អ្នកស្រី វា​នី រកចំណូលបាន​ជាង ១​ពាន់​ដុល្លារ​ក្នុង​មួយខែ ពី​ការបណ្តុះ​ផ្សិត​អំបោះ​លក់​

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ រយៈពេល​ជាង ២​ឆ្នាំ​ហើយ​ដែល​អ្នកស្រី ហម វានី និង​ស្វាមី ប្រកបមុខរបរ​បណ្តុះ​ផ្សិត​អំបោះ​លក់​។ ផ្សិត​អំបោះ​ដែល​ស្ត្រី​វ័យ​៤៦​ឆ្នាំ​រូបនេះ បណ្តុះ​បាន ភាគច្រើន​លក់​ឱ្យ​ម៉ូយ​របស់​អ្នកស្រី ដែល​ពួកគេ​យកទៅ​ធ្វើជា​ផ្សិត​បំពង​សម្រាប់​លក់ និង​ខ្លះទៀត​យកទៅលក់​នៅ​ផ្សារ​បាណន់ និង​ផ្សារ​នៅឯ​ក្រុង​បាត់ដំបង​។ ក្នុង​មួយខែ​អ្នកស្រី​អាច​រកចំណូលបាន​ពី​អាជីវកម្ម​មួយ​នេះ​ជាង ១​ពាន់​ដុល្លារ​។​


​នៅក្នុង​ភូមិ​បាណន់ មានតែ​គ្រួសារ​អ្នកស្រី វានី ប៉ុណ្ណោះ​ដែល​បណ្តុះ​ផ្សិត​អំបោះ​លក់​។ អ្នកស្រី ហម វានី និង​លោក យឿន ចាន់​ថៃ ដែលជា​ប្តី​ប្រពន្ធ​រស់នៅ​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បណ្តុះ​ផ្សិត​អំបោះ​ម្តង​ចំនួន ១​ម៉ឺន​ថង់​សម្រាប់​លក់​ឱ្យ​ម៉ូយ​របស់ខ្លួន​។​

​ដំណាក់កាល​នៃ​ការ​ច្រក​មេ​ផ្សិត​ដែល​បាន​លាយ​រួច អ្នកស្រី វានី ប្រាប់ ThmeyThmey 25 ថា ត្រូវ​ចំណាយ​ប្រាក់​ជួល​គេ​ច្រក​អស់​ជាង ១​លាន​រៀល និង​ជាង ៤០​ម៉ឺន​រៀល​ទៀត ចំណាយ​ទៅលើ​ជួល​អ្នក​ជញ្ជូន​មេ​ផ្សិត​ដែល​បាន​ច្រក​រួច​នោះ ទៅ​តម្រៀប​ជា​ជួរ​នៅក្នុង​រោង​បណ្តុះ​ផ្សិត​របស់​អ្នកស្រី​ដែល​នៅ​ខាងក្រោយ​ផ្ទះ​។​
 


«​ក្នុង​មួយថ្ងៃ​ខ្ញុំ​លក់​ផ្សិត​អំបោះ​នេះ​បាន​ចន្លោះ​ពី ១០ ទៅ ២០​ម៉ឺន​រៀល អាស្រ័យទៅលើ​ផ្សិត​ដុះ​បាន​ច្រើន ឬ​តិច​» នេះ​ជាការ​បញ្ជាក់​របស់​ស្ត្រី​វ័យ​៤៦​ឆ្នាំ​រូបនេះ មុននឹង​អ្នកស្រី​បន្តទៀតថា បើ​លក់​ទូទៅ​ផ្សិត ១​គីឡូក្រាម​តម្លៃ ៤​ពាន់​រៀល ប៉ុន្តែ បើ​លក់​ឱ្យ​ម៉ូយ ១​គីឡូក្រាម​ក្នុងតម្លៃ​ត្រឹមតែ ៣​ពាន់​រៀល​ប៉ុណ្ណោះ​។ ក្រៅពី​បណ្តុះ​ផ្សិត​លក់ នៅផ្ទះ​របស់​អ្នកស្រី ហម វានី ក៏មាន​លក់​មេ​ផ្សិត​ផងដែរ ដោយ​មួយកញ្ចប់​តម្លៃ ១​ម៉ឺន​រៀល​។ ជា​មធ្យម​គ្រួសារ​ដែលមាន​កូនប្រុស ២​នាក់​រូបនេះ​អាច​រក​ចំណូល​ពី​អាជីវកម្ម​បណ្តុះ​ផ្សិត​អំបោះ​លក់បាន​ប្រមាណ ១​ពាន់​ដុល្លា​ក្នុង​មួយខែ​។​
 


​ស្ត្រី​ដែល​បាន​រៀន​របៀប​បណ្តុះ​ផ្សិត​អំបោះ​ពី​បងប្អូន​របស់ខ្លួន​កាលពី​ជាង​២​ឆ្នាំមុន​រូបនេះ បាន​ពន្យល់​ពី​បច្ចេកទេស​បណ្តុះ​ផ្សិត​នេះ​យ៉ាង​ដូច្នេះ​ថា ធាតុ​ផ្សំ​របស់​វា​មានដូចជា ស្នូលពោត​, កំបោរ​, ម្សៅដំណើប​, អង្ករដំណើប និង​កន្ទក់​លាយ​បញ្ចូល ទើប​គ្នា​បង្កើតបានជា​មេ​ផ្សិត​។ គ្រឿងផ្សំ​ទាំងនេះ​អ្នកស្រី​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ម្តង​អស់​ប្រមាណ​១​ពាន់​ដុល្លារ​។ បន្ទាប់មក​ត្រូវយក​មេ​ផ្សិត​ដែល​បាន​លាយ​រួច​នោះ ច្រក​ដាក់​ក្នុង​ថង់​ផ្លា​ស្ទិ​ក ហើយ​យក​វា​ទៅ​តម្រៀប​តម្រួត​គ្នា​ជា​ជួរ​នៅក្នុង​រោង ដោយ​ត្រូវ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ទាំង​ការឱ្យ​ទឹក និង​ការគ្រប់គ្រង​សីតុណ្ហភាព​ជាដើម​។ 
 


​អ្នកស្រី ហម វានី បានបញ្ជាក់​ពី​រយៈពេល​នៃ​ការ​ទទួលផល​ផ្សិត​អំបោះ​នេះ​ថា ក្រោយពី​ច្រក​, តម្រៀប​ដាក់​ក្នុង​រោង និង​មើលថែ​វា​ក្នុង​រយៈពេល​មួយ​សប្តាហ៍ គឺ​ប្រមូល​ផល​បាន​ហើយ​។ ហើយ​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​លក់បាន​ម្តង​រហូតដល់​រយៈពេល ៦​ខែ ទើប​វា​ឈប់​ចេញ​។ ៦​ខែ​បន្ទាប់​អាជីវក​រូបនេះ​ត្រៀម​ផ្សំ​មេ​ផ្សិត​សម្រាប់​បណ្តុះ​វា​ម្តងទៀត​។​
 
​ដើម្បី​ទទួលបាន ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

 

ព័ត៌មានទាក់ទង