សហរដ្ឋអាមេរិក​ផ្តល់​មូលនិធិ​ដើម្បី​ជួសជុល​ប្រាសាទព្រះវិហារ​

30/11/-0001 12:00 am ព្រះវិហារ

​សៀមរាប​៖ សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានប្រកាស​ពី​មូលនិធិ​សម្រាប់​អភិរក្ស​ប្រាសាទព្រះវិហារ​។ មូលនិធិ​នេះ នឹង​ផ្តោតលើ​ការងារ​ជួសជុល​ជណ្ដើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ​។​
 
​លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​ព្រះវិហារ អំពី​ការចាប់ផ្តើម​ការងារ​ជួសជុល​ប្រាសាទព្រះវិហារ​តាមរយៈ​ភាគី​ប្រទេស​ចិន​។ ចិន​បានបញ្ចប់​ការសិក្សា​ស្រាវជ្រាវ​នៅ​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ ដើម្បី​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការផ្តើម​ជួសជុល​ប្រាសាទព្រះវិហារ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២០ កញ្ញា លោក គឹម សេ​តារា បានឱ្យដឹង​ទៀតថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សហរដ្ឋអាមេរិក​ក៏បាន​សម្រេច​ផ្តល់​មូលនិធិ​ប្រចាំឆ្នាំ​ចំនួន ២០​ម៉ឹ​ន​ដុល្លារ សម្រាប់​ការអភិរក្ស​ប្រាសាទព្រះវិហារ​ផងដែរ​។ លោក សេ​តារា បញ្ជាក់ថា មូលនិធិ​នេះ​អាចមាន​រយៈពេល​៣​ឆ្នាំ ដោយ​ផ្តោតលើ​ការជួសជុល​ជណ្ដើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ​។​
 
​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​និយាយ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ អាយ​ស៊ី​ស៊ី​-​ព្រះវិហារ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ថា ប្រាសាទព្រះវិហារ​ជាទី​តាំង​បុរាណវិទ្យា​មួយ​ដែល​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​សម្រាប់​ការងារ​អភិរក្ស ហើយ​រីករាយ​ក្នុង​ការជួយ​ការងារ​ទាំងនេះ​ជាមួយ​កម្ពុជា​។ 
 
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា តាមពិតទៅ សហរដ្ឋអាមេរិក​មិនមែន​ទើបតែ​ជួយ​ការងារ​ទាក់ទង​នឹង​វិស័យ​វប្បធម៌​តែ​នៅ​ប្រាសាទព្រះវិហារ​នេះ​ទេ​។ អាមេរិក​បាន​ជួយ​សាងសង់​សារមន្ទីរ​មួយ​នៅ​ខេត្តតាកែវ និង​បាន​ជួយ​ធ្វើ​ផែនទី​ហានិភ័យ​នៅ​គ្រប់​ប្រាសាទ​ទាំងអស់​នៅ​កម្ពុជា​។​ល​។​
 
​គួររម្លឹកថា កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤ របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ នៅ​ឆ្នាំនេះ​ផ្តោតលើ​ការងារ​ពិភាក្សា​អំពី​ការងារ​កំណាយ​បុរាណ​ប្រព័ន្ធ​បង្ហូរទឹក​ប្រាសាទព្រះវិហារ ការរៀបចំ​ទីតាំង​បដិសណ្ឋារកិច្ច ការរៀបចំ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាសាទព្រះវិហារ និង​កោះកែរ​។​ល​។ សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ មាន​ចិន និង​ឥណ្ឌា និង​មានការ​ចូលរួម​ពី​សមាជិក​ចំនួន​៦​ទៀត មាន​ប៊ែ​ក​ហ្សិ​ក បារាំង ជប៉ុន សាធារណរដ្ឋ​កូរ៉េ ថៃ និង​សហរដ្ឋអាមេរិក​៕
 

ព័ត៌មានទាក់ទង