អ្នកភូមិ​បាយដំរាំក្នុង​ខេត្តបាត់ដំបង​លក់​ក្រឡាន​ព្រោះ​មិនមាន​របរ​ផ្សេង​

30/11/-0001 12:00 am បាត់ដំបង

បាត់ដំបង​៖ អ្នកភូមិ​បាយដំរាំ​នៃ​ស្រុក​បាណន់​ក្នុង​ខេត្តបាត់ដំបង វិនិយោគ​ច្រើន​ទៅក្នុង​របរ​ដុត​ក្រឡាន​។ ពួកគេ​ត្រូវ​ទិញ​វត្ថុធាតុដើម​ទាំងអស់ តាំងពី​ឫស្សី​។ ផ្ទុយទៅវិញ អ្នកភូមិ​ទាំងនេះ​មិនបាន​បោះបង់​របរ​តែមួយគត់​ដែល​ពួកគេ​មាន​សម្រាប់​ចិញ្ចឹមជីវិត​នៅក្នុង​ភូមិ​។
 
​បើសិនជា​គេ​ធ្វើដំណើរ​ឆ្ពោះទៅ​ភ្នំ​បាណន់​ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ក្រុង​បាត់ដំបង នៅ​គីឡូម៉ែត្រ​ទី​១៥ គេ​នឹង​ទៅដល់​ភូមិ​បាយដំរាំដែល​សម្បូរ​ដោយ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី និង​ប្រក់​ក្បឿង និង​សម្បូរ​ទៅដោយ​ដើមឈើ​ហូប​ផ្លែ​។ នៅមុខ​ផ្ទះ​ខ្លះ មាន​រាន​តូច​ល្មម​ដែល​ម្ចាស់ផ្ទះ​អាចដាក់​តាំង​លក់​ក្រឡាន​បាន​។ អ្នកក្រុង​បាត់ដំបង​ប្រហែល​មិន​ភ្ញាក់ផ្អើល​នឹង​របរ​លក់​ក្រឡាន​របស់​អ្នកភូមិ​នេះ ដែលមាន​តាំងពី​ទស្សវត្សរ៍​៨០​មក​នោះឡើយ​។ អ្នកធ្វើដំណើរ​ឆ្លងកាត់ អាច​ឃើញ​ការលក់ដូរ​ក្រឡាន​ដែលជា​ផលិតផល​របស់​ខ្មែរ​បុរាណ​នេះ​មែន ប៉ុន្តែ​ពួកគេ​មិនបាន​ដឹងថា អាជីព​ដុត​ក្រឡាន​របស់​អ្នកភូមិ​បាយដំរាំនេះ កាន់តែ​ជួប​ការលំបាក​នោះឡើយ​។ ទន្ទឹមនឹង​ការចំណាយ​ថវិកា​ទិញ​អង្ករដំណើប សណ្តែក ដូង និង​ធ្យូង អ្នក​ដុត​ក្រឡាន​ត្រូវ​ស្វែងរក​ទិញ​ឫស្សី​ដែល​នៅ​ឆ្ងាយ​លើសពី​៥០​គីឡូម៉ែត្រ​ពី​ភូមិ​។​

 
 
​ទោះ​ស្តាប់​ឮថា​ជា​របរ​ដ៏​លំបាក ហើយ​ផ្តល់​ប្រាក់ចំណេញ​បន្តិចបន្តួច ប៉ុន្តែ​អ្នកភូមិ​៨​គ្រួសារ​ដែលជា​អ្នក​ប្រកប​របរ​ចាស់​យូរ​ឆ្នាំនេះ មិន​ព្រម​បោះបង់ចោល​ឡើយ​។​
​ស្ត្រី​លក់​ក្រឡាន​វ័យ​៣៥​ឆ្នាំ អ្នកស្រី ឆោម ឆ​វិ​ន បាន​ឆ្លើយ​ប្រាប់​អ្នកកាសែត​ថ្មីៗ​ភ្លាម​ថា អ្នកស្រី​មិនមាន​លទ្ធភាព​អាច​ប្រក​បរបរ​អ្វី​ផ្សេង​ទៀតឡើយ ក្រៅពី​ការដុត​ក្រឡាន​លក់​ដើម្បី​ចិញ្ចឹម​គ្រួសារ​នោះ​។​
 
​អ្នកស្រី ឆ​វិ​ន ដែល​កំពុងតែ​អង្គុយ​នៅក្នុង​រាន​លក់​ក្រឡាន ហើយ​កំពុង​សក​ក្រឡាន មាន​ពណ៌​ខ្មៅ​រោល​ដោយ​ផ្សែងភ្លើង​នោះ បាន​ត្អូញត្អែរថា របរ​លក់​ក្រឡាន​នេះ​បានផ្តល់​ប្រាក់ចំណេញ​តែ​២​ម៉ឺន​រៀល បើសិនជា​អ្នកស្រី​អាច​លក់​អស់​ក្រឡាន​ដែល​ធ្វើ​ពី​អង្ករដំណើប​៧​គីឡូក្រាម​។ ស្រី ឆ​វិ​ន បញ្ជាក់បន្ថែម​៖«​ចំណេញ​បាន​តិច​ណាស់ តែបើ​មិន​ធ្វើ​យើង​មិនមាន​មុខរបរ​អ្វី​ផ្សេង ប្រាក់ចំណូល​ក៏​អត់​ដែរ​»​។ 

