែលមាន​ទេពកោសល្យ​មួយរូប​ផ្នែក​និទានរឿង ឬ​ហៅ​ម្យ៉ាង​ទៀតថា​(​និទានរឿង​ល្ខោនបាសាក់​ទោល​)​។ ការនិទាន​រឿង​របស់​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច គឺអាច​ធ្វើ​សំឡេង​បាន​ច្រើន ដូចជា​សំឡេង​តួឯក​ប្រុស តួឯក​ស្រី តួ​ចាស់ ក្មេង ឥសី យក្ស និង​តួ​ផ្សេងៗ​ទៀត ព្រមទាំង​អាចធ្វើ​សំឡេង​ទ្រ​បាន​ផងដែរ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មិនសូវ​ជា​សម្បូរ​អ្នកមាន​ទេពកោសល្យ​ផ្នែក​នេះ​ច្រើន​ឡើយ​។ ក្រោយពី​មាន​លំហូរ​សិល្បៈ​ទំនើប​ហូរ​ចូល​ច្រើន ទីផ្សារ​និទានរឿង​ក៏​ធ្លាក់ចុះ​យ៉ាងគំហុក​។

 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
**audio1**
 
​ដៃស្ដាំ​កាន់​អន្លូង ដៃ​ឆ្វេង​ទំនង​កាន់​ចាន​ដាក់​បបរ​ដែល​សល់​ពីរ​បប​ប៉ុលពត ដើម្បី​ធ្វើជា​ឧបករណ៍​ភ្លេង​ជំនួស​ឱ្យ​ឧបករណ៍​ភ្លេង​ឡោ​ក្នុង​វង់ភ្លេង​បាសាក់ ដែល​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច យកមក​ជំនួយ​ដល់​ការ​និទានរឿង​របស់ខ្លួន​។ ក្រៅពី​ធ្វើ​សំឡេង​ទ្រ​ចេញពី​មាត់​របស់លោក ចាន​និង​អន្លូង​តែ​ពីមុខ​នេះ​ប៉ុណ្ណោះ ដែលជា​ឧបករណ៍​ជំនួយ​ដល់​ការ​និទានរឿង​ទាំងមូល​។​


 
​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច ត្រូវ​សម្ដែង​គ្រប់​តួ​ទាំងអស់ ក្នុង​សាច់រឿង​ទាំងមូល ដោយ​ត្រូវ​និទាន​បណ្ដើរ ហើយ​ដល់​វគ្គ​កូដទ្រ លោក​ក៏​ធ្វើ​សំឡេង​ទ្រ​ពី​មាត់​របស់ខ្លួន និង​គោះ​ចាន​បណ្ដើរ​ផង​។​
 
 សិល្បៈ​និទានរឿង​ល្ខោនបាសាក់​ទោល​នេះ មិនមាន​ការសម្ដែង​កាយវិការ​ដូច​ល្ខោនបាសាក់​វង់​ធំ​នោះទេ គឺ​អ្នក​និទាន​គ្រាន់តែ​អង្គុយ​នៅលើ​ឆាក​ផ្ទាល់​នឹង​កម្រាល​ក៏បាន ឬ​អង្គុយ​លើ​កៅអី​ក៏បាន​។​
 
​ទេពកោសល្យ​នៃ​ការប្រើ​សំឡេង​បាន​ច្រើន​របស់​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច មិនមែន​មនុស្ស​គ្រប់រូប​ចង់​ធ្វើ ហើយ​ចេះតែ​អាចធ្វើ​បាន​នោះទេ វា​ត្រូវការ​ទេពកោសល្យ​ពី​កំណើត​ផង និង​ការព្យាយាម​ខ្ពស់​ផងដែរ​។ ជាក់ស្ដែង​សិល្បករ ពៀក ចា​ប៉ិច បាន​ព្យាយាម​ហាត់រៀន​ជំនាញ​នេះ​តាំងពី​នៅ​កុមារ​ម្ល៉េះ​។ ហ្វឹកហាត់​ប្រើ​សំឡេង​បាន​ច្រើន​ហើយ តែ​ត្រូវ​ធ្វើយ៉ាងណា​បែងចែក​វា​ឱ្យដាច់​ដោយឡែក​ពីគ្នា ជា​កត្តា​សំខាន់​ដែល​អាច​ទាក់ទាញ​អ្នក​ស្ដាប់​បាន​។ 
 
