ត្រដក់​តូច​៦​សំបុក​ប្រទះឃើញ​លើកដំបូង នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

30/11/-0001 12:00 am មណ្ឌលគីរី

​ភ្នំពេញ​៖ ត្រដក់​តូច​ចំនួន​៦​សំបុក ដែល​បង្ក​កំណើត  ត្រូវបាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ប្រទះឃើញ​ជា​លើកដំបូង នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ត្រដក់​តូច ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​សត្វ​ងាយ​នឹងរង​គ្រោះ​ជិត​ផុត​ពូជ​នៅលើ​លោក​។ សត្វ​ត្រដក់​តូច មាន​មាឌធំ មាន​កម្ពស់​រហូតដល់​១៣០​សង់ទីម៉ែត្រ ហើយ​មាន​ស្លាប​សងខាង​ប្រវែង​២​ម៉ែត្រ​។

 
​ក្រុម​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​តាមដាន​របស់​អង្គការ​WCS បាន​រកឃើញ​សត្វ​ត្រដក់​តូច​ចំនួន​៦​សំបុក ដែលជា​ប្រភេទ​សត្វ​ចូលចិត្ត​ធ្វើ​សំបុក​ពង​កូន ជា​បណ្តុំ​ជិតគ្នា​នៅ​ដើមឈើ​ខ្ពស់ៗ ដែលជា​ប្រភេទ​ព្រៃ​ល្បោះ និង​ព្រៃស្រោង​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WCS នៅ​ថ្ងៃទី​១៧ ខែកញ្ញា នេះ​ជា​លើកដំបូង​ហើយ ដែល​ក្រុមការងារ​រកឃើញ​សំបុក​នេះ​នៅ​ប្រទេស​កម្ពុជា ទោះបី​សត្វ​ត្រដក់​តូច​នៅលើ​សាកលលោក មាន​ប្រមាណ​ជាង​១​ម៉ឺន​ក្បាល​ក៏ដោយ ក៏​កំពុងមាន​ការធ្លាក់ចុះ ដោយសារ​មានការ​បរបាញ់ ការបំពុល និង​បរិភោគ​សាច់​ព្រៃ​។ 



​លោក សូត្រ វ៉ាន់​ឌឿ​ន អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​ស្វែងរក​សត្វ​ត្រដក់​តូច ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​និយាយថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​ជាទី​ជម្រក​ដ៏​សំខាន់ ដែលមាន​ព្រៃ​ល្បោះ ព្រៃស្រោង វាលស្មៅ ត្រពាំង អូរ និង​ចំណីអាហារ​សម្រាប់​ឲ្យ​សត្វ​ត្រដក់​តូច អាច​បង្ក​កំណើត​។ លោក​បន្តថា បច្ចុប្បន្ន មាន​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃឈើ បាន​បង្ក​ជា​គំរាមកំហែង និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជម្រក សំបុក​ពង​កូន​របស់​វា​នៅ​រដូវ​ពង​កូន​។ លោក វ៉ាន់​ឌឿ​ន ប្តេជ្ញាចិត្ត​ថា នឹង​ការពារ​ទីជម្រក​ពង​កូន​នេះ ដើម្បី​ធានា​ដល់​ការរស់នៅ​នៃ​សត្វ​កម្រ​មួយ​នេះ​។ លោក វ៉ាន់​ឌឿ​ន បញ្ជាក់​បន្ថែមថា​៖ «​យើង​នឹង​បន្ត​ស្វែងរក​សំបុក​ត្រដក់​តូច និង​ធ្វើការ​រួមគ្នា​ជាមួយ​សមាគម ជាពិសេស​មន្ទីរ​បរិស្ថាន​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ការពារ​សំបុក​របស់​វា​»៕
 


ព័ត៌មានទាក់ទង