សម្ដេច ស ខេង ៖ កម្ពុជានៅតែត្រូវការជំនួយដ៏ស្មោះសរ ពីអន្តរជាតិ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ
កំពត៖ កម្ពុជា នៅតែត្រូវការជំនួយដ៏ស្មោះសរ ពីសហគមអន្តរជាតិ សម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោតបន្តទៀត។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខេត្តកំពត កាលពីថ្ងៃទី២២ កញ្ញា។
ថ្លែងចំពោះមុខមន្ត្រីរៀបចំការបោះឆ្នោត និងសមាជិក-សមាជិកាបក្ស សម្ដេច ស ខេង បានលើកពីចំណុចអវិជ្ជមាន និងវិជ្ជមាន នៃការបោះឆ្នោតនៅកម្ពុជា។ ចំណុចអវិជ្ជមាននោះ ត្រូវបានសម្ដេច ស ខេង លើកយកពីសកម្មភាពនៃការរារាំងពលរដ្ឋបោះឆ្នោត តាមរយៈពាក្យសម្តី និងការធ្វើយុទ្ធនាការម្រាមដៃស្អាត។ ជាពិសេសបញ្ហាសន្លឹកឆ្នោតអត់បានការច្រើន ដែលកើតចេញពីការអំពាវនាវរបស់អ្នកនយោបាយ។
ចំណែកចំណុចវិជ្ជមានវិញ គឺកម្ពុជា បានរៀបចំការបោះឆ្នោតប្រកបដោយភាពជោគជ័យ ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដែលមានប្រជាពលរដ្ឋបោះឆ្នោតជិត៨៣ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតសរុបជាង៨លាននាក់។ ចំនួនអ្នកបោះឆ្នោតច្រើននេះ ក៏បង្ហាញពីលទ្ធិប្រជាធិបតេយ្យកម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្រាប់សម្ដេច ស ខេង ការបោះឆ្នោតនៅកម្ពុជា នឹងមិនអាចប្រព្រឹត្តទៅដោយល្អបានទេ បើសិនជាការជំនួយ និងការជួយគាំទ្រពីសហគមអន្តរជាតិ ។ «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា យើងខ្ញុំនៅតែមានតម្រូវការ នូវការគាំទ្រខាងបច្ចេកទេស និងហិរញ្ញវត្ថុ មធ្យោបាយ សម្ភារ ប្រកបដោយភាពស្មោះសរ ពីសហគមអន្តរជាតិ និងប្រទេសជាមិត្តភក្តិ សម្រាប់ដំណើរការបោះឆ្នោតជាបន្តទៀត»។ នេះលើកឡើងរបស់សម្ដេច ស ខេង ដែលបានបញ្ជាក់ថា ជំនួយបរទេសកន្លងមក បានជួយដល់ដំណើការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសង្គមកម្ពុជា។
ការបោះឆ្នោតនៅកម្ពុជាកន្លងមក មានប្រទេសមហាអំណាចពីរនៅតំបន់អាស៊ី គឺជប៉ុន និងចិន ដែលជួយទ្រទ្រង់ដល់ការបោះឆ្នោត ក្រោយពីខាងសហភាពអឺរ៉ុប និងអាមេរិក ប្រកាសឈប់ផ្ដល់ជំនួយ ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស និងគាបសង្កត់គណបក្សនយោបាយបក្សប្រឆាំង ដែលនាំឲ្យការបោះឆ្នោតនេះ មិនសេរី និងអយុត្តិធម៌។
រដ្ឋាភិបាលចិន បានផ្ដល់សម្ភារបច្ចេកទេសការិយាល័យចំនួន៣០មុខដល់ គ.ជ.ប ដែលមានទឹកប្រាក់ប្រមាណ២០ដុល្លារអាមេរិក ខណៈដែលជប៉ុន បានជំនួយហិបឆ្នោតជាច្រើន ដែលមានទឹកប្រាក់ជាង៧លានដុល្លារអាមេរិក។ ក្រៅពីនេះជប៉ុន ក៏បានផ្ដល់ជំនួយបច្ចេកទេស និងអ្នកជំនាញរៀបចំការបោះឆ្នោត តាំងពីដើមនីតិកាលទី៦ រហូតដល់បញ្ចប់ការបោះឆ្នោត ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជំនួយបច្ចេកទេសរបស់ជប៉ុន ពិតជាមានគុណភាពខ្ពស់ ដែលបានផ្ដល់ទំនុកចិត្ត ដល់ប្រជាជនកម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលបានបន្ថែមថា រដ្ឋាភិបាលពេញចិត្ត និងបច្ចេកទេសបោះឆ្នោតរបស់ភាគីជប៉ុន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com