​កាលពី​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ សិល្បៈ​និទាន​រឿងនេះ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ក្មេង​ចាស់​ប្រុស​ស្រី នៅតាម​បណ្ដា​ខេត្ត​នានា ប៉ុន្តែ​មកដល់​ពេលបច្ចុប្បន្ន ទម្រង់​សិល្បៈ​នេះ​ធ្លាក់ចុះ​អ្នកគាំទ្រ​យ៉ាងគំហុក​។​
 
​ស្ថិតក្នុង​វ័យ​៦៧​ឆ្នាំនេះ​ព្រឹទ្ធាចារ្យ​វោហារកោសល្យ​វ​ដ្ដី ពៀក ចា​ប៉ិច មាន​ជំនាញ​និទានរឿង ឬ​ហៅ​ម្យ៉ាង​ទៀតថា​(​និទានរឿង​ល្ខោនបាសាក់​ទោល​) ដែលមាន​សមត្ថភាព​ប្រើ​សំឡេង​បាន​ច្រើន ទាំង​ក្មេង ចាស់ ប្រុស ស្រី កុមារ តួឯក​ស្រី តួឯក​ប្រុស តួ​ឥសី តួយក្ស ធ្វើ​សំឡេង​ឧបករណ៍​ភ្លេង​ទ្រ  និង​អាចធ្វើ​សំឡេង​បាន​ច្រើន​ទៀត​។  
 
​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះ​មិនសូវ​ជា​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ប៉ុន្មាន​ទេ ជាហេតុ​នាំឱ្យ​មានកូន​ខ្មែរ​ជាច្រើន មិនដែល​បាន​ស្គាល់​និង​មិនដែល​បានឮ​។ កាលពី​អំឡុង​ឆ្នាំ​១៩៨០ ល្ខោន​នេះ​មានការ​គាំទ្រ​ច្រើន​ពី​អ្នកទស្សនា ដែល​លោក ពៀក ចា​ប៉ិច ថា​ពេល​សម្ដែង​ម្ដងៗ​មាន​អ្នក​ទៅ​មើល​ច្រើន​ដូច​ការសម្ដែង​ល្ខោនបាសាក់​វង់​ធំ​ដែរ​។ ចំណែក​អ្នក​ហៅ​ទៅ​បុណ្យ​ផ្សេងៗ នៅតាម​ខេត្ត​នានា​វិញ គឺ​ត្រូវ​កក់​ទុក​មុន​ច្រើន​ខែ​ទើបបាន ហើយ​តម្លៃ​សម្ដែង​ក៏​ឡើងជា​បន្តបន្ទាប់​ដែរ​។ «​គេ​ជួល​ដណ្ដើម​គ្នា​ដំបូង​។ ខ្ញុំ​យក​២០​រៀល ក្រោយ​ទៀត​៣០ ក្រោយ​ទៀត​អ្នក​ចង់ឱ្យ​ខ្ញុំ​ទៅ​សម្ដែង​គេ​ចេះតែ​ឱ្យ​ថ្លៃ​ច្រើនឡើង​រហូតដល់​៣០០​រៀល ខ្ញុំ​មិន​ទារ​ទេ​គេ​ជា​អ្នក​ឱ្យ ដើម្បី​បាន​ខ្ញុំ​ទៅ​។ ប្រាក់​ខ្មែរ​យើង​ហ្នឹង តែ​កាលពី​សម័យ​នោះ​លុយ​ថ្លៃ​៣០០​បាន​មាស​មួយ​ជី​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច​។​
 
​ប៉ុន្តែ​ងាក​មក​ពេលបច្ចុប្បន្ន​នេះ​វិញ ក្រោយពី​មាន​សិល្បៈ​ទំនើប​ចម្រុះ​ច្រើន ហើយ​មធ្យោបាយ​ទទួលបាន​ព័ត៌មាន​ទាំងនោះ​កាន់តែ​សម្បូរបែប ទម្រង់​សិល្បៈ​និទានរឿង​មួយ​នេះ កាន់តែ​ឃ្លាតឆ្ងាយ​ទៅៗ ពី​ជន​ប្រុស​ស្រី​។ សិល្បករ​រូបនេះ​បញ្ជាក់​៖ «​សម្បូរ​វីដេអូ​ទូរទស្សន៍​ច្រើនពេក គេ​មិនសូវ​ហៅ​ទៅ​ទេ​។ បើ​ចាប៉ី អា​យ៉ៃ ខាង​ក្រសួង​ហៅ​ទៅ​ខ្លះ​ចំណែក​ខ្ញុំ​អត់​សោះ​»​។​
 