 
 
​ការចំណាយ​ប្រាក់​ទិញ​អង្ករ និង​គ្រឿងផ្សំ​ជា​ចំណាយ​ដ៏​ធំ​មួយ​ហើយ ប៉ុន្តែ​ក្រុម​អ្នកលក់​ក្រឡាន​នៅ​ក្នុងភូមិ​បាយដំរាំ​នេះ ត្រូវ​ចំណាយលុយ​កាន់តែច្រើន​ដើម្បី​ទិញ​ឫស្សី ដែល​កាន់តែ​ខ្សត់ ហើយ​ថ្លៃ​។ ស្វាមី​របស់​អ្នកស្រី ឆ​វិ​ន តែង​បាន​ចំណាយ​ថវិកា​៤​ម៉ឺន​រៀល​ដើម្បី​ជួល​មនុស្ស​ម្នាក់​ក្នុង​មួយថ្ងៃ​ឲ្យ​កាប់​ឫស្សី ដែល​ម្ចាស់​ឫស្សី​ត្រូវ​លក់​មួយ​ដើម​ថ្លៃ​៥០០០​រៀល​ផ្សេងទៀត​។​
​នេះ​ពិតជា​ការងារ​ដ៏​លំបាក​បន្ថែមទៀត សម្រាប់​លោក រេ​ត ថេត ដែលជា​អ្នក​ដុត​ក្រឡាន​លក់​ម្នាក់ទៀត​នៅក្នុង​ភូមិ​។ លោក ថេត រអ៊ូ​ថា ពេលខ្លះ​ពេញ​មួយថ្ងៃ លោក​រក​ឫស្សី​មិនបាន សូម្បី​តែមួយ​ដើម​។​
 
ទោះជា​ត្រូវ​ផ្សងព្រេង​រក​ឫស្សី​បែបនេះ​ក្ដី តែ​អ្នកភូមិ​បាយដំរាំទាំងនេះ សុទ្ធតែ​មិន​ចង់​ដាំ​ដើម​ឫស្សី​លើដី​របស់ខ្លួន ព្រោះ​ពួកគេ​គិតថា​វា​ចំណាយពេល​យូរ​ឆ្នាំ​ទម្រាំ​បាន​ផល ហើយ​គុ​ម្ភ​ឫស្សី​អាចធ្វើឱ្យ​ដី​ខ្សោះ​ជីជាតិ​ផង​។  ឫស្សី​មួយ​ដើម​ថ្លៃ​៥,០០០​រៀល ឈ្នួល​កាប់​មួយថ្ងៃ​បួន​ម៉ឺន​រៀល​ក្នុង​ម្នាក់ ថែមបាយ​និង​ភេសជ្ជៈ​ផ្សេងទៀត លោក ថេត ត្រូវការ​មនុស្ស​ប្រមាណ​ពីរ​ទៅ​បីនាក់​ដើម្បី​កាប់​ឫស្សី​។ 
 
​ក្នុង​មួយថ្ងៃ​លោក ថេត អាច​រកប្រាក់​ចំណេញ​បាន​ពី​ការលក់​ក្រឡាន ប្រមាណ​៥​ម៉ឺន​រៀល ដោយ​ក្រឡាន​ធំជាងគេ មានតម្លៃ  ៣,៥០០​រៀល ហើយ​ក្រឡាន​ទំហំ​តូច​ត្រូវបាន​លក់​ក្នុងតម្លៃ​១​ពាន់​រៀល​។ ជាធម្មតា​ក្នុង​រដូវ​ភ្ជុំបិណ្ឌ លោក ថេត អាច​រកប្រាក់​ពី​ការលក់​ក្រឡាន​បាន​ប្រមាណ ២០០​ដុល្លារ​អាមេរិក​។ លោក ថេត បញ្ជាក់​៖ «​ថ្ងៃ​ធម្ម​តារៀង​ពិបាក​លក់​បន្តិច តែបើ​ពេល​មានបុណ្យ​ទាន​ដូចជា​ចូលឆ្នាំ​ឬ​ភ្ជុំ​លក់បាន​ច្រើន មួយថ្ងៃ​អាច​ដុត​ពី​ដង​។ របរ​នេះ​ពិបាក​ខ្លាំង​តែ​រក​ដើម​ឫស្សី​ទេ ពេលខ្លះ​រក​ដើម​ឫស្សី​មិនបាន​យើង​ក៏​អត់​អី​លក់​ដែរ​»​។ 

 
 
