សម្តេច ស ខេង​៖ បើ​យើង មិន​ចង់បាន​ប្រជាធិបតេយ្យ មិនមែន​ប្រឹង​ចរចា​ពី​ឆ្នាំ​៩១ មក​ទេ

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ ធ្លាក់ចុះ​នោះទេ​។ ផ្ទុយទៅវិញ រដ្ឋមន្ត្រី​មហាផ្ទៃ បានដាក់​កំហុស​នេះ ទៅ​ឲ្យ​អតីត​គណបក្សប្រឆាំង​។

 
​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៦ នៅ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច ខេង បាន​រម្លឹក​គុណសម្បត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខិតខំ​ស្វែងរក​ការចរចា​ជាមួយ​ភាគី​ខ្មែរ​ដទៃ ចាប់តាំងពី​ឆ្នាំ​១៩៩១​មក ដើម្បី​បង្រួបបង្រួម​ជាតិ និង​កសាង​លទ្ធិប្រជាធិបតេយ្យ​។ អនុប្រធាន​គណបក្សកាន់អំណាច​រូបនេះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង មិន​ចង់បាន​ប្រជាធិបតេយ្យ សុខសន្តិភាព ការបញ្ចប់​សង្គ្រាម ការរួបរួម​ជាតិ និង​ការអភិវឌ្ឍ​ទេ យើង មិនចាំបាច់​ចរចា​ក៏បាន​ដែរ ពី​ឆ្នាំ​១៩៩១ មក​»​។ 
 
​លើសពីនេះ សម្តេច ស ខេង ក៏បាន​ទាញយក​ចំណុច​វិជ្ជមាន​ច្រើន​ទៀត មក​ធ្វើជា​ទឡ្ហីករណ៍ ដើម្បី​បង្ហាញថា រដ្ឋាភិបាល និង​គណបក្សកាន់អំណាច ពិតជា​ប្រឹងប្រែង​លើកកម្ពស់​ប្រជាធិបតេយ្យ​មែន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រៀបរាប់​បែបនេះ​ថា​៖«​យើង បើកចំហ​ឲ្យ​មាន​គណបក្សនយោបាយ​ជាច្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ  និង​អ្វីៗ​ទាំងអស់ ហើយ​មក​ថា​យើង​ហ្នឹង ធ្វើ​ឲ្យ​ថមថយ​លទ្ធិប្រជាធិបតេយ្យ មិនមែន​ទេ​»​។  
 
​បន្ទាប់ពី​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ សម្តេច ស ខេង ក៏បាន​ចោទ​ទៅវិញ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែលជា​អ្នក​មានបំណង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​អន្តរាយ​។ រដ្ឋមន្ត្រី​មហាផ្ទៃ លើក​អំណះអំណាង​ធំៗ​ចំនួន​ពីរ ដែល​បង្ហាញថា អតីត​គណបក្សប្រឆាំង ពិតជា​ចង់​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ 
 
​ទីមួយ អតីត​គណបក្សប្រឆាំង មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ ហើយ​ទី​ពីរ មាន​គម្រោង​ធ្វើ​បដិវត្ត​ពណ៌ និង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​មហាផ្ទៃ ដោយបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកឯង​ទេ ដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ អន្តរាយ គឺ​បំផ្លាញ​តែម្តង​។ អ៊ីចឹង កុំ​អួតថា​ខ្លួនឯង ជា​អ្នកប្រជាធិបតេយ្យ​»​។​
 
​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៦ គេ តែង​ឮ​អតីត​គណបក្សប្រឆាំង អះអាង​ជា​ដដែលៗ​ថា គណបក្សកាន់អំណាច បាន​ផ្លាញ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយសារតែ គណបក្សកាន់អំណាច បាន​ក្តោប​ក្កាប់​រដ្ឋសភា​តែម្នាក់ឯង​។ អតីត​គណបក្សប្រឆាំង បាន​ដើរ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦​នេះ មិនមាន​លក្ខណ​ស្របច្បាប់​ឡើយ ព្រោះ​កើតចេញពី​ការបោះឆ្នោត​ក្លែងក្លាយ​៕ 

ព័ត៌មានទាក់ទង