​ត្អូញត្អែរ​ទាំងអស់​សង្ឃឹម ព្រឹទ្ធាចារ្យ ដែលមាន​ដើមកំណើត​នៅ​ខេត្ត​ស្វា​រៀង​រូបនេះ ថា​ដោយសារតែ​បញ្ហា​ទីផ្សារ​មិន​អំណោយផល កូនសិស្ស​របស់លោក​៧​នាក់​បាន​ឈប់រៀន និង​ទៅរក​ការងារ​ផ្សេង​ធ្វើ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ លោក​បន្ថែម​៖«​កូនសិស្ស​ខ្ញុំ​មាន​៧​នាក់ គេ​ខំរៀន​ដែរ តែ​ដល់​មើល​មិនមាន​ទីផ្សារ​គេ​ក៏​ឈប់​អស់ ទៅធ្វើ​ការ​សំណង់​បាន​ប្រាក់​ភ្លាម​វិញ​ទៅ​»​។ 
​ដំបូង​ឡើយ​ដើមហេតុ​ដែលនាំឱ្យ សិល្បករ ពៀក ចា​ប៉ិច ចាប់យក​ជំនាញ​និទានរឿង ក៏​ព្រោះតែ កាលពី​នៅ​អាយុ​១២​ឆ្នាំ លោក​កើត​ជំងឺ​ពិស​កុក​ដែល​បណ្ដាលឱ្យ​ពិការភ្នែក​ទាំងសងខាង​។ ដឹង​ខ្លួនឯង​ច្បាស់​ថា​មិនអាច​ធ្វើស្រែ​ចម្ការ​បាន​ដូចជា​អ្នកមាន​ភ្នែក​ភ្លឺ លោក​ក៏​ចាប់ផ្ដើម​ដាក់ចិត្ត​ដាក់​កាយ ប្រក​បរបរ​និទានរឿង​ល្ខោនបាសាក់​ទោល​នេះ​។ «​ការខ្វះខាត​គ្មាន​ដី​ធ្វើស្រែ​ច្រើន ខ្ញុំ​ក៏​បែប​គំនិត​ដើរលេង​បែបនេះ ព្រោះ​ធ្លាប់​ចេះ​ស្រាប់​ហើយ​។ កាល​នោះគេ​អញ្ជើញ​ទៅ​ច្រើន ព្រោះ​វា​មិនទាន់មាន​មេក្រូ​សម្បូរ គេ​ជួល​ទៅលេង​តាម​រោងបុណ្យ​»​។ លោក ពៀក ចា​ប៉ិច បញ្ជាក់​។​
 
​ស្ដាប់​ល្ខោនបាសាក់​តាម​វិទ្យុ និង​ឧ​គ្ឃោ​សន​សព្ទ ដែល​គេ​ចាក់​នៅតាម​រោងបុណ្យ ព្រឹទ្ធាចារ្យ រូបនេះ ក៏​រៀន​ធ្វើ​សំឡេង​តាម​បាន​គ្រប់​តួអង្គ​ទាំងអស់​ក្នុង​រឿង​។ អាច​និទានរឿង​បាន​តាំងពី​អាយុ​១២​ឆ្នាំ តែ​ក្នុងអំឡុង​ទសវត្សរ៍​ទី​៦០ ដល់​សម័យ​ប៉ុល​ពោត លោក​មិនទាន់បាន​បញ្ចេញ​សមត្ថភាព​នៅឡើយ​ទេ រហូតដល់​ឆ្នាំ​៨០​ទើប​លោក​បាន​ចេញទៅ​សម្ដែង​នៅតាម​រោងបុណ្យ​ផ្សេងៗ​។​
 
