ខេត្តស្វាយរៀង នឹងមានរោងចក្រកែច្នៃសំរាម ឲ្យទៅជាសម្ភារផ្សេងៗ
ក្រុមហ៊ុនកែច្នៃសំរាមរបស់ជប៉ុន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) គ្រោងនឹងសាងសង់រោងចក្រកែច្នៃសំរាមក្នុងខេត្តស្វាយរៀង។
ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD របស់ជប៉ុន ជាអ្នកទទួលការសាងសងរោងចក្រកែច្នៃសំរាមទៅជាសម្ភារសំណង់ និងគ្រឿងសង្ហារិម។ គម្រោងនេះ ក៏មានផ្ដល់ជូនរថយន្តដឹកសំរាមផងដែរ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអរគុណក្រុមហ៊ុនដែលបានជ្រើសរើសការវិនិយោគនៅក្នុងខេត្តស្វាយរៀង ហើយលោក នៅតែបន្តសហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះសម្រេចបានលទ្ធផលជោគជ័យ ១០០ភាគរយ។
បើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់បែបនេះថា៖«មិនត្រឹមតែបានផ្ដល់ការងារបន្ថែមជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណទីក្រុង រួមទាំងគាំទ្រទៅដល់ផែនការរបស់រដ្ឋបាលខេត្ត ក្នុងការជំរុញលទ្ធភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ»។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ដែលទទួលបន្ទុកក្នុងកិច្ចការនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា គម្រោងសាងសង់ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅអំឡុងខែ៤ ឆ្នាំ២០១៩ លើផ្ទៃដី៥ហិតា ដែលស្ថិតក្នុងក្រុងស្វាយរៀង។ លោក បន្ថែមថា ពោះទំហំទឹកប្រាក់ក្នុងការចំណាយលើគម្រោងសាងសង់រោងចក្រ មិនទាន់មានកាសិក្សាលម្អិតនៅឡើយទេ ព្រោះនឹងមានជំនួបរវាងភាគីពាក់ព័ន្ធជាលើកទីពីរបន្តរទៀត។
លោក ក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ឲ្យចួលរួមក្នុងការថែរក្សាបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមហ៊ុនក្នុងការប្រមូល។
លោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បានអរគុណទៅវិញចំពោះអភិបាលខេត្តស្វាយរៀង ដែលតែងតែគាំទ្រ និងសហការជាមួយក្រុមហ៊ុនរបស់លោក។ លោក បញ្ជាក់ថា ព្រោះតែកិច្ចសហការគាំទ្រពីគណៈអភិបាលខេត្ត ទើបក្រុមហ៊ុនរបស់លោក ឈានមកដល់សម្រេចលទ្ធផលបែបនេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com