ស​.​ស​.​យ​.​ក​៖ព្រឹត្តិការណ៍«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» នឹងធ្វើ​ឲ្យ​យុវជន​យល់​​ការលះបង់​របស់​អ្នក​ជំនាន់​មុន​

30/11/-0001 12:00 am ក្រចេះ

​​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៩​វិច្ឆិកា ដល់​ថ្ងៃទី ១ ធ្នូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ថ្មី​មួយ គឺ​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​រម្លឹក​ខួប​៤០​ឆ្នាំ នៃ​ការបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្ងៃទី ២ ធ្នូ ១៩៧៨​។ អ្នក​ចូលរួម​ក្នុងព្រឹត្តិការណ៍​នេះ នឹងធ្វើ​ដំណើរ​ថ្មើរជើង​រួមគ្នា ក្នុង​ចម្ងាយ​ផ្លូវ ៤០​គីឡូម៉ែត្រ ឆ្ពោះទៅ​ស្រុក​ស្នួល នៃ​ខេត្តក្រចេះ​។

«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ជា​ព្រឹត្តិការណ៍​ថ្មី​មួយ ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​ចេះ​រួបរួមគ្នា ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ជាពិសេស​ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​លើ​ចម្ងាយ​ផ្លូវ ៤០​គីឡូម៉ែត្រ​។ 
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា​៖ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ជា​ព្រឹត្តិការណ៍​មួយ ដែល​រៀបចំឡើង​ដើម្បី​រម្លឹក​ខួប​៤០​ឆ្នាំ នៃ​ការបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្ងៃទី ២ ធ្នូ ១៩៧៨​។ ខួប​នេះ នឹង​រម្លឹក​ដល់​ការតស៊ូ​របស់​យុវជន​ជំនាន់​មុន ជាពិសេស​ការចងចាំ​នូវ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​។ លោក ហ៊ុន ម៉ា​នី បន្ថែមថា ព្រឹត្តិការណ៍​នេះ នឹងធ្វើ​ឲ្យ​យុវជន​នឹកឃើញ និង​ស្រមើស្រមៃ​ពី​ការតស៊ូ​របស់​យុវជន​ជំនាន់​មុន ដែល​បាន​លះបង់​ដើម្បី​ប្រទេសជាតិ​។ 
 
​លោក សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​នៃ ស​.​ស​.​យ​.​ក បាន​បញ្ជាក់ថា ​ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្រ្ត» ​នេះ នឹង​បើកឱកាស​ដល់​យុវជន និង​មហាជន​ប្រមាណ ៥០០​នាក់ ដែលមាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​។ ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​រូបនេះ បន្តថា អ្នកចូលរួម​ត្រូវមាន​អាយុ​ចន្លោះ​ពី ១៨ ទៅ​៤៥​ឆ្នាំ មាន​កាយសម្បទា​រឹងមាំ មាន​សុខភាព​ផ្លូវចិត្ត​ប្រក្រតី គោរព​តាម​បទបញ្ជាផ្ទៃក្នុង​នៃ​ព្រឹត្តិការណ៍ ដោយ​ឆ្លងកាត់​ការវិនិច្ឆ័យ និង​ការសម្ភាស​ផ្ទាល់មាត់​ពី​ក្រុមការងារ​រៀបចំ​។​
 
​ព្រឹត្តិការណ៍​នេះ លើកទឹកចិត្ត​យុវជន​ទាំងអស់ ឲ្យ​មាន​សកម្មភាព​កសាង​ក្រុម​, ការដើរ​រួមគ្នា​, ការ​ចំអិន​អាហារ​រួមគ្នា​, ការបោះ​ជំរំ​, ការដុត​ភ្លើង​គប់ និង​ការបញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់ខ្លួន​។ ជាមួយគ្នានេះ ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​បែង​ចែកជា​ក្រុម ដោយ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​មួយ​ដែលមាន​ចម្ងាយ ៤០​គីឡូម៉ែត្រ​។ ការធ្វើដំណើរ​នេះ នឹង​ចំណាយ​ពេលវេលា​ប្រមាណ ២​ថ្ងៃ ១​យប់ និង មួយថ្ងៃ​ទៀត​សម្រាប់​ការបោះ​ជំរំ​នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ​។ 
 
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ អ្នកចូលរួម​ត្រូវ​បង់​វិភាគទាន​ចូលរួម​ចំនួន ១០​ដុល្លារ ដោយមាន​ប្រាក់​តម្កល់​ចំនួន ៩០​ដុល្លារ​បន្ថែម​។ ប្រាក់​តម្កល់ នឹង​ប្រគល់ជូន​អ្នកចូលរួម​វិញ ក្រោយ​ចប់​កម្មវិធី​ដរាបណា​អ្នកចូលរួម​ទាំងអស់​បាន​អនុវត្ត​ពេញលេញ​នូវ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​ព្រឹត្តិការណ៍​តាម​ការព្រមព្រៀង​។ ព្រឹត្តិការណ៍​នេះ ចាប់ផ្ដើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃនេះ តទៅ និង​ប្រកាស​លទ្ធ​ផលនៅ​សប្ដាហ៍​ទី ១​នៃ​ខែវិច្ឆិកា​៕
 

ព័ត៌មានទាក់ទង