​ថ្លៃ​សម្ដែង​នៅ​ឆ្នាំ​១៩៨៥ គឺ​បានជា​អង្ករ និង​បាន​ប្រាក់រៀល មិន​ដល់​មួយរយ​រៀល​ផង​។ ទោះជា​ប្រាក់​កាលនោះ​ទទួលបាន​តិចក្ដី តែ​វា​មានតម្លៃ​ខ្ពស់​។ តម្លៃ​សម្ដែង​ចេះតែ​កើនឡើង​ពីមួយ​រោង​ទៅមួយ​រោង ព្រោះតែ​លោក​មិនមាន​ពេល​ទៅ​សម្ដែង​គ្រប់គ្រាន់ ជាហេតុ​នាំឱ្យ​ម្ចាស់ដើមបុណ្យ​ដែល​ចង់បាន​លោក​ទៅ​ពី​ធី​របស់ខ្លួន ក៏​ហ៊ាន​ឱ្យ​តម្លៃ​ថ្លៃ​ជាងគេ​។ 
 
​ក្រោយពី​បាន​ទៅ​សម្ដែង​នៅតាម​រោងបុណ្យ​ក្នុង​ខេត្ត​នានា ដូចជា​ក្នុង​ខេត្ត​កំណើត​របស់ខ្លួន នៅ​ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកំពង់ចាម ជាដើម​នោះ ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់លោក​កាន់តែ​ល្បីល្បាញ​។ មានកេរ្តិ៍ឈ្មោះ ព្រោះតែ​ទេពកោសល្យ​ដ៏​កម្រ​មាន​មួយ​នេះ សិល្បករ ពៀក ចា​ប៉ិច ក៏ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជ្រើសរើស​ឱ្យចូល ជា​មរតក​មនុ​ស្សរស់ ។​
 
​ទម្រង់​សិល្បៈ​ដែល​កម្រ​មាន​អ្នក​ស្គាល់ និង​កម្រ​មាន​អ្នកចេះ​មួយ​នេះ បាន​រក្សា​រឿងព្រេង​បុរាណ​ខ្មែរ និង​រឿង​សម័យ​ផងដែរ​។ តាម​ពិសោធន៍​ដែល​ធ្លាប់​សម្ដែង​នៅតាម​ខេត្ត​នានា លោក ចា​ប៉ិច សង្កេតឃើញថា​ការនិទាន​រឿងបុរាណ​មាន​អ្នក​ចូលចិត្ត​ច្រើន ជាង​រឿង​សម័យ​។ លោក ចា​ប៉ិច បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​រឿងព្រេង​មាន​ក្មេង​ចូលចិត្ត​ច្រើនជាង​រឿង​សម័យ ដូច​ថា​មាន​យក្ស មាន​សំឡេង​ស្រី​ស្អាត​អីចឹង​ទៅ​គេ​ចូលចិត្ត​»​។ 
 
​សិល្បករ​រូបនេះ​រម្លឹកថា កាលពី​នៅ​ក្មេង​លោក​អាច​ពត់​សំឡេង​បានល្អ​និង​ពីរោះ តែ​រហូតដល់​បច្ចុប្បន្ន ដោយសារតែ​វ័យ​កាន់តែ​ចាស់ សំឡេង​ក៏​មិនសូវ​បានល្អ​ដូច​ពីមុន​ដែរ​។ បច្ចុប្បន្ន​សិល្បករ​រូបនេះ​មិនមាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​ការនិទាន​រឿងនេះ​ទេ តែ​ទីផ្សារ​សម្ដែង​កាន់តែ​ខ្សត់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ស្របពេល​គ្មាន​ទីផ្សារ សព្វថ្ងៃ​ព្រឹទ្ធាចារ្យ​ដែលមាន​ទេពកោសល្យ​ដ៏​កម្រ​នេះ ទទួល​ប្រាក់​ពី​រដ្ឋ​ផ្ដល់ឱ្យ​ក្នុង​មួយខែ​៧០​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ ជា​ឯក​សម្រាប់​បន្សល់ទុក មរតក​មនុស្សរ​ស់រូប​នេះ បាន​ថត​រឿងនិទាន​ដាក់​ក្នុង​វិទ្យុ​អប្សរា បាន​២១​រឿង​ដែរ​។ បុរស​មាឌ​ស្ដើង​សម្បុរ​សណ្ដែកបាយ ដែលមាន​កូន​៦​នាក់​រូបនេះ មាន​ក្ដី​សង្ឃឹមថា​កូន​ទី​៣​របស់លោក អាច​នឹង​ស្នង​ទេពកោសល្យ​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច បញ្ជាក់បន្ថែម​៖«​មានកូន​ទី​៣​បាន​ទៅ​មហោស្រព​អាន​រឿងនិទាន និង​របាំ បានទទួល​បណ្ណ​សរសើ​រ​»៕
 

ព័ត៌មានទាក់ទង