​ជា​អ្នក​ប្រកប​របរ​លក់​ក្រឡាន​មួយរូប​ទៀត​លោកតា វង្ស រេ​ត ដែល​ប្រក​បរបរ​នេះ​៤០​ឆ្នាំ​មកហើយ​នោះ ក៏បាន​បញ្ជាក់ថា​ក្រៅពី​លក់​ក្រឡាន លោកតា​គ្មាន​របរ​អ្វី​ផ្សេង​អំណោយផល​ដល់​លោកតា​ឡើយ​។ ស្បែក​មុខ​ជ្រីវជ្រួញ និង​មាន​ពា​ក់វែន​តា​ផង​នោះ លោកតា រេ​ត បាន​រៀបរាប់ថា កាលពី​សម័យមុន បុរស​រូបនេះ​យក​អុស​មក​ដុត​ក្រឡាន តែ​សម័យនេះ​គេ​យក​ធ្យូង​មក​ដុត​ជំនួស​វិញ ព្រោះ​វា​ងាយស្រួល​ប្រែ និង​មិន​ធ្វើឱ្យ​ឆាប់​ខ្លោច​។ ត្រូវ​លាង​អង្ករ​រហូត​ទៅដល់​៥​ទឹក មុន​យកទៅ​លាយ​គ្រឿង លោក រេ​ត ដែលមាន​ពិសោធន៍​ធ្វើ​ក្រឡាន​៤០​ឆ្នាំ​មកហើយ​នោះ ពន្យល់ថា ដើម្បី​ធ្វើ​ក្រឡាន​បាន​ឆ្ងាញ់​គេ​ត្រូវ​លាយ​គ្រឿង​កុំឱ្យ​ផ្អែម​ពេក​ឬ​ប្រៃ​ពេក​។ ការ​ថែ​ភ្លើង​ឱ្យនៅ​កម្ដៅ​ក្ដៅ​ល្មម ក៏​ជា​កត្តាចាំបាច់​ដែរ ដើម្បីឱ្យ​ក្រឡាន​ឆ្អិន​ល្អ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ 
 
​ស្ថិតក្នុង​វ័យ​៧៧​ឆ្នាំនេះ​រាល់ថ្ងៃ​លោកតា រេ​ត អាច​ត្រឹមតែ​អង្គុយ​សក​ក្រឡាន​ទុក​លក់​តែប៉ុណ្ណោះ ចំណែក​ការងារ​ផ្សេង​ទាក់ទង​នឹង​របរ​នេះ លោក​ត្រូវ​ជួល​គេ និង​ពឹង​លើ​កូន​។ ដ្បិត​មិនមាន​របរ​ផ្សេង​ក្ដី តែ​របរ​លក់​ក្រឡាន​នេះ​ក៏​អាចជួយ​ជីវភាព របស់លោក រេ​ត បាន​ខ្លះ​ដែរ​។ ពី​ដើមឡើយ​នៅ​ក្នុងភូមិ​បាយដំរាំ​នេះ​មានតែ​លោក រេ​ត ម្នាក់​ប៉ុណ្ណោះ ដែល​លក់​ក្រឡាន ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​គ្នាច្រើន​។ «​ពី​ដើម​លក់ដាច់​ច្រើន​ហើយក៏​ចំណេញ​ដែរ ព្រោះ​មានតែ​ខ្ញុំ​ម្នាក់​លក់ តែ​ឥឡូវ​មាន​គេ​លក់​ច្រើន ក៏​តឹង​ជាង​មុន​ដែរ​។ របរ​នេះ​មិន​ហត់​អី​ទេ ហើយ​ឥឡូវ​កូន​ខ្ញុំ​មួយចំនួនរ​ករបរ​នេះ​។ វា​បានតែ​ម៉ា​ហូប ហើយ​មិនបាច់​ចំណាកស្រុក​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វង្ស រេ​ត​។ 

 
 
​ជាធម្មតា​អ្នកធ្វើ​ក្រឡាន​ត្រូវ​ក្រោក លាយ​គ្រឿង​ក្រឡាន និង​ដុត​វា​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​ទៅ​ម៉ោង​ប្រាំ​ទាបភ្លឺ ដើម្បី​អាច​លក់​ទាន់​ពេលព្រឹក​។ គ្រឿង​ធ្វើ​ក្រឡាន មាន​អង្ករដំណើប​សុទ្ធ សណ្ដែក ដូង ស្ករ និង​អំបិល​។ គេ​ត្រូវ​លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​។ សម្រាប់​ដូង​គេ​ត្រូវ​ពូត​យក​ខ្ទិះ​ទៅ​លាយ ឬ​អាចដាក់​ទាំង​កាកដូង​ក៏បាន បន្ទាប់មក​គេ​យក​វា​ទៅ​ញាត់​ចូលក្នុង​បំពង់​ឫស្សី ហើយ​យក​វា​ទៅ​ដុត ក្នុង​កម្ដៅ​មធ្យម​។  ក្រោយពី​ដុត​រយៈពេល​មួយ​ម៉ោង​ទៅមួយ​ម៉ោង​កន្លះ ឬ​ពេលដែល​ឫស្សី​ប្រែ​ពណ៌​នោះ​វា​នឹង​ឆ្អិន​៕ 
 
 

ព័ត៌មានទាក់ទង