«ទឹកជ្រោះ៧ជាន់» ទើបរកឃើញនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៃខេត្តមណ្ឌលគិរី
«ទឹកជ្រោះដ៏ស្រស់ស្អាត»មួយកន្លែង ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នាខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោតដើរល្បាតព្រៃ ប្រទះឃើញកាលពីថ្ងៃទី២២ ខែកញ្ញានេះ។ ទឹកជ្រោះដែលសំងំលាក់ខ្លួននៅក្នុងព្រៃនេះ ត្រូវបានប្រជាសហគមន៍រស់នៅក្នុងតំបន់នោះដាក់ឈ្មោះថា «ទឹកធ្លាក់៧ជាន់»។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
«ទឹកធ្លាក់៧ជាន់» ជាតំបន់សក្ដានុពលទេសចរណ៍ថ្មីមួយ ដែលមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ «ទឹកធ្លាក់៧ជាន់» ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូរពោតដើរល្បាតព្រៃ ក៏ប្រទះឃើញនូវទេសភាពដ៏ស្រស់បំព្រង ដែលគួរជាទីគយគន់នៅក្នុងតំបន់នោះ។ ទឹកជ្រោះដែលមានឈ្មោះថា «ទឹកធ្លាក់៧ជាន់» នេះ មានចម្ងាយជាង ៥គីឡូម៉ែត្រពីស្នាក់ការអភិរក្សអូរពោត។
បើតាមទំព័រហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានលើកឡើងថា នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្បូរដោយតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសត្វព្រៃ។ ជាពិសេស មានថ្មភ្នំណាមលៀរផុសនៅចំកណ្ដាលព្រៃព្រឹក្សា និងទឹកជ្រោះដ៏ទាក់ទាញ។ លោក វុធ សារុំ បន្តថា ទឹកជ្រោះនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនទៅកម្សាន្តនៅទីនោះ។
គួរបញ្ជាក់ថា ភ្នំណាមលៀរ ស្ថិតក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា នៅភាគខាងជើងក្រុងសែនមនោរម្យនៃទីប្រជុំជនខេត្តមណ្ឌលគិរី ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com