ជើងឯកពិភពលោកនារី៖ ស្រួង ភាវី ទទួលបានមេដាយសំរឹទ្ធស្ទួន

កីឡាការិនី ស្រួង ភាវី ទទួលបានមេដាយសំរឹទ្ធស្ទួន នាព្រឹត្តិការណ៍ប្រកួត 3-Cushion - World Championship Ladies នៅប្រទេសទួកគី ក្រោយចាញ់កីឡាការិនីជប៉ុន Orie Hida នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកម្ចាស់ជើងឯកបានទៅលើកីឡាការិនីហូឡង់ Therese Klompenhouwer ក្រោយយកឈ្នះកីឡាការិនី Orie Hida នៅវគ្គផ្តាច់ព្រ័ត្រ។

អ្នកលេងស្នូកឃ័រនិងប៊ីយ៉ាកីឡាការិនី ស្រួង ភាវី មិនអាចស្វែងរកមេដាយមាសពីការប្រកួតប៊ីយ៉ាបីទ្រនាប់ជើងឯកពិភពលោកនារី(3-Cushion - World Championship Ladies)នៅប្រទេសតួកគីនោះឡើយ សម្រាប់ការប្រកួតតំណាងឲ្យកម្ពុជា ជាលើកដំបូង។ កីឡាការិនីវ័យ២៨ឆ្នាំរូបនេះ បានអស់ឱកាសឡើងប្រជែងដណ្តើមជើងឯក បន្ទាប់ពីនាងចាញ់កីឡាការិនីវ័យ៤៣ឆ្នាំជប៉ុន Orie Hida ក្នុងលទ្ធផល ៣០-១០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

តាមរយៈលទ្ធផលនេះ ស្រួង ភាវី ទទួលបានមេដាយសំរឹទ្ធស្ទួនជាមួយកីឡាការិនីម្ចាស់ផ្ទះទួកគី Gülsen Degener ដែលចាញ់កីឡាការិនីហូឡង់ Therese Klompenhouwer ក្នុងលទ្ធផល ៣០-២២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ កីឡាការិនីហូឡង់ Therese Klompenhouwer បានក្លាយជាម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍នេះ ក្រោយយកឈ្នះកីឡាការិនី Orie Hida ក្នុងលទ្ធផល ៣០-២៤ នៅវគ្គផ្តាច់ព្រ័ត្រ។

មុនឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាការិនី ស្រួង ភាវី បានទម្លាក់កីឡាការិនីកូឡុំប៊ី Claudia Lalinde នៅវគ្គ៨នាក់ចុងក្រោយក្នុងលទ្ធផល ៣០-១៦ និងបានយកឈ្នះគូប្រកួតជាបន្តបន្ទាប់នៅវគ្គជម្រុះពូល A ក្នុងនោះឈ្នះកីឡាការិនីជប៉ុន Orie Hida ២៥-២៤, កីឡាការិនីដាណឺម៉ាក Jeanette Jensen ២៥-៧ និងកីឡាការិនីដាណឺម៉ាក Steffi Daske ២៥-១១។
កីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ ស្ថិតនៅលេខ៣ក្នុងចំណាត់ថ្នាក់ពិភពលោកប្រចាំព្រឹត្តិការណ៍ 3-Cushion - World Championship Ladies 2018 នៅប្រទេសទួកគី និងស្ថិតនៅលេខ២ ប្រចាំព្រឹត្តិការណ៍ 3-Cushion - Jennifer Shim International 2015 នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

