​អ្នកភូមិ​ពោធិ៍​រោង ស្រុក​គិរីវង់​ស្ងោរ​អន្សម​ដោយ​ដាក់​បន្លា​លើ​គម្របឆ្នាំង​ដើម្បី​រារាំង​អាប​​​​

30/11/-0001 12:00 am តាកែវ

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ បាននាំគ្នា​កាប់​បន្លា​ដំបងយក្ស ឬ​បន្លា​ផ្សេងៗ​យកមក​ដាក់​លើ​គម្រប​ឆ្នាំង​ស្ងោរ​នំអន្សម ជាមួយ​ជំនឿ​ថា ដើម្បី​ការពារ​អាប​លិ​ឌ​នំអន្សម​របស់​ពួកគេ​។ ជំនឿ​បែបនេះ ត្រូវបាន​ពលរដ្ឋ​ធ្វើ​តៗ​គ្នា​តាំងពី​ដូនតា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ នេះ​បើតាម​ការអះអាង​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​នេះ​។​
 
​អ្នកស្រី ប៉ុន សុភាព ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​និយាយថា រាល់ពេល​ស្ងោរ​នំអន្សម ឬ​ចំហុយ​នំគម​ម្តងៗ អ្នកស្រី​តែងតែ​កាប់​បន្លា​យកមក​ដាក់​លើ​គម្របឆ្នាំង ដើម្បី​ការពារ​នំ​អ្នកស្រី​ពី​អាប​លិ​ឌ និង​ស្ងោរ​ឆាប់​ឆ្អិន​។ ស្ត្រី​មេម៉ាយ​កូន​៤​រូបនេះ​បន្តថា បើសិន​អ្នកស្រី​មិន​ធ្វើ​ដូច្នេះ​ទេ វា​អាចធ្វើ​ឲ្យ​នំអន្សម ឬ​នំគម​អ្នកស្រី​ស្ងោរ​មិន​ងាយ​ឆ្អិន និង​ត្រូវការ​ចំណាយពេល​ច្រើន​ក្នុងការ​ចម្អិន​ជាដើម​។​
 
«​កាលពីមុន​ខ្ញុំ​ធ្លាប់​ជួប​ម្តង ដោយ​ខ្ញុំ​បានចាប់ផ្តើម​ស្ងោរ​នំអន្សម​របស់ខ្ញុំ តាំងពី​ពេលព្រឹក​រហូតដល់​ម៉ោង​១១​ទៅ​១២​យប់ តែ​នៅតែ​ឆ្អិន​មិនបាន​ល្អ ព្រោះ​ខ្ញុំ​ភ្លេច​ដាក់​បន្លា ហើយ​ខ្ញុំ​គិតថា ប្រហែល​ជាមាន​អាប​លិ​ឌ​ហើយ​មើលទៅ​។ តាំងពី​ពេលនោះ​មក រៀងរាល់​ស្ងោរ​នំអន្សម​ម្តងៗ ខ្ញុំ​តែងតែ​ប្រើ​កូន​ខ្ញុំ​ឲ្យ​កាប់​បន្លា​ដាក់​លើ​គម្របឆ្នាំង​ជានិច្ច​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី ប៉ុន សុភាព ពីបទ​ពិសោធ​ស្ងោរ​នំអន្សម​កន្លងមក​។ 
 
​ស្ត្រី​វ័យ​៦០​ឆ្នាំ​រូបនេះ​បន្តទៀតថា បើ​គេ​សង្ស័យ​បុគ្គល​ណា​ម្នា​ក់ថា ជា​អ្នកមាន​តំណពូជ​អាប​ដើរកាត់​មុខផ្ទះ​ដែល​កំពុង​វេច​នេះ គេ​ត្រូវ​ហៅ​បុគ្គល​នោះមក​ជួយ​វេច​នំ ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ នំ​របស់​អ្នកនោះ​នឹង​មិនមាន​បញ្ហា​អាប​លិ​ឌ​ឡើយ​។ ប៉ុន្តែ​បើ​គេ​មិនបាន​ហៅ​បុគ្គល​នោះ​ឲ្យ​ជួយ​វេច ឬ​ធ្វើ​កិច្ច​ផ្សេងៗ​នោះទេ នំអន្សម​នោះ​នឹងមាន​បញ្ហា​បើ​ស្ងោរ​មិនបាន​ដាក់​បន្លា​ពីលើ​។ ទោះបី​យ៉ាងនេះ​ក្តី ពលរដ្ឋ​នៅ​ភូមិ​នោះ​មិនដែល​ភ្លេច​នោះឡើយ រឿង​កាប់​បន្លា​ដាក់​លើ​គម្របឆ្នាំង​។ 
 
​អ្នកស្រី ប៉ុន សុភាព ដែល​ចេះ​វេច​នំ​ត​ពី​ម្តាយ តែងតែ​វេច​នំអន្សម​ជា​រៀងរាល់ឆ្នាំ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ទុក​ចែក​បងប្អូន​កូនក្មួយ ដែល​ទៅលេង​ស្រុកកំណើត​។ មិន​ត្រឹមតែ​វេច​សម្រាប់​ខ្លួនឯង​នោះទេ អ្នកស្រី​ថែមទាំង​ជួយ​វេច​នំ​ប្អូនស្រី​ទាំងពីរ​គឺ​អ្នកស្រី ប៉ុន សុភា និង​អ្នកស្រី ប៉ុន អ៊ូច ដែល​តែងតែ​យក​អង្គរ​មក​ផ្ញើ​ជាមួយ​អ្នកស្រី​ទៀតផង​។ ឆ្នាំនេះ​អ្នកស្រី សុភាព វេច​នំអន្សម​១០​គីឡូ​អង្គរ​ដំណើប ដែល​ស្មើនឹង​នំអន្សម​ជាង​១​ផ្លូន​។ 
 
​មិនមែន​មានតែ​គ្រួសារ​របស់​អ្នកស្រី ប៉ុន សុភាព នោះទេ ដែលមាន​ជំនឿ​ស្ងោរ​នំអន្សម​ដាក់​បន្លា​ពីលើ​នេះ សូម្បី​ប្រជាជន​ដទៃ​ក្នុងភូមិ​នេះ ក៏​អនុវត្ត​ដូច្នេះ​ដែរ​។ ទោះបី​មិនដែល​ឃើញ​អាប​ដោយផ្ទាល់​ភ្នែក ឬ​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ពី​បញ្ហា​នេះ​ក៏ដោយ តែ​ជំនឿ​បែបនេះ ត្រូវ​ពលរដ្ឋ​នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ ធ្វើ​តៗ​គ្នា​តាំងពី​ដូនតា​រហូតដល់​បច្ចុប្បន្ន​។ 
 
​ជំនឿ​ដាក់​ដាក់​បន្លា​ដើម្បី​ការពារ​អាប​នេះ មិន​ត្រឹមតែ​អនុវត្ត​លើ​ការ​ស្ងោរ​នំអន្សម​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​គេ​យកទៅអនុវត្ត​លើ​ការធ្វើ​ក្តួច ធ្វើ​នំគម ឬ​ធ្វើ​នំ​ផ្សេងៗ​ដែល​ប្រើ​ម្សៅ​ផ្អាប់​ជាដើម​៕

ព័ត៌មានទាក